កម្មកររាប់សិបនាក់ បានរងរបួសធ្ងន់និងស្រាលនៅព្រឹកថ្ងៃពុធនេះ ដោយសាររថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់នៅខេត្តកំពង់ស្ពឺ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក កែវ ពិសី បានឲ្យវីអូឌីដឹងថា មានកម្មករចំនួន៧០នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រថយន្តបែកកង់ហើយក្រឡាប់ លើកំណាត់ផ្លូវលេខ៤៤ ក្នុងភូមិចម្ការដូង ឃុំវាលពង់ ស្រុកឧដុង្គ វេលាម៉ោង៦និង១៣នាទីព្រឹក។
មន្ត្រីសហជីពសេរីកម្មករ លោក ណែន សារ៉ន បានបន្ថែមថា រថយន្តដឹកកម្មករបានធ្វើដំណើរពីខេត្តកំពង់ស្ពឺទៅរោងចក្រនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង ហើយបានផ្ទុះបែកកង់បណ្តាលឲ្យរេចង្កូតក្រឡាប់។
លោកបានបញ្ជាក់ផងដែរថា អ្នកបើករថយន្តដឹកកម្មករបានរត់គេចខ្លួនបាត់ក្រោយពីជួបគ្រោះថ្នាក់នេះកើតឡើង។
ប្រធានសហភាពកាងារកម្ពុជា លោក អាត់ ធន់ យល់ថាផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកមិនទាន់បានឆ្លើយតបទៅនឹងសុវត្ថិភាពរបស់កម្មករបាននៅឡើយទេ។
លោកបន្ថែមថា៖ “យើងក៏ដឹងហើយថាបញ្ហាហ្នឹងវាមិនមែនថាដោះស្រាយភ្លាមបានភ្លាមទេវាត្រូវការដោះស្រាយមានបច្ចេកទេស ប៉ុន្តែមកដល់ពេលនេះ ខ្ញុំគិតថានៅដដែលទេ ដូចជាឡានដាក់មនុស្សច្រើន ឡានដាក់អ្នកបើកបរមិនមានបច្ចេកទេសក្នុងការបើកបរច្បាស់លាស់ អត់បានមើលសម្ភារៈលើសទម្ងន់ ហើយវ៉ាជែងអីហ្នឹងនៅដដែល … ខាងប.ស.ស ក៏ដូចជាខាងក្រុមហ៊ុន ក៏ដូចជារដ្ឋាភិបាលតែងតែបង្កើតគណៈកម្មការឲ្យចុះមើលកន្លងមក ហេតុអីបាននៅតែជាមានបណ្តោយឲ្យអ្នកហ្នឹងដឹកកម្មករទៀត!”។
លោក អាត់ ធន់ បានឲ្យជាយោបល់ថា គួរតែរឹតបន្តឹងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវតែគោរពច្បាប់ ដោយមានការឆ្លងកាត់សាលាបើកបរឲ្យបានច្បាស់លាស់ ហើយរថយន្តត្រូវធានាគុណភាព និងបច្ចេកទេសឲ្យបានត្រឹមត្រូវ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាននៅឡើយទេ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែមករា កន្លងទៅមានហេតុការណ៍រថយន្តដឹកកម្មករប៉ះគ្នាជាមួយរថយន្តដឹកកម្មករដូចគ្នាដែលបានបណ្តាលឲ្យមានអ្នកស្លាប់៤នាក់និងរងរបួសធ្ងន់និងស្រាលចំនួន៦៧នាក់នៅលើកំណាត់ផ្លូវជាតិលេខ៤១ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕