លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។ អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែគេអត់បានគិតពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុតពីការភ័យខ្លាចនៃសង្រ្គាមនោះទេ”។ លោកបន្ថែមថា៖ “អញ្ចឹងចំណុចនេះត្រូវមើលឲ្យឃើញអំពីតួនាទីនិងសារសំខាន់នៃសន្តិភាពនិងតួនាទីសំខាន់នៃអ្នកដែលស្វែងរកសន្តិភាពនិងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ ហើយបង្កឲ្យមានមនុស្សស្លាប់”។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានថារដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យអ្នកណាដែលបំផ្លាញសន្តិភាព។ កាលពីថ្ងៃទី១៤ខែមេសា លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមកសាងសន្ដិភាពជាមួយរូបលោកហើយព្រមានចាត់ការលើអ្នកបង្កអស្ថិរភាពក្នុងប្រទេស។ លោកមិនបានបញ្ជាក់ថាតើបុគ្គលទាំងនោះជាក្រុមណានោះទេ។ លោកមានប្រសាសន៍ថា៖ “ហើយយើងមិនអត់ឱនឲ្យអ្នកណាក៏ដោយដែលមានគំនិតនិងបង្កការញុះញង់បំបែកបំបាក់ធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិយើង ទោះមួយនាក់ ពីរនាក់ ឬច្រើននាក់ តែកុំឲ្យមនុស្សរាប់ម៉ឺននាក់ រាប់លាននាក់ត្រូវទទួលការស្លាប់ ដូចកាលជំនាន់ឆ្នាំ១៩៧០ ១៩៧៥ ១៩៧៩និងបន្តរហូតមកដល់ឆ្នាំ១៩៩៨។ យើងមានវប្បធម៌នៃការអត់ឱន យើងមានវប្បធម៌នៃសន្តិភាព ប៉ុន្តែយើងក៏មិនលើកលែងចំពោះជនណាក៏ដោយដែលមានការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអស្ថិរភាពដែលជាអតីតកាលដ៏ជូរជត់របស់កម្ពុជា”។ លោកបញ្ជាក់បន្ថែមថា៖“សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងរួមជាមួយលោកដើម្បីថែរក្សានូវសុខសន្ដិភាពរបស់យើង”។
គួរបញ្ជាក់ថាកន្លងទៅ លោក ហ៊ុន សែន ធ្លាប់ថ្លែងថាកម្ពុជានឹងមានសង្រ្គាម ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត។ លោកបានប្រៀបធៀបការដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ទៅនឹងប៉ុល ពត ដោយសារប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងព្រមានថាឧកញ៉ានិងអ្នកមានខ្លះដែលលោកចាត់ទុកថារកស៊ីទុច្ចរិត ត្រូវចាប់ផ្តើមគិតឡើងវិញតាមរយៈការសងដីនិងការផ្ដល់សំណងជនរងគ្រោះវិញ៕