នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃបានស្នើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺក្នុងការស្រាវជ្រាវ និងស្វែងរកជនសង្ស័យជនជាតិស៊ីរីម្នាក់ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម(ISIS)។
ក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភះ ដែលវីអូឌីទើបទទួលបាន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ លោក អ៊ី សុខឃី បានស្នើទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំកិច្ចសហការពីការិយាល័យកណ្ដាលសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តនេះ ក្នុងការស្រាវជ្រាវ និងស្វែងរកជនសង្ស័យឈ្មោះ អាប់ឌុល អាស៊ីស អារូក (ADUL AZIZ AROUK) ភេទប្រុស សញ្ជាត់ស៊ីរី កើតឆ្នាំ១៩៧១ ដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម(ISIS)។
លិខិតដដែលឲ្យដឹងដែរថា នាយកដ្ឋានបានទទួលបទបញ្ជាពីអគ្គស្នងការនគរបាលជាតិឲ្យដំណើរការស្រាវជ្រាវ និងស្វែងរកជនសង្ស័យរូបនោះ។ លិខិតឲ្យដឹងថា៖ “ផ្អែកតាមបទបញ្ជាខាងលើ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ស្នើលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺ សហការស្រាវជ្រាវស្វែងរកជនសង្ស័យ ខាងលើ ហើយធ្វើរបាយការណ៍ឆ្លើយបតអំពីលទ្ធផលមកនាយកដ្ឋានវិញ ដើម្បីនាយកដ្ឋានមានវិធានការបន្ត”។
ប្រធាននាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោក អ៊ី សុខឃី បានឲ្យវីអូឌីដឹងបន្ថែមថា ពាក់ព័ន្ធនឹងជនសង្ស័យសញ្ជាតិស៊ីរីនេះគ្រាន់តែជាព័ត៌មានដែលនាយកដ្ឋានលោកទទួលបានប៉ុណ្ណោះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយនាយកដ្ឋានត្រូវការស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិន។
លោកមានប្រសាសន៍ថា “នេះវាគ្រាន់តែជាព័ត៌មានមួយដែលយើងត្រូវការស្រាវជ្រាវទេ វាមិនទាន់ជាការពិតនៅឡើយទេ។ សុំឲ្យយល់បញ្ហាហ្នឹងអញ្ចឹង មែនទែនទៅ វាជាព័ត៌មានទេ”។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ជនជាតិស៊ីរី ឈ្មោះ ADUL AZIZ AROUK នេះជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលត្រូវបានគេរាយការណ៍ថាស្នាក់នៅក្នុងប្រទេសថៃហួសពេលកំណត់នៃទិដ្ឋាការ និងត្រូវសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួន និងសួរចម្លើយកាលពីចុងឆ្នាំ២០១៥ ដោយសង្ស័យថាមានជាប់ទំនាក់ទំនងជាមួយក្រុមភរវកម្មរដ្ឋឥស្លាម។ ក្រោយមក៣នាក់ក្នុងចំណោយមពួកគេទាំង៤នាក់ ដោយរួមទាំងលោក ADUL AZIZ AROUK ផងដែរនោះត្រូវបានសមត្ថកិច្ចថៃដោះលែងវិញ ដោយបញ្ជាក់ថាពួកគេមិនមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមនោះទេ។ ការឃាត់ខ្លួនជនជាតិស៊ីវីទាំងនោះធ្វើឡើងក្រោយពីមានឯកសារបែកធ្លាយថា ជនជាតិស៊ីរី១០នាក់មានជាប់ពាក់ព័ន្ធនឹងក្រុមអាយស៊ីស បានចូលទៅដល់ប្រទេសថៃកាលពីខែតុលា៕