មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ថ្លែងថាលោកនឹងចំាមើលគណបក្សនយោបាយណាចេញមុខដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ ខណៈដែលលោកអះអាងថារដ្ឋាភិបាលចាត់ទុកបញ្ហានេះថាជារឿងអាទិភាព។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មារក្នុងខេត្ដបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាក្នុងរដូវប្រាំងនេះនៅខេត្តមួយចំនួនកំពុងខ្វះខាតទឹក រួមមាន ខេត្តស្វាយរៀង កំពត កំពង់ស្ពឺនិងតាកែវ។ លោកថ្លែងបែបចំអកទៅគណបក្សនយោបាយមួយចំនួនថាមិនបានជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ ដោយលោកថាគណបក្សនោះសន្យាខ្យល់។ លោកបន្ថែមថា៖ “ខ្ញុំរង់ចាំមើលបក្សនយោបាយណាខ្លះចេញមកដោះស្រាយបញ្ហាទឹក។ អាចបក្សខ្លះឆ្លើយថាខ្លួនមិនមែនជាបក្សកាន់អំណាច បើដោះស្រាយបញ្ហាទឹកមិនបានផង មានតែលោកឯងសន្យាខ្យល់”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សប្រឆំាងមិនមានសមត្ថកិច្ចជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋខ្វះទឹកនោះទេ។ លោកថារដ្ឋាភិបាលជាអ្នកប្រមូលពន្ធពីប្រជាពលរដ្ឋនិងកម្ចីពីបរទេស លោកថា ករណីនេះរដ្ឋាភិបាលត្រូវដោះស្រាយជូនពួកគេឲ្យមានប្រសិទ្ធិភាព។ លោកបញ្ជាក់ថាគណបក្សប្រឆំាងមានសិទ្ធិឃ្លំាមើលការអនុវត្តច្បាប់របស់រដ្ឋាភិបាលនិងទទួលពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបន្តថា៖ ”គណបក្សប្រឆំាងគឺជាអ្នកដែលតាមដានមើលសកម្មភាពការអនុវត្តច្បាប់របស់រដ្ឋាភិបាល ហើយប្រសិនជាមានអនុសាសន៍ឬសំណូមពរពីប្រជាពលរដ្ឋ យើងតំណាងឲ្យប្រជាពលរដ្ឋដើម្បីជូនការស្នើសុំទំាងអស់នោះទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ នេះជារបៀបដែលប្រទេសដែលប្រកាន់លទ្ធិប្រជាធិតេយ្យគេធ្វើ”។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថាសារនយោបាយរបស់រដ្ឋាភិបាលធ្វើឡើងដោយប្រជាភិថុតិតែប៉ុណ្ណោះ។ លោកថានៅសម័យបច្ចេកវិទ្យាទំនើបនេះរដ្ឋាភិបាលមិនអាចកុហកប្រជាពលរដ្ឋបានដូចសម័យមុននោះទេ។ លោកបន្តថា៖ ”ប្រជាពលរដ្ឋក្លាយទៅជាមនុស្សថ្មី គាត់មានព័ត៌មានគ្រប់គ្រាន់ គាត់ដឹងថាអ្វីខុស អ្វីត្រូវ គាត់ដឹងតួនាទីរបស់រដ្ឋាភិបាល តួនាទីរបស់រដ្ឋសភា តួនាទីរបស់រដ្ឋសភា តួនាទីរបស់គណបក្សក្រៅរដ្ឋាភិបាល ខ្ញុំគិតថាប្រជាពលរដ្ឋប្រហែលជាមានចំណេះដឹងខ្ពស់ជាងអ្នកនិយាយទៅទៀត”។
កាលពីពេលថ្មីៗនេះលោក ហ៊ុន សែន បានណែនាំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋស្របពេលកម្ពុជាកំពុងប្រឈមផលប៉ះពាល់ពីគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្រ្តាក់ និងរលកកម្តៅ។ លោកបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់និងអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃចំពោះការប្រើប្រាស់ទឹកផងដែរ៕