វិភាគ៖ តើអ្នកនយោបាយកំពូលៗកំពុងខ្វល់ខ្វាយតែរឿងចុច Like ហ្វេសប៊ុកជាងរឿងជាតិ?

ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

តាំងពីមានបណ្តាញសង្គមហ្វេសប៊ុកមកប្រជាពលរដ្ឋជាទូទៅបាននាំគ្នាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងសង្គម ខណៈដែលកាសែត វិទ្យុ និងទូរទស្សន៍មួយចំនួនមិនបានរាយការណ៍។

អ្នកខ្លះក៏បានប្រើប្រាស់ហ្វេសប៊ុកដើម្បីរកប្រាក់ចំណូល ខណៈអ្នកនយោបាយក៏បានប្រើប្រាស់ហ្វេសប៊ុកដើម្បីទាក់ទាញប្រជាប្រិយភាព។

គណបក្សប្រឆាំងធំជាងនៅកម្ពុជាដែលបានសំឡេងឆ្នោតគាំទ្រកើនជិតទ្វេដង កាលពីពេលបោះឆ្នោតជាតិឆ្នាំ២០១៣នោះ អ្នកឃ្លាំមើលការបោះឆ្នោតគិតថាកំណើននេះដោយសារតែយុវជនភាគច្រើនប្រើប្រាស់ហ្វេសប៊ុកជួយឃោសនាឲ្យគណបក្សសង្រ្គោះជាតិ។ កាលណោះ គណបក្សប្រជាជនកម្ពុជាដែលជាម្ចាស់ខ្សែក្រវ៉ាត់គឺហាក់មើលរំលងពីសារប្រយោជន៍នៃបណ្តាញសង្គមហ្វេសប៊ុក ដោយអាងតែខ្លួនមាន វិទ្យុ កាសែត និងទូរទ្សន៍ រាប់សិបស្ថាប័នចាំជួយឃោសនា។

ទោះជាយ៉ាងណា ក្រោយការបាត់បង់អស់២២អាសនៈនៅក្នុងរដ្ឋសភា គណបក្សកាន់អំណាចជាង៣០ឆ្នាំមកនេះ បានងាកទៅប្រើហ្វេសប៊ុក ដើម្បីឃោសនាគោលនយោបាយរបស់ខ្លួនដែរ។

លោក ហ៊ុន សែន ដែលបានប្រកាសថា លោកមានហ្វេសប៊ុកផ្លូវការកាលពីខែកញ្ញាឆ្នាំ២០១៥ បានអះអាងថាពេលនេះលោកបានក្លាយជាកំពូលអ្នកនយោបាយទាំង៥នៅលើពិភពលោកដែលមានការចុច Like លើទំព័រហ្វេសប៊ុកច្រើនជាងគេ រាប់ទាំងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ផងដែរ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មានចំនួន Like ជាង៤៨លាន Like។

ចំណែកការចុច Like លើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គិតត្រឹមថ្ងៃទី២២ខែមេសាឆ្នាំ២០១៦គឺមានជិត៤លាន Like ខណៈចំនួន Like នៅលើហ្វេសប៊ុកលោក សម រង្ស៊ី មានជាង២លាន៤សែន Like។

កាលពីមុន ការវាយប្រហាររបស់មេដឹកនាំគណបក្សប្រឆាំងទៅលើរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន សំដៅលើបញ្ហាព្រំដែនជាមួយវៀតណាម បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ អំពើពុករលួយ លក់ទ្រព្យសម្បត្តិរដ្ឋ និងសេវាសាធារណៈទន់ខ្សោយជាដើម។

ប៉ុន្តែពេលនេះ ការយកឈ្នះរបស់លោក ហ៊ុន សែន នៅលើសមរភូមិហ្វេសប៊ុកបានបង្កើតឲ្យមានជម្លោះពាក្យសំដីរវាង លោកនាយករដ្ឋមន្រ្តីនិងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

នៅសប្តាហ៍នេះលោក ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ថាលេងហ្វេសប៊ុកចាញ់រូបលោកនិងបានច្រានចោលការចោទប្រកាន់លើរូបលោកថាលួច Likes ពីហ្វេសប៊ុករបស់លោក សម រង្ស៊ី។

លោកមានប្រសាសន៍ថា៖ លេងហ្វេសប៊ុកចាញ់ខ្ញុំ។ ឥឡូវខ្ញុំបាន៣លាន៨[សែន]តិចទៀតចូល៤លានទៅហើយនៅសល់តែប៉ុន្មានម៉ឺនទៀត។ ស្រាប់តែលេងគាត់ មាននណាមួយគេចូលទៅគេថា Like ឲ្យលោកនេះទេ [សម រង្ស៊ី] តែចូលទៅក្នុង Page លោក ហ៊ុន សែន។ អូហ្វេសប៊ុកនៅលើពិភពអឹចឹង? បើល្ងង់ណាស់មកសួរ ហ៊ុន សែន វិញ អធិរាជហ្វេសប៊ុក ព្រោះវាឆ្កួតឡប់អីវា?

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួនមានប្រសាសន៍ថាលោកមិនមានយោបល់លើការថ្លែងរបស់នាយករដ្ឋមន្រ្តីនោះទេ។

ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមេសា អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរសារនៅលើហ្វេសប៊ុកលោក សម រង្ស៊ី ថារូបគេបានចុចLikeទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី តែបែរលោតទៅទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន វិញ។ លោក សម រង្ស៊ី បានឆ្លើយតបវិញថា៖ “គេបានជួលអ្នកបច្ចេកទេស ហើយបានប្រើមនុស្សឲ្យបង្កើត likes ក្លែងក្លាយលើទំព័រ Facebook របស់គេ។ លើសពីនេះទៅទៀត គេបានលួច likes ពីទំព័រ Facebook របស់ខ្ញុំតាមជំនាញចោរ ដូចក្មួយឯងបានឃើញផ្ទាល់ភ្នែក។ រឿង likes ក្លែងក្លាយនិង likes លួចបន្លំលើទំព័រ Facebook នេះវាដូចតែរឿងសន្លឹកឆ្នោតក្លែងក្លាយនិងសន្លឹកឆ្នោតលួចបន្លំអញ្ចឹងដែរ ពេលបោះឆ្នោតម្តងៗនៅស្រុកយើង”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានលើកយកករណីក្មេងស្ទាវនៅរាជធានីភ្នំពេញឈ្លោះគ្នាដោយសារតែបញ្ហាហ្វេសប៊ុកនេះ ដែលធ្វើឲ្យលោកនឹកដល់ការប្រើពាក្យសំដីគ្រោធរបស់ប្រមុខរដ្ឋាភិបាលទៅលើលោក សម រង្ស៊ី។ លោកបន្តថា៖ ខ្ញុំមើលទៅអាកប្បកិរិយាហ្នឹងដូចជាស្ទាវពេក។ រឿងជាតិធំប៉ុណ្ណាមិនគិត មកនាំគ្នាគិតដណ្តើមគ្នាយក Like ក្នុងហ្វេសប៊ុក។ គ្រាន់តែរឿងហ្វេសប៊ុកចាំបាច់ទៅដៀលគ្នាអាឆ្កួតអី? ពាក្យនេះវាមិនសមប្រើក្នុងកាលៈទេសៈបែបហ្នឹងផង”។

លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ថាការឈ្លោះគ្នាពីរឿងចំនួនអ្នកចុច Like លើហ្វេសប៊ុករបស់អ្នកនយោបាយ គឺមិនមានប្រយោជន៍ដល់សង្គមនោះទេ។ លោកវិភាគថា នៅមានបញ្ហាជាច្រើនទៀតដែលប្រមុខរដ្ឋាភិបាលត្រូវដោះស្រាយឲ្យមានប្រសិទ្ធិភាព។ លោកបន្ថែមថា៖ អ្វីដែលត្រូវដោះស្រាយបន្ទាន់ បញ្ហាសង្គម បញ្ហាអត់ការងារធ្វើ ធ្វើយ៉ាងណាឲ្យកសិករអាចធូរធារ បញ្ហាបូរណភាពទឹកដីជាដើម។ ការដែលមេដឹកនាំកំពូលលើកឡើងពីការជេរប្រមាថដៃគូរបស់ខ្លួន ខ្ញុំគិតថាវាឆ្លុះបញ្ចាំងអាកប្បកិរិយានយោបាយរបស់មេដឹកនាំនោះ ដែលមិនមែនជាគំរូល្អសម្រាប់ពលរដ្ឋក្នុងប្រទេស”។

ស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះត្រូវបានអ្នកវិភាគមើលឃើញថាបានឡើងកម្តៅជាថ្មីទៀតដោយសារតែការចាប់ខ្លួនតំណាងរាស្ត្រលោក អ៊ុំ សំអាន ដោយមិនបានដកអភ័យឯកសិទ្ធិនិងការព្យាយាមចោទប្រកាន់លោក កឹម សុខា ទៅនឹងរឿងអាស្រូវផ្លូវភេទ។

បើតាមលោក មាស នី ស្ថានការណ៍នយោបាយនៅកម្ពុជានឹងវិវត្តល្អប្រសើរឡើងវិញនៅពេលណារដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនដែលបានធ្វើកន្លងមក ហើយឈានទៅដោះលែងសកម្មនយោបាយទាំងអស់។ លោកបន្តថា៖ ខ្ញុំសង្ឃឹមថា បើទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន [CPP] ឯងមែន ខ្ញុំអាចមើលឃើញពន្លឺខ្លះថាស្ថានភាពនយោបាយនឹងអាចធូរស្រាលមកវិញក្នុងរយៈពេលពីឥឡូវដល់ចុងឆ្នាំអាចមានពន្លឺឯកភាពជាតិឡើងវិញ។ ខ្ញុំរំពឹងរហូតដល់ការដោះលែងសកម្មជនគណបក្សប្រឆាំងនៅមុនឆ្នាំ២០១៦”។

អ្នកវិភាគនិយាយថា បើអ្នកនយោបាយយកបញ្ហាព្រំដែន អយុត្តិធម៌សង្គម អំពើពុករលួយ បញ្ហាចំណាកស្រុក និងបញ្ហាដីធ្លី និងព្រៃឈើ មកធ្វើជាប្រធានបទប្រកួតទាញយកប្រជាប្រិយភាពនោះ គឺមានប្រយោជន៍ដល់សង្គម។ ប៉ុន្តែអ្នកវិភាគកត់សំគាល់ថា អ្នកនយោបាយពេលនេះបានប្រកួតប្រជែងដោយមិនស្មោះត្រង់និងប្រាស់ចាកពីកន្លងប្រជាធិបតេយ្យ ដូចជាការព្យាយាមចោទប្រកាន់លោក កឹម សុខា ទៅនឹងរឿងអាស្រូវផ្លូវភេទ និងការឈ្លោះគ្នាលើចំនួនអ្នកចុច Like លើហ្វេសប៊ុសជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ