ក្រសួងសុខាភិបាលទុករយៈពេល៦ខែសម្រាប់ម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ បិទផ្សាយឬដាក់បម្រាមអំពីការហាមការជក់បារីឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ មុននឹងឈានដល់ការចុះផាកពិន័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយចុះថ្ងៃទី១៦ ខែមីនា ស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ។ អនុក្រឹត្យបញ្ជាក់ថាបន្ទាប់ពីអនុក្រឹត្យចូលជាធរមាន អ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ មានរយៈពេល៦ខែ ដើម្បីរៀបចំដាក់ស្លាកបម្រាមស្តីពីការហាមជក់បារីឬការបង្ហុយផ្សេងផលិតផលថ្នាំជក់។
មាត្រា៩នៃអនុក្រឹត្យចែងថាម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ ត្រូវបិទផ្សាយឬដាក់បម្រាមអំពីការហាមជក់បារី នៅតាមផ្លូវចូលនិងកន្លែងសមស្របផ្សេងទៀតដែលឲ្យសាធារណជនអាចមើលឃើញច្បាស់។ បម្រាមនេះត្រូវដាក់បញ្ជាក់អំពីប្រាក់ពិន័យនិងលេខទូរស័ព្ទសមត្ថកិច្ចសម្រាប់ទាក់ទងដែលត្រូវដាក់នៅតាមកន្លែងជាក់ស្តែង។ ស្លាកបម្រមនៃការហាមការជក់បារីត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ចំណែកមាត្រា១០ចែងថាម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ ត្រូវបង្គាប់មិនឲ្យជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ចំពោះជនណាដែលមិនអនុវត្តតាមស្លាកបម្រាមនិងត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ ចំណែកមាត្រា១១ចែងថាកន្លែងធ្វើការ កន្លែងសាធារណៈនិងកន្លែងផ្សេងទៀត ដែលត្រូវបានហាមឃាត់មិនឲ្យជក់និងបង្ហុយផ្សែងផលិតផលថ្នាំជក់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះឬរូបភាពប្រដាប់គោះបារី ទោះក្នុងទម្រង់ ទំហំនិងប្រភេទណាក៏ដោយ។
បើតាមអនុក្រឹត្យ ករណីបំពានលើមាត្រា៩ ១០និង១១ ម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់៥ម៉ឺនរៀល។ ករណីមិនរាងចាលត្រូវពិន័យទ្វេដង។
អនុក្រឹត្យបញ្ជាក់ថាការជក់បារីឬនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវហាមឃាត់ ការជក់ក្នុងអគារឬក្នុងចម្ងាយពីច្រកចេញចូលនៃកន្លែងធ្វើការ កន្លែងអគារសាធារណៈបិទបាំង ត្រូវហាមឃាត់។ ការជក់ក្នុងបរិវេណគ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានវប្បធម៌សាស្រ្ត កន្លែងហាត់ប្រាណ ស្ថានីយប្រេងឥន្ធនៈនិងកន្លែងងាយឆាបឆេះ ក៏ត្រូវហាមឃាត់។
សមត្ថកិច្ចនឹងផាកពិន័យ២ម៉ឺនរៀលចំពោះជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈ។
ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាលលោកស្រី ឈា ឆដាភា មានប្រសាសន៍ថាក្រោយរយៈពេល៦ខែ សមត្ថកិច្ចក្រសួងសុខាភិបាលនឹងចុះត្រួតពិនិត្យ។ អ្នកស្រីបន្តថាក្រុមការងារកំពុងតែពិភាក្សាថាតើត្រូវកំណត់យកលេខទូរស័ព្ទមួយណាសម្រាប់រាយការណ៍ពីការជក់បារីនៅទីសាធារណៈ៕