មានការភ្ញាក់ផ្អើលមិនតិចទេ ក្នុងពេលដែលលោក យ៉ែម សំអូន ស្រាប់តែអះអាងថាខ្លួនបានទទួលយកការសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នាក្នុងភាពយន្តថ្មីមួយ នៅក្នុងបរិបទដែលផ្ទុះព័ត៌មានចំពោះលោកនៅមិនទាន់ស្ងប់។ លោកបានទាំងរំពឹងថានឹងលេចធ្លោខ្លាំង តាមរយៈការសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នានោះផង។
លោក យ៉ែម សំអូន បានបញ្ជាក់ក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី២០ មេសាថា ដោយសារតែមានការតម្រូវរបស់អ្នកស្រីពាន់ ភួងបុប្ផា លោកក៏បានសម្រេចចិត្តទទួលយកការសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នាក្នុងខ្សែរឿង«បណ្ដឹងស្រីទាំង៥» ដែលអ្នកស្រីដឹកនាំផលិតជាមួយផលិតកម្មមហាហង្ស។ លោកថានៅក្នុងរឿងនេះ ក្រៅពីត្រូវស្រឡាញ់ភេទដូចគ្នា លោកក៏ជាតួអង្គដែលជាប់ពាក់ព័ន្ធនឹងបញ្ហាស្លាប់របស់មនុស្សស្រីចំនួន៥នាក់នៅក្នុងផ្ទៃរឿងផងដែរ។ លោកថាការសម្ដែងបែបនេះ មិនមែនជាការឆ្លុះបញ្ចាំងពីខ្លួនផ្ទាល់ ដូចអ្វីដែលភរិយារបស់លោកធា្លប់បានលាតត្រដាងក្នុងពេលសម្រេចចិត្តបែកផ្លូវពីលោកនោះទេ ប៉ុន្តែគឺជាអ្វីដែលលោកសម្រេចចិត្តទទួលសម្ដែងដើម្បីឲ្យស្គាល់ពីរសជាតិថ្មីនៅក្នុងវិស័យភាពយន្តប៉ុណ្ណោះ។
លោក យ៉ែម សំអូន នៅតែអះអាងថាខ្លួនមិនបានប្រព្រឹត្តខុសដូចការអះអាងរបស់អតីតភរិយានិងព័ត៌មានដែលបានចុះផ្សាយនោះទេ ដោយលោកនៅតែយល់ថានោះគ្រាន់តែជាការលាតត្រដាងដោយយល់ច្រឡំ។ លោកនិយាយថា៖ “ការពិតខ្ញុំទទួលសម្ដែងជាតួអង្គអញ្ចឹងតាំងពីអ្នកមីងពាន់ ភួងបុប្ផាទាក់ទងខ្ញុំមុនខ្ញុំបែកផ្លូវពីភរិយាខ្ញុំម្ល៉េះ អ៊ីចឹងបើទោះជាអ្នកណាថាខ្ញុំយ៉ាងម៉េចក៏ដោយក៏ខ្ញុំអត់ខ្វល់ គឺនៅតែទទួលសម្ដែង ព្រោះខ្ញុំស្គាល់ខ្លួនឯងច្បាស់ ហើយព័ត៌មានដែលបានបោកបក់លើខ្ញុំ ខ្ញុំសុំចាត់ទុកថាជាការភាន់ច្រឡំ និងអត់ទទួលយកទាំងអស់”។
អ្នកស្រីពាន់ ភួងបុប្ផា ផលិតកររឿង«បណ្ដឹងស្រីទាំង៥» បានអះអាងថាដោយសារតែនឹកស្ដាយស្នាដៃដែលបាននិពន្ធឡើងក្នុងពេលឈប់សម្រាកពីការផលិតកុន លោកស្រីក៏សម្រេចចិត្តត្រលប់មកវិញ ដោយបានសហការជាមួយផលិតកម្មមហាហង្សដោយសារតែក្រុមការងារផលិតរឿងរបស់ខ្លួនក៏រត់ទៅធ្វើការនៅកន្លែងផ្សេងអត់។ លោកស្រីថាលោកយ៉ែម សំអូន គឺជាតួសំខាន់ជាងគេក្នុងរឿង ហើយក៏ជាចំណោទបញ្ហារឿងពាក់ព័ន្ធនឹងការស្លាប់របស់តួអង្គស្រីចំនួន៥នាក់ផងដែរ។ យ៉ាងណាក៏ដោយលោកស្រីបដិសេធមិនបង្ហើបឲ្យដឹងពីឈុតឆាកស្រឡាញ់ភេទដូចគ្នាដែលលោកយ៉ែម សំអូន ត្រូវសម្ដែងនោះទេ ដោយអះអាងថាចង់ទុកជាអាថ៌កំបាំង។ លោកស្រីនិយាយថា៖ “សម្រាប់ការសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នារបស់សំអូន ខ្ញុំអត់ទាន់ចង់បង្ហាញទេ ចាំដល់ថតចប់ ហើយដាក់បញ្ចាំងនឹងដឹងថាគាត់សម្ដែងយ៉ាងមិចខ្លះហើយ!”។ លោកស្រីថាលោកស្រីនិងផលិតកម្មមហាហង្សបានដាក់ហ៊ុនគ្នាហាសិបហាសិប ដោយតាមប្រហែលជាត្រូវចំណាយមិនក្រោមពី៥ទៅ៦ម៉ឺនដុល្លារនោះទេទម្រាំថតចប់។ លោកស្រីថាខ្សែរឿង«បណ្ដឹងស្រីទាំង៥» គឺនិយាយពីស្រីស្អាត៥នាក់ ដែលត្រូវបានស្លាប់ម្ដងមួយៗដោយមិនដឹងពីមួលហេតុ ហើយតម្រូវឲ្យការស៊ើបអង្កេតពីសំណាក់ប៉ូលិស។
នៅក្នុងរឿងនេះលោកស្រី ពាន់ ភួងបុប្ផា ប្រកាសថាចូលរួមសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី កញ្ញាទឹម រដ្ឋា, កញ្ញាមាន សូនីតា កញ្ញាគៀត សុវណ្ណាឡាង អ្នកនាងសូដា នីតា កញ្ញានី មុន្នីនាថ កញ្ញា នេត សុចរិយា លោកអ៊ឹង រដ្ឋាហៅទុយ DJកណ្ដុរ និងលោក ភឹម តារាវិបុល ជាដើម ដោយសារតែអ្នកស្រីចង់តួអង្គលោក យ៉ែម សំអូន ឲ្យលេចធ្លោក្នុងតំណែងជាតួអង្គឯក។ អ្នកស្រីថានេះជាប្រភេទរឿងដុំដែលមានលក្ខណៈស៊ើបអង្កេតអាថ៌កំបាំង តែកំប្លែងនិងអប់រំ។ រឿងនេះសម្រេចចេញថតចាប់ពីថ្ងៃក្រុងពាលីកាលពីថ្ងៃទី២០ មេសា ដោយគ្រោងថតឲ្យចប់និងដាក់បញ្ចាំងតាមរោងភាពយន្តឲ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ។
លោក យ៉ែម សំអូន បានអះអាងថាទន្ទឹមការទទួលសម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នាដោយមិនខ្វល់ពីការរិះគន់ លោកនឹងទទួលយកការសម្ដែងជាតួអង្គឪពុកឬជាតួរាយរងក្នុងរឿងដោយមិនគិតថាទាល់តែបានសម្ដែងតួឯកឬតួធំទើបទទួលនោះឡើយ។ លោកនិយាយថា៖ “ចង់អ្នកណាថាអីថាទៅ សម្រាប់ខ្ញុំឲ្យតែគេហៅគឺសម្ដែងទាំងអស់ ដើម្បីឲ្យស្គាល់គ្រប់ទម្រង់សិល្បៈ ទោះជាខាងផលិតករឲ្យខ្ញុំសម្ដែងចាស់ ឬជាតួចេញមួយឈុតពីឈុតបាត់មុខគឺខ្ញុំសម្ដែងទាំងអស់ ព្រោះក្នុងភាពយន្តមួយ បើអត់មានតួរង ឬតួគួបផ្សំវាមិនអាចក្លាយជាសាច់រឿងបានទេ!”។
លោកថាបើទោះជាការសម្ដែងស្រឡាញ់ភេទដូចគ្នា នឹងធ្វើឲ្យលោកទទួលបាននូវលទ្ធផលបែបណាក៏លោកពេញចិត្តប្រឈមនោះដែរ ដោយលោកបញ្ជាក់ថារូបលោកគឺស្គាល់ខ្លួនឯងច្បាស់និងថាពេលវេលានឹងធ្វើឲ្យរឿងអាក្រក់រសាយ។ ក្នុងនោះលោកហាក់រំពឹងថាការសម្រេចចិត្ត អាចក្លាយជាការចំណាប់អារម្មណ៍ក្នុងពេលខ្សែរឿងត្រូវដាក់បញ្ចាំងនោះផង៕