អាជ្ញាធរចុះហាមឃាត់ការបញ្ចាំងភាពយន្តសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី​

អាជ្ញាធរខណ្ឌសែនសុខ នៅយប់ថ្ងៃអង្គារនេះ បានចុះហាមឃាត់មិនឲ្យចាក់បញ្ចាំងខ្សែភាពយន្ត”ខ្ញុំជាឈុត វុទ្ធី” នៅផ្ទះសាមគ្គីក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណៈការបញ្ចាំងបានធ្វើឡើងបានប្រហែលពាក់កណ្តាល។

តាមគម្រោងភាពយន្តត្រូវបញ្ចាំងនៅម៉ោង៥និង៣០នាទីដល់ម៉ោង៨យប់។ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារនិងសេវាកម្មកម្ពុជា(CFSWF)ដែលមានវត្តមាននៅកន្លែងបញ្ចាំងនោះ ប្រាប់វីអូឌីថាអាជ្ញាធរបានចុះមកកន្លែងបញ្ចាំងនៅម៉ោងប្រមាណ៦និង៤០នាទីនិងសួររកលិខិតអនុញ្ញាតបញ្ចាំង។ លោកបន្តថាការបញ្ចាំងនៅតែបន្តរហូតដល់ចប់នៅម៉ោង៧និង៣០នាទីយប់ បើទោះជាមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ។ លោកបញ្ជាក់ថាក្រុមការងារមិនស្តាប់ការណែនាំអាជ្ញាធរនោះទេ ហើយបានសាកសួរទៅអាជ្ញាធរថាតើច្បាប់អ្វីដែលយកមកអនុវត្តចំពោះការហាមមិនឲ្យបញ្ចាំងរឿងនេះ។ លោកឲ្យដឹងទៀតថាអ្នកចូលរួមទស្សនាការបញ្ចាំងរឿងនេះមានប្រមាណ១៣០នាក់។

អភិបាលរងខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលបានដឹកនាំកម្លាំងចុះទៅហាមឃាត់ មានប្រសាសន៍ថាអាជ្ញាធរមិនបានដឹងពីការដាក់បញ្ចាំងភាពយន្តនេះនោះទេ ហើយលោកថាការប្រមូលផ្តុំណាមួយត្រូវមានការជូនដំណឹងទៅអាជ្ញាធរ។ លោកមានប្រសាសន៍ថា៖ “ប្រទេសមួយមានច្បាប់បង។ ច្បាប់សុំការបញ្ចាំងទីមួយ  ទីពីរ ការគាត់ប្រមូលផ្តុំ ក្នុងគោលបំណងស្អី។ គាត់ជាម្ចាស់ផ្ទះមែន តែការប្រមូលផ្តុំនៅក្នុងហ្នឹង ចុះបើមានរឿងអីកើតឡើងនៅពេលគាត់ប្រមូលផ្តុំ គេនឹងបន្ទោសអាជ្ញាធរ”។

លោកបន្តថាប្រសិនបើនៅតែមានការបញ្ចាំងពេលក្រោយទៀត លោកនឹងសុំគោលការណ៍ទៅថ្នាក់លើ។

នៅថ្ងៃនេះផងដែរ ផ្ទះសាមគ្គីក៏បានរៀបចំពិធីរំឭកខួប៤ឆ្នាំនៃឃាតកម្មលើលោកឈុត វុទ្ធី។

កាលពីកន្លងទៅ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ ក្រសួងសម្រេចបែបនេះក្រោមហេតុផលថាក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួងផងដែរ។

វីដេអូឯកសារនេះមានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wuttyឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោកនិងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។

កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។ សំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់ដែរ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុនTimber Greenតែម្នាក់គត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ