រដ្ឋាភិបាលជប៉ុនកំពុងត្រៀមរៀបចំថវិកាបន្ថែមជាង៥០០ពាន់លានយ៉ន់ (៤,៥ពាន់លានដុល្លារ) សម្រាប់ការកសាងឡើងវិញតំបន់នៅភាគខាងត្បូងដែលបានរងប៉ះពាល់ដោយគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
ប្រភពផ្សេងៗបានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថានាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ (Shinzo Abe) បានបញ្ជាទៅកាន់រដ្ឋាភិបាលរបស់លោកកាលពីថ្ងៃអាទិត្យឲ្យប្រមែប្រមូលរៀបចំកញ្ចប់ថវិកាបន្ថែមនេះ ដើម្បីជួយដល់ការស្ដាតំបន់ដែលបានរងគ្រោះថ្នាក់។
រដ្ឋាភិបាលគ្រោងនឹងទទួលបានការយល់ព្រមពីគណៈរដ្ឋមន្ត្រីរបស់ខ្លួនលើកញ្ចប់ថវិកាបន្ថែមនេះ នៅថ្ងៃទី១៣ ខែឧសភា ហើយចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា នៅពេលដែលសម័យប្រជុំនៃរដ្ឋសភានាពេលបច្ចប្បន្នបញ្ចប់។
កាលពីពាក់កណ្ដាលខែមេសានេះ ប្រទេសជប៉ុនបានរងគ្រោះរញ្ជួយដីពីរដងជាបន្តបន្ទាប់ក្នុងកម្លាំង៦,៤រិច្ឆទ័រ និង៧,៣រិច្ឆទ័រ ដោយបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច៤៨នាក់ ប្រមាណ២០០០នាក់រងរបួស និងមនុស្សរាប់ម៉ឺននាក់រស់នៅទីជម្រកបណ្ដោះអាសន្តដែលពួកគេត្រូវបានជម្លៀសទៅ។ គ្រោះរញ្ជួយដីទាំងនោះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន ផ្ទះ និងអគាររាប់ពាន់ខ្នងផងដែរ៕
ប្រភព៖ Channel News Asia