កាលពីថ្ងៃអាទិត្យទី២៤ ខែមេសា កីឡាករជើងខ្លាំងល្បីឈ្មោះនៅក្នុងពិភពប្រដាល់ ផាន់ គ្រាន់ បានត្រឹមតែស៊ូជាមួយកីឡាករវ័យក្មេងមកពីប្រទេសថៃដល់ទឹកចុងក្រោយប៉ុណ្ណោះ។ លោកហាក់មិនអស់ចិត្តនោះឡើយនឹងលទ្ធផលចាញ់ពិន្ទុ ដោយអះអាងថាគឺបណ្ដាលមកពីការមើលស្រាលគូប្រកួត និងបណ្ដាលមកពីបញ្ហាកម្រាលរអិលនៅក្នុងការប្រកួត។
កីឡាករ ផាន់ គ្រាន់ បានបញ្ជាក់នៅក្រោយការប្រកួតថា ហេតុផលដែលនាំឲ្យលោកប្រកួតចាញ់គឺបណ្ដាលមកពីលោកមិនហ៊ានប្រកួតប្ដូរក្នុងពេលកីឡាករថៃចាញ់ប្រៀបនៅទឹកទី២។ លោកថាមកពីហេតុផលប្រកួតបណ្ដែត ដែលបណ្ដោយឲ្យកីឡាករថៃចាប់ចំណុចខ្សោយបានទើបនាំឲ្យថៃចាប់ផ្ដើមប្រកួតប្ដូរ ហើយធ្វើឲ្យលោកបរាជ័យ។ លោកនិយាយថា៖ “ក្នុងទឹកទី២ បើខ្ញុំកុំមើលស្រាល ហើយគិតថាចាំវាយថៃហ្នឹងឲ្យសន្លប់ក្នុងទឹកទី៣វិញ គឺថៃហ្នឹងវាខ្ចប់បាត់ហើយ”។
កីឡាកររូបនេះបន្ថែមថា ហេតុផលមួយទៀតដែលបណ្ដាលឲ្យលោកបរាជ័យនៅក្នុងការប្រកួតនោះដែរគឺបញ្ហាកម្រាលសង្វៀនរអិលខ្លាំងជាពិសេសក្នុងទឹកទី៣។ លោកនិយាយថា “កាលទឹកទី១ និងទី២ កីឡាករថៃវាស៊យភ្លាត់ឲ្យខ្ញុំវាយឡើងចង់សន្លប់ម្ដងហើយ ប៉ុន្តែខ្ញុំមិនព្រមវ៉ៃ ដល់ទឹកទី៣ក្នុងពេលដែលខ្ញុំចង់វ៉ៃស៊ី វាស៊យអាកម្រាលព្រំរអិលរហូត ហើយខ្ញុំគិតថាមកពីខ្ញុំរអិលជើង ហើយភ្លាត់ឲ្យអាថៃហ្នឹងវាវ៉ៃត្រូវខ្ញុំច្រើនហ្នឹងហើយ ទើបថៃហ៊ានជាង មុនវ៉ៃប្ដូរជាងមុន ហើយធ្វើឲ្យខ្ញុំពិបាកទប់”។
ផាន់ គ្រាន់ បន្តថា ២ទឹកដំបូងក្នុងការប៉ះគ្នា កីឡាករថៃមិនសូវហ៊ានវាយប្រថុយប្រថាននោះទេ អ៊ីចឹងហើយទើបលោកយល់ថានោះគឺជាការបោះបង់ឱកាសរបស់ខ្លួនឯងដែលនាំឲ្យលោកក្លាយខ្លួនជាអ្នកភ្លាត់ស្នៀតវិញនោះ។ យ៉ាងណាមិញ ការអះអាងរបស់ ផាន់ គ្រាបន់ ត្រូវបានអ្នករៀបចំការប្រកួតទទួលស្គាល់ខ្លះ និងមិនទទួលស្គាល់ខ្លះ។
លោក ញាណ សុធី អ្នករៀបចំការប្រដាល់ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កម្រាលសង្វៀនក្នុងទឹកទី៣គឺពិតជាមានសភាពរអិលខ្លាំង ដោយសារតែកម្រាលនោះថ្មីផង និងបណ្ដាលមកពីទឹកដែលបានកំពប់ក្នុងពេលឲ្យទឹកគឺបានជូតចេញហើយ ប៉ុន្តែនៅជូតមិនទាន់ស្អាត។ ប៉ុន្តែសម្រាប់អ្វីដែលផាន់ គ្រាន់ បញ្ជាក់ថាបើស៊ូប្រថុយបន្តិចក្នុងទឹកទី២គឺពិតជាអាចវាយឲ្យថៃសន្លប់ដូចការចង់បាននោះ គឺលោកហាក់មិនសូវយល់ស្របនោះទេ។ លោកនិយាយថា “ក្នុងទឹកទី៣ហ្នឹងកម្រាលរអិលមែន ព្រោះឃើញ ផាន់ គ្រាន់ ឧស្សាហ៍ដួលដោយសារតែពួកហ្នឹងជូតទឹកអត់ស្ងួតល្អ។ ប៉ុន្តែសម្រាប់ការយល់ឃើញថាបើទឹកទី២គេប្រឹងជាងហ្នឹងទៀត នឹងអាចវាយឲ្យកីឡាករថៃសន្លប់ ខ្ញុំថាអាចមិនអញ្ចឹងទេ ព្រោះថៃវាឆ្លាតណាស់ក្នុងទឹកទី១ ឬទី២វាមិនសូវវ៉ៃទេ វាចាំទាល់តែយើងខ្សោយកម្លាំង និងចាប់បានចំណុចខ្សោយរបស់យើងទើបវាវ៉ៃវិញម្ដង”។
លោក ញាណ សុធី បន្ថែមថា ក្នុងទឹកទី២ កីឡាករថៃពិតជាមានបញ្ហាភ្លាត់ស្នៀត ប៉ុន្តែបើកីឡាករ ផាន់ គ្រាន់ ស្ទុះវាយជាងហ្នឹងគឺកីឡាករថៃពិតជាប្រឹងវាយទប់ត្រឡប់មកវិញ ដោយមិនបណ្ដោយឲ្យសន្លប់នោះ។ លោកថាកីឡាករថៃដែលបានប្រកួតជាមួយកីឡាករ ផាន់ គ្រាន់ នោះ មានឈ្មោះថា Phun Savath ហើយកីឡាកររូបនេះក៏មិនមែនធម្មតានោះដែរនៅក្នុងសហព័ន្ធប្រដាល់ថៃ។
ដោយឡែកសម្រាប់ការប្រកួតអន្តរជាតិមួយគូទៀតរវាងកីឡាករ ចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ និងកីឡាករថៃឈ្មោះ Kolapp Damm ក៏កីឡាករថៃជាអ្នកឈ្នះពិន្ទុផងដែរនៅលើសង្វៀនដដែល៕