លោក នួន ជា ថា​វៀតណាម​ឈ្លានពានព្រំដែន​គោក​និង​ទឹក​របស់កម្ពុជាជាបន្តបន្ទាប់​នៅ​សម័យប៉ុល ពត

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា(រូបថតដោយ​សាលាក្តីខ្មែរក្រហម​)

ជនជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានលើកឡើងថាវៀតណាមបានឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ហើយកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានតបតនិងចាប់ជនជាតិវៀតណាមបញ្ជូនទៅឃុំខ្លួននៅមន្ទីរស២១ហៅគុកទួលស្លែង។

លោក នួន ជា បានលើកឡើងបែបនេះបញ្ជាក់ទៅនឹងចម្លើយរបស់សាក្សី លោក ឡាច មាន អតីតអ្នកយាមអ្នកទោសក្នុងបរិវេណអគារស២១ ដែលថាមានការដឹកជនជាតិវៀតណាមចូលគុកទួលស្លែង។

ក្នុងសវនាការនៅថ្ងៃពុធនេះ លោក នួន ជា បានថ្លែងថាចាប់ពីឆ្នាំ១៩៧៥ វៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ ទាំងដែនទឹកនិងគោក។ លោករៀបរាប់ថាកាលពីដើមខែឧសភា ១៩៧៥ កងទ័ពវៀតណាមបានឈ្លានពានតាមបរិវេណឆ្នេរសមុទ្រតាមខេត្តកំពតនិងនៅថ្ងៃទី៨ ខែឧសភា កងទ័ពវៀតណាមឈ្លានពានចូលដីខ្មែរនៅជាប់ព្រំដែនខេត្តតៃនីងនៃប្រទេសវៀតណាម។ លោកបន្តថាកងទ័ពវៀតណាមថែមទាំងបានឈ្លានពានកោះពូលាវ៉ៃរហូតដល់កងទ័ពវៀតណាមបានរឹបយកមូលដ្ឋានខ្មែរនៅកោះពូលាវ៉ៃ តែលោកថាក្រោយមកវៀតណាមសុទ្ធចិត្តប្រគល់កោះនោះមកឲ្យកម្ពុជាវិញ។

លោកមានប្រសាសន៍ថា៖ “ខែសីហា ឡេ យន់ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា។ វៀតណាមសុទ្ធចិត្តប្រគល់កោះពូលាវ៉ៃ ឲ្យកម្ពុជាវិញ តែការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរនៅតែមានតទៅទៀតនៅតាមព្រំដែនទាំងពីរ”

លោក នួន ជា បន្ថែមថាប៉ុល ពត អៀង សារីនិងរូបលោក បានទៅធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីស្នើកិច្ចព្រមព្រៀងមិត្តភាពមួយ តែថាខាងវៀតណាមមិនឆ្លើយតបនិងស្នើធ្វើកិច្ចព្រមព្រៀងមិត្តភាពមួយដែលលោកហៅថាជាកិច្ចព្រមព្រៀងមិត្តភាពពិសេស គឺមិត្តភាពក្រោមការគ្រប់គ្រងដឹកនាំរបស់វៀតណាម។

លោកឲ្យដឹងទៀតថាវៀតណាមបានបញ្ជូនខ្មែរដែលរស់នៅវៀតណាមតាំងពីឆ្នាំ១៩៥៤ មកកម្ពុជាវិញ ដែលលោកថាពេលនោះវៀតណាមមានផែនការផ្តួលរំលំកម្ពុជាប្រជាធិបតេយ្យ។ លោកបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ១៩៧៦ មានការប្រជុំមួយរវាងខ្មែរនិងវៀតណាមហើយថាខាងវៀតណាមមិនព្រមទទួលស្គាល់ខ្សែព្រំដែនប៊្រីវីយ៉េរបស់បារាំងនោះទេ។ លោកបញ្ជាក់ថាវៀតណាមបានព្យាយាមឈ្លានពាននិងគម្រោងធ្វើរដ្ឋប្រហារកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់ តាមរយៈការបញ្ជូនកងទ័ពឈ្លានពានចូលកម្ពុជាតាមខេត្តដែលជាប់វៀតណាម។ លោកថាកម្ពុជាប្រកាសកាត់ទូតជាមួយវៀតណាម ដោយសារ”នយោបាយឈ្លានពាន វាតទីកម្ពុជារបស់វៀតណាម”។ លោកមានប្រសាសន៍ថា៖ ខ្ញុំនៅចាំថានៅក្នុងឆ្នាំ១៩៧៨ វៀតណាមព្យាយាមធ្វើរដ្ឋប្រហាររំលំកម្ពុជាប្រជាធិបតេយ្យ តទៅទៀតដោយមាន វ៉ន វ៉េត(អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច)និងបក្សពួកមួយចំនួនចូលរួម តែរដ្ឋប្រហារនេះត្រូវបានបរាជ័យ ដោយសារតែវន វ៉េត ត្រូវបានចាប់ខ្លួន”

កាលពីថ្ងៃទី១៧ ខែមីនា លោក នួន ជា បានថ្លែងថាបងធំ ទី១ លោក ប៉ុល ពត បានចាត់ទុកវៀតណាម”ជាមិត្តមានទំនាស់” តែមិនបានញុះញង់ឲ្យស្អប់វៀតណាម”ស៊ូពូជ”នោះទេ។ លោក នួន ជា បានពន្យល់ពាក្យ”យួន”ទៅតាមវចនានុក្រមសម្តេចជួន ណាត ដោយថាពាក្យនេះមិនបង្ហាញពីការញុះញង់នោះទេ។ លោកបន្តថាប៉ុល ពត មិនបានចាត់ទុកវៀតណាមជាសត្រូវស៊ូពូជនោះទេ។ លោកមានប្រសាសន៍ថា៖ “ប៉ុលពត គាត់បានណែនាំ ថាយើងកុំហៅគេជាសត្រូវស៊ូពូជ ពីព្រោះវៀតណាមជាមិត្ត ប៉ុន្តែមានទំនាស់ នេះប៉ុលពតគាត់បញ្ជាក់ជំហរគាត់ហ្នឹងច្បាស់លាស់ណាស់។ មិត្តមានទំនាស់ ទំនាស់អីគាត់មិនថាទេ”។ លោកបញ្ជាក់ថា៖ “ដូច្នេះគ្មានទៅញុះញង់ ចាក់រុកអីណាទេ”

លោក នួន ជា ឲ្យដឹងទៀតថាប៉ុល ពត បានប្រើសង្រ្គាមឆ្លបប្រឆាំងនឹងវៀតណាម យកតូចវាយធំ។ លោកមានប្រសាសន៍ថា៖ “បើយួន១០០ យើងតែ១០នាក់បានហើយ។ ព្រោះយើងគ្មានកម្លាំងទេ យើងកម្លាំងតូច។ បើយើងបាញ់យួនឲ្យរបួស១នាក់ វាត្រូវសែង៤នាក់។ ចុះបើយើងបាញ់វា១០នាក់ វាសែងអស់ប៉ុន្មាន ៤០នាក់ទៅហើយ។ ដូច្នេះ គាត់និយាយនេះដើម្បីលើកជាមាគ៌ាសង្រ្គាមឆ្លបរបស់កម្ពុជាប្រជាធិបតេយ្យពេលនោះ មិនមែនទៅសម្លាប់ប្រជាជនយួនអី អីណានោះទេ”

អ្នកជំនាញលោក អាឡិច ហ៊ិនតុន (Alex Hinton) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា“ហេតុអ្វីគេសម្លាប់មនុស្ស” បោះពុម្ភក្នុងឆ្នាំ២០០៤ដែលសៀវភៅនោះនិយាយអំពីការសម្លាប់មនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា ហើយរួមនឹងការសម្លាប់ផងដែរនោះ។ លោកបន្តថាការបញ្ជូននេះដោសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។

លោក ហ៊ិនតុន ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជា ក្រោយពេលអាណានិគមនិយមបារាំង វៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែរ ដូចជាក្នុងរឿងដាំតែអុងជាដើម។ លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។

បើតាមសាក្សីជំនាញ មានរឿងរ៉ាវប្រវត្ដិសាស្ដ្រយ៉ាងច្រើនដែលធ្វើឲ្យជនជាតិខ្មែរស្អប់ជនជាតិវៀតណាម ហើយពួកគេតែងហៅវៀតណាមថាជា”យួន។ អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យលន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា។

លោក នួន ជា បានលើកជាសំណួរនៅក្នុងសវនាការជំនុំជម្រះថាតើរហូតមកដល់បច្ចុប្បន្ន វៀតណាមបោះបង់ចោលមហច្ឆតាឈ្លានពាន វាតទី លេបទឹកដី បំបាត់ពូជសាសន៍កម្ពុជាហើយឬនៅ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ