ព្រះ​មហាក្សត្រដំឡើង​ឋានៈដល់​មន្ត្រី​ACUក្នុងនោះមាន​កូនប្រុសលោក ឱម យ៉ិនទៀង ផងដែរ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង

ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈឧបការីចំនួន១៨ រូបនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ឲ្យមានឋានៈស្មើអគ្គនាយករហូតដល់រដ្ឋមន្ត្រី ហើយក្នុងនោះក៏មានកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយពីរនាក់ផងដែរ។

ក្នុងព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ព្រះមហាក្សត្របានសម្រេចតែងតាំងឧបការីមួយរូបគឺលោក សរ សម្បត្តិ ដែលពីមុនមានឋានៈស្មើរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី។ ក្នុងព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រដំឡើងឋានៈឧបការីបួនរូបទៀតពីឋានៈស្មើអនុរដ្ឋលេខាធិការ ឲ្យមានឋានៈស្មើរដ្ឋលេខាធិការនិងដំឡើងឋានៈកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធិ ដែលពីមុនជាជំនួយការលោក ឱម យ៉ិនទៀងនិងមានឋានៈស្មើអគ្គនាយក ឲ្យមានឋានៈស្មើនឹងរដ្ឋលេខាធិការផងដែរ។

ជាមួយគ្នានោះដែរ ព្រះមហាក្សត្រក៏សម្រេចដំឡើងឋានៈឧបការីចំនួន៧នាក់ផ្សេងទៀតឲ្យមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ដែលពីមុនពួកគាត់ខ្លះមានឋានៈស្មើអគ្គនាយកនិងខ្លះជាជំនួយការ។ ក្នុងនោះដែរ កូនប្រុសលោក ឱម យ៉ិនទៀង ម្នាក់ទៀត គឺលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវបានដំឡើងឋានៈពីអគ្គនាយក ទៅឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ។ ក្រៅពីនោះព្រះមហាក្សត្រក៏បានដំឡើងឋានៈឧបការីចំនួន៥រូបផ្សេងទៀតឲ្យមានឋានៈស្មើនឹងអគ្គនាយក។

វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់ពីការដំឡើងឋានៈនេះ ពីលោក ឱម យ៉ិនទៀង បាននៅឡើយទេ ដោយលោកថាលោកមិនទាន់អាចផ្តល់ព័ត៌មានបាន។

នាយិកាគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា ឪពុក កូនឬសែស្រឡាយដែលធ្វើការក្នុងស្ថាប័នសាធារណៈជាមួយគ្នានោះគឺមិនអាចនិយាយថាធ្វើឲ្យមានទំនាស់ផលប្រយោជន៍នោះទេដរាបណាកូនឬសាច់ញាតិទាំងនោះបានចូលបម្រើការដោយការប្រឡងប្រជែងត្រឹមត្រូវ។ ផ្ទុយមកវិញលោកស្រីថាបើស្ថាប័នសាធាណៈណាមួយដែលមានការតែងតាំងឬជ្រើសរើសសែស្រឡាយខ្លួនឯងឲ្យធ្វើការជាមួយគ្នានោះ លោកស្រីថានឹងធ្វើឲ្យបាត់តម្លាភាពនិងបង្កឲ្យមានភាពអយុត្តិធម៌ចំពោះអ្នកបំពេញការងារក្នុងស្ថាប័នជាមួយគ្នា។ លោកចាត់ទុកថាករណីនេះជាអំពើពុករលួយផងដែរ។

លោកស្រីបន្ថែមថា៖ “យើងឃើញហើយថានៅរយៈពេលថ្មីៗនេះ គឺថាការជ្រើសរើសឥស្សរជនបម្រើក្នុងស្ថាប័នមួយ ដែល(មាន)ឪពុកជាអ្នកគ្រប់គ្រងលើស្ថាប័ននោះ ហើយមានកូនមានចៅតែងតាំងដ៏ពីរបីនាក់អ៊ីចឹង យើងគិតឃើញថាជារឿងល្អទេ វាជាស្ថាប័នបក្សពួក ស្ថាប័នគ្រួសារ វាអត់ល្អ”

បើតាមលោកស្រី ម៉ម ស៊ីថា ស្ថាប័នរដ្ឋមួយចំនួនមានការតែងតាំងដាក់សែស្រឡាយរបស់ខ្លួននៅក្នុងស្ថាប័ននោះ ដោយលោកស្រីថាប្រជាពលរដ្ឋទូទៅអាចមើលឃើញពីចំណុចនេះដូចគ្នា។ ជាមួយគ្នានេះដែរ លោកស្រីក៏មិនបដិសេធទេថាអង្គការសង្គមស៊ីវិលមួយចំនួនក៏មានការជ្រើសតាំងសែស្រឡាយរបស់ខ្លួនឲ្យបម្រើការក្នុងស្ថាប័នជាមួយគ្នាផងដែរ តែលោកស្រីថាមានភាគរយតិចតួចប៉ុណ្ណោះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ