អង្គភាពប្រឆាំងអំពើពុករលួយ​សាកសួរមន្រ្តីអាដហុក​៣រូបរហូតដល់ម៉ោងជាង៨យប់នេះ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។

រហូតដល់ម៉ោងជាង៨យប់នេះ អង្គភាពមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ។

នៅព្រឹកម៉ោង៨ថ្ងៃពុធនេះ អង្គភាពក៏បានសាកសួរអតីតមេធាវីរបស់ស្រីមុំ គឺអ្នកស្រី ទ្រី ឈូន ដែលជាមន្រ្តីរបស់អាដហុកផងដែរ ប៉ុន្តែអ្នកស្រីមិនត្រូវបានអង្គភាពឃាត់ខ្លួននោះទេ។ ក្រោយពីបញ្ចប់ការសាកសួរ អ្នកស្រី ទ្រី ឈូន បានថ្លែងថាអ្នកស្រីបានធ្វើការងារជាមេធាវីតាមក្រមសីលធម៌និងវិជ្ជាជីវៈ និងបញ្ជាក់ថាអ្នកស្រីមិនជាប់ពាក់ព័ន្ធអ្វីនឹងករណីរបស់ស្រីមុំនោះទេ។

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ អង្គភាពនឹងសាកសួរមន្រ្តីអាដហុកម្នាក់ទៀត គឺ លោកស្រី លឹម មុនី នៅវេលាម៉ោង១០ព្រឹក។

ការកោះហៅរបស់ACUគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

ACUកោះហៅមន្រ្តីសង្គមស៊ីវិលនេះបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអង្គារ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។

លោកបញ្ជាក់ថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ