មេភូមិមួយរូបនៅ នៅឃុំកណ្ដែក ខេត្ដសៀមរាប អះអាងថាគាត់ព្រួយបារម្ភខ្លាចមានទោសក្រោយពេលខ្លួនលក់ដីទួលប្រាសាទបុរាណមួយកន្លែង ដោយអះអាងថាការចុះហត្ថលេខាលក់ដីនោះធ្វើតាមការបង្ខំពីអភិបាលស្រុកប្រាសាទបាគង។
មេភូមិត្រាង ឃុំកណ្ដែក លោក មោក ឃុន ប្រាប់VODថាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន អភិបាលស្រុកប្រាសាទបាគងលោក ភូ សំអាត បានអញ្ជើញលោកទៅសាលាស្រុកឲ្យចុះហត្ថលេខាលក់ដីទួលប្រាសាទបុរាណមួយឲ្យក្រុមហ៊ុនឯកជន។ លោកថាដោយសារដីនោះជាទួលប្រាសាទមានចុះឈ្មោះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីវប្បធម៌ខេត្ដសៀមរាប ទើបបារម្ភពីការជាប់ទោសព្រោះតែចុះហត្ថលេខាលក់ដីនោះ។ លោកបន្ថែមថា លោកមិនចង់ចុះហត្ថលេខាលើដីលក់ទួលប្រាសាទនោះទេ ប៉ុន្ដែដោយសារអភិបាលស្រុកដាក់គំនាប។ លោកបន្ដថា៖ “អភិបាលស្រុកថាស៊ីញ៉េទុកសិន ភ័យខ្លាចណាស់បងអើយភ័យខ្លាចខ្ញុំមិនដែលចង់បាន មនុស្សធ្លាប់ត្រង់ចំណាប់សួរតែពលរដ្ឋដឹងហើយខ្ញុំមិនដែលធ្វើបាបអ្នកណាទេសូម្បីមាន់មិនហ៊ានសម្លាប់ផង”។
មេភូមិរូបនេះឲ្យដឹងថា ដីនោះជាទួលប្រាសាទមានឈ្មោះទួលប្រាសាទគ្រិះទំហំជាង៣ពាន់ម៉ែត្រការ៉េដោយលក់ក្នុងតំលៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ករណីនេះអភិបាលស្រុកប្រាសាទបាគងលោក ភូ សំអាត មានប្រសាសន៍ទទួលស្គាល់ថាពិតជាបានឲ្យមេភូមិលោក មោក ឃុន ចុះហត្ថលេខាមែន ប៉ុន្ដែលោកថាដីនោះមិនមែនជាទួលប្រាសាទបុរាណនោះទេ ដោយលោកថាជាដីទួលរបស់ប្រជាពលរដ្ឋ៩គ្រួសារបង្កបង្កើនផលរួមតាំងពីមុនឆ្នាំ១៩៧៩។ លោកបន្ដថាដីនោះមិនទាន់លក់ឲ្យឈ្មួញនៅឡើយទេ ដោយលោកថាពលរដ្ឋ៩គ្រួសារនោះមានគម្រោងឲ្យអភិបាលស្រុក ជួយលក់ដោយពួកគេខ្លាចក្រុមហ៊ុននៅក្បែនោះឬអ្នកមានអំណាចរំលោភយក។ លោកមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋ៩គ្រួសារគាត់កាន់កាប់យូរហើយគ្មានអ្នកណាទៅអើពើទេគឺដីគោកមួយគេដាំដំណាំនៅខែវស្សាដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ប៉ុន្ដែដល់ពេលមានហាងឆេងដីគេនៅជុំវិញហ្នឹងគេលក់អស់ទៅអាអ្នកទិញធំៗចេះគៀសឲ្យគាត់ទាំងឈ្មួញកណ្ដាលដែលធ្លាប់ឲ្យគាត់លក់តែគាត់មិនព្រមលក់ចេះរំខានគាត់ថាបើមិនលក់តិចទៀតគេយកគាត់ភ័យគាត់ចឹងឯងបានគាត់មករកអោយខ្ញុំជួយលក់”។
ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសាសន៍ថាលោកមិនទាន់ដឹងពីករណីនេះនៅឡើយទេ ប៉ុន្ដែលោកថាដីនោះជាទីទួលប្រាសាទបុរាណដែលមានឈ្មោះទួលប្រាសាទគ្រិះ។ លោកបន្ដថា៖ “ក្នុងនាមខ្ញុំ ខ្ញុំថាអាប្រាសាទហ្នឹងមាននៅកន្លែងហ្នឹងមានគ្រាន់តែដឹងតែប៉ុណ្ណឺង”។
បើតាមឯកសាររបស់ការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកប្រាសាទបាគងខេត្ដសៀមរាប បង្ហាញថាដីទួលប្រាសាទនិងត្រពាំងបុរាណនៅឃុំកណ្ដែកមានចំនួន៦៦កន្លែង ក្នុងនោះក៏មានឈ្មោះទួលប្រាសាទគ្រិះផងដែរ ដែលមានទំហំ៣៤៣៣ម៉ែត្រការ៉េនិងកសិ្សណទំហំ៥២៦៧ម៉ែត្រការ៉េ៕