កូនសកម្មជនបរិស្ថានថានឹងប្តឹងករណីបាញ់សម្លាប់ឪពុកទៅតុ​លាការអន្តរជា​តិ

អតីតប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះលោក ឈុត វុទ្ធី

គម្រប់ខួប៤ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់អតីតប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះលោក ឈុត វុទ្ធី កូនប្រុសរបស់លោកបានអះអាងថានឹងដាក់ពាក្យបណ្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICC)ដែលលោកថាដើម្បីស្វែងរកយុត្តិធម៌ ខណៈរដ្ឋាភិបាលបិទការស៊ើបអង្កេត។

លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅតំបន់ព្រៃឈើមួយកន្លែងនៅស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោកចុះថតរូបភាពគំនរឈើនៅក្រុមហ៊ុនមួយនៅខេត្តនោះ។

លោក ឆើយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី បានឲ្យVODដឹងនៅថ្ងៃទី២៦ខែមេសានេះថា៤ឆ្នាំមកនេះលោកថាបើទោះបីក្រុមគ្រួសារលោកនិងសង្គមស៊ីវិលមួយចំនួនជំរុញឲ្យរដ្ឋាភិបាលវែកមុខជនដៃដល់និងអ្នកនៅពីក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់ឪពុកលោកនេះមកផ្តន្ទាទោសក៏ដោយ ប៉ុន្តែលោកថាមកដល់ពេលនេះជនដៃដល់មិនទាន់ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសទេ។

លោក ឆើយ ឧត្តមរស្មី បញ្ជាក់ថាជម្រើសបន្ទាប់របស់ក្រុមគ្រួសារលោកគឺប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យជួយរកយុត្តិធម៌។ លោកមានប្រសាសន៍ថា៖ “បាទ! កន្លងទៅគាត់ហាក់ជាគ្មានឆន្ទៈរកឃើញទេ អញ្ជឹងខ្ញុំអត់មានការអំពាវនាវអីច្រើនទេគឺអញ្ចឹងឥឡូវយើងមានតែអំពាវនាវឲ្យប៉ែកអ៊ឺរុបគេជួយទេ ខ្ញុំបានដាក់ឯកសារមួយចំនួនទៅ ICC។ ខ្ញុំដាក់ក្នុងហ្នឹងឲ្យរដ្ឋាភិបាលទទួលខុសត្រូវពីការស្លាប់ហ្នឹង ហើយឲ្យជួយវែកមុខអ្នកបញ្ជានៅពីក្រោយខ្នងបាញ់ហ្នឹងបង ព្រោះខ្ញុំជឿថាអ្នកបញ្ជានៅពីក្រោយខ្នងបាញ់ហ្នឹងអ្នកធំ មិនមែនអ្នកតូចទេ”។

នៅខួប៤ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី នេះថ្មីត្បិតក្រសួងវប្បធម៌បានរឹតបន្តឹងមិនឲ្យចាក់បញ្ចាំងភាពយន្តឯកសារឿង ខ្ញុំឈុតវុទ្ធី ក៏ដោយ ប៉ុន្តែភាពយន្តឯកសាដែលបានរៀបរាប់ពីភាពក្លាហានក្នុងសកម្មភាពទប់ស្កត់បទល្មើសព្រៃឈើរបស់លោក ឈុត វុទ្ធី នេះត្រូវបង្ហោះនៅក្នុងបណ្តាញសង្គម។

ក្នុងភាពយន្តឯកសារនោះឈុតមួយនៃសាច់រឿងលោក ឈុត វុទ្ធី បានអះអាងថាព្រៃឈើនៅកម្ពុជាបានចាប់ផ្តើមរងការកាប់បំផ្លាញតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ លោកថា៖ “អ្នករកស៊ីជម្រើសសំខាន់បំផុតគឺនៅវាលទំនាប ដំបូងគេគឺចាប់ផ្តើមពីចំណុចទម្រីង ក្រុមហ៊ុនទំាងអស់ហ្នឹងគេយកលេសពីផ្តល់ដីសម្បទានសេដ្ឋកិច្ច ដើម្បីដាំដើមកៅស៊ូ។ នេះគ្រាន់តែជាលេសមួយបង្ហាញប្រជាជនថា ធ្វើនេះគឺធ្វើទៅលើដីសម្បទានសេដ្ឋកិច្ចទេ មិនមែនព្រៃឈើទេ គឺធាតុពិតគឺគាត់កាប់ឈើយកទៅលក់”។

ភាពយន្តឯកសាក៏បានបង្ហាញផងដែរពីសម្មភាពរបស់លោក ឈុត វុទ្ធី ដឹកនាំសកម្មជនដទៃទៀតចូលទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់រហូតមានប្រតាយប្រតប់ពីកម្លាំងសមត្ថកិច្ចនៅតំបន់នោះ។

អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍លោក សេង សុខហេង ដែលមានរូបភាពលើខ្សែភាពយន្តឯកសារជាមួយលោក ឈុត វុទ្ធី ដែរនោះឲ្យដឹងនៅថ្ងៃនេះថារដ្ឋាភិបាលគួស្វែងរកអ្នកនៅពីក្រោយនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី នោះមកផ្តន្ទាទោស ដែលលោកថាដើម្បីបង្ហាញថារដ្ឋាភិបាលពិតជាមានឆន្ទៈពិតក្នុងការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើដូចការអះអាង។ លោកថា៖ “ហើយយើងក៏ចង់ឃើញរដ្ឋាភិបាលជាពិសេសស្ថាប័នយុត្តិធម៌ហ្នឹង សូមបំពេញតួនាទីមួយដ៏ត្រឹមត្រូវយុត្តិធម៌មិនលំអៀង ដើម្បីស្វែងរកជនដៃដល់និងដើម្បីបង្ហាញថានីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាពិតជាមានពិតប្រាកដ ជាពិសេសក៏ជាការលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋក៏សកម្មជនដែលខិតខំប្រឹងប្រែងការពារធនធានធម្មជាតិសម្រាប់ប្រទេសជាតិទាំងមូលផងដែរ”។

ទោះជាយ៉ាងណាករណីឃាតកម្មលើប្រធានអង្គការការពារបរិស្ថានដ៏ល្បីល្បាញលោក ឈុត វុទ្ធី នេះត្រូវបានរដ្ឋាភិបាលបិទបញ្ចប់ហើយ ដោយអះអាងថាអ្នកដែលបាញ់សម្លាប់លោក ឈុត វុទ្ធី នោះគឺមន្ត្រីអាវុធហត្ថខេត្តកោះកុងម្នាក់លោក អ៊ិន រតនា ដែលលោក អ៊ិន រតនា ត្រូវមន្ត្រីស៊ើបអង្កេតរបស់រដ្ឋាភិបាលអះអាងថាត្រូវបានគេបាញ់សម្លាប់ជាមួយលោក ឈុត វុទ្ធី ដូចគ្នា។

តាមឯកសារនានាបញ្ជាក់ថាលោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហានមកពីប្រទេសរុស្សី។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ១៩៩២ លោកបានធ្វើការនៅជ្ឈមណ្ឌលកំចាត់មីនកម្ពុជានិងធ្វើជាគ្រូបង្ហាត់នាយទាហាននៅក្រសួងការពារជាតិ។ លុះដល់ឆ្នាំ២០០៣ លោក ឈុត វុទ្ធី បានបំរើការនៅអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិមួយឈ្មោះ គ្លូបល វីតនេស (Global Witness) មានតួនាទីជានាយករងនៃអង្គការមួយនេះ ដែលធ្វើការឃ្លាំមើលការកាប់ព្រៃឈើនៅកម្ពុជា។

ក្រោយពីរដ្ឋាភិបាលបណ្តេញអង្គការ(Global Witness) ពីកម្ពុជាលោក ឈុត វុទ្ធី បានបង្កើតអង្គការមួយឈ្មោះអង្គការពារធនធានធម្មជាតិ ដែលធ្វើការផ្តោតលើការពារព្រៃឈើនៅកម្ពុជា ។ ប៉ុន្តែសកម្មជនការពារព្រៃឈើដ៏ល្បីរូបនោះ ត្រូវគេបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំណែកឯក្រុមគ្រួសារលោក ឈុត វុទ្ធី វិញកំពុងទន្ទឹងរង់ចំាយុត្តិធម៌ បើទោះបីរដ្ឋាភិបាលប្រកាសបិទការស៊ើបអង្កេតករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered