មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ

សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី​(រូប​ថតដោយ​ Vanessa de Smet)

មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះ”ខុសច្បាប់”។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង មុនពេលថតនោះទេ។ លោកមានប្រសាសន៍ថា៖ “ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេ ដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន វាមានក្លឹប មានបញ្ចាំងកុនក្នុងហ្នឹង…វាមិនមែនជាកន្លែងអសាធារណៈទេ ព្រោះជាកន្លែងសាធារណៈហើយ”។

កន្លងទៅ ក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House)បញ្ចាំងវីដេអូឯកសារនេះទេ។ ក្រសួងសម្រេចបែបនេះក្រោមហេតុផលថាក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួងនិងមួយវិញទៀត ដោយសារការថតរឿងនេះក៏មិនបានសុំការអនុញ្ញាតពីក្រសួង។

អ្នកផលិតភាពយន្តនេះ លោកស្រី ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ធ្លាប់ប្រាប់វីអូឌីថាលោកស្រីចាត់ទុកការហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តនេះជារឿងគួរឲ្យអស់សំណើចមួយ។ លោកស្រីបញ្ជាក់ថា៖ “ខ្ញុំគិតថាការហាមមិនឲ្យបញ្ចាំងជារឿងគួរឲ្យអស់សំណើច។ ប្រជាជនកម្ពុជាទាំងអស់គួរមានមោទនភពចែករំលែករឿងឈុត វុទ្ធី ក្នុងការប្រយុទ្ធប្រឆាំងការពារព្រៃឈើកម្ពុជា។ នាយកដ្ឋានភាពយន្តមិនបានពន្យល់ពីមូលហេតុដែលពួកគេមិនចង់ឲ្យបញ្ចាំងរឿងនេះនោះទេ”

កាលពីយប់ថ្ងៃអង្គារ ទី២៦ ខែមេសា អង្គការបណ្តាញយុវជនកម្ពុជាបានដាក់បញ្ចាំងខ្សែភាពយន្ដ”ខ្ញុំជាឈុត វុទ្ធី នៅផ្ទះសាមគ្គី ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែការចាក់បញ្ចាំងនេះត្រូវបានអាជ្ញាធរខណ្ឌប៉ុនប៉ងចុះហាមឃាត់។

អភិបាលរងខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលបានដឹកនាំកម្លាំងចុះទៅហាមឃាត់ មានប្រសាសន៍កាលពីយប់ថ្ងៃអង្គារថាអាជ្ញាធរមិនបានដឹងពីការដាក់បញ្ចាំងភាពយន្តនេះនោះទេ ហើយលោកថាការប្រមូលផ្តុំណាមួយត្រូវមានការជូនដំណឹងទៅអាជ្ញាធរ។ លោកមានប្រសាសន៍ថា៖ “ប្រទេសមួយមានច្បាប់បង។ ច្បាប់សុំការបញ្ចាំងទីមួយ  ទីពីរ ការគាត់ប្រមូលផ្តុំ ក្នុងគោលបំណងស្អី។ គាត់ជាម្ចាស់ផ្ទះមែន តែការប្រមូលផ្តុំនៅក្នុងហ្នឹង ចុះបើមានរឿងអីកើតឡើងនៅពេលគាត់ប្រមូលផ្តុំ គេនឹងបន្ទោសអាជ្ញាធរ”

លោកបន្តថាប្រសិនបើនៅតែមានការបញ្ចាំងពេលក្រោយទៀត លោកនឹងសុំគោលការណ៍ទៅថ្នាក់លើ។

អង្គការសង្គមស៊ីវិលមួយចំនួនបានចាត់ទុកចំណាត់ការរបស់អាជ្ញាធរប៉ុនប៉ងហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្ដទាក់ទងនឹងជីវិតរបស់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ជាចេតនារបស់រដ្ឋាភិបាលនិងថាការចំណាត់ការនេះផ្ទុយពីច្បាប់និងជាការបំបិទសិទ្ធិប្រជាពលរដ្ឋ។

លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា(CYN)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរគឺជាការរំលោភសិទ្ធសេរីភាពសមាគមនិងបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការមើលនិងចង់ដឹងពីព័ត៌មានផ្សេងៗដែលកើតឡើងក្នុងសង្គម។ លោកមានប្រសាសន៍ថា៖ “នេះប្រាកដណាស់ជាចេតនាជាក់ស្ដែងតែម្ដងដែលចង់បំបិទនៅការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលចង់ការពារសម្បត្ដិរបស់ជាតិ(ធនធានធម្មជាតិ)”

លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំនីអាហារនិងសេវាកម្មកម្ពុជា(CFSWF)មានប្រសាសន៍ថាការចុះហាមឃាត់របស់អាជ្ញាធរជារឿងមួយមិនត្រឹមត្រូវនិងបំពានសិទ្ធិឯកជន។ លោកបញ្ជាក់ថាការចាក់បញ្ចាំងភាពយន្តនេះមិនបានប៉ះពាល់ដល់រដ្ឋាភិបាលឬសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ លោកបន្ថែមថាការហាមឃាត់របស់អាជ្ញាធរនេះប្រហែលជាចេតនារបស់រដ្ឋាភិបាល ដោយសារបារម្ភចំពោះការវែកមុខរកឃាតកដែលសម្លាប់លោកឈុត វុទ្ធី។

លោកមានប្រសាសន៍ថា៖យើងប្រហែលយើងគ្រាន់ប្រហែលថាវាជាជាចេតនាព្រោះយើងគិតថាគេបារម្ភគេមិនចង់ឲ្យយើងប្រារព្ធការរំឭកដល់វិញ្ញាណក្ខ័ន្ធលោក ឈុត វុទ្ធី កាលដែលគាត់ត្រូវបានធ្វើឃាតសម្លាប់ដោយអយុត្ដិធម៌ ហើយគេខ្លាចថាយើងមានការបើកផ្លូវរកមុខឃាតកឲ្យឃើញមិចក៏មិនដឹងឬការបារម្ភអីទៀតក៏មិនដឹង”។

វីដេអូឯកសារមានចំណងជើងជាភាសាអង់គ្លេសថាI am Chut Wuttyឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោកនិងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។

កន្លងទៅ តុលាការខេត្តកោះកុងបានសន្មត់ថាលោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅពេលដែលរូបលោកនិងអ្នកកាសែត The Cambodia Daily ពីរនាក់ចូលទៅថតគំនរឈើ នៅក្រុមហ៊ុន Timber Green។ ក្នុងហេតុការណ៍នោះ មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏ត្រូវភាគីទី៣បាញ់សម្លាប់តាមក្រោយ។ សំណុំរឿងនេះ ត្រូវបានតុលាការខេត្តកោះកុង សម្រេចតម្កល់ទុកមិនចាត់ការ ដោយតុលាការសំអាងថាឃាតកដែលសម្លាប់លោក ឈុត វុទ្ធី គឺឈ្មោះ អ៊ិន រតនា ត្រូវបានសម្លាប់ដែរ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនៅតែជំរុញបន្តស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយសំអាងថាភាគីទី៣ដែលជាអ្នកបញ្ជាមិនទាន់នាំមកកាត់ទោសនៅឡើយ ពោលគឺបានកាត់ទោសតែសន្តិសុខយាមក្រុមហ៊ុនTimber Greenតែម្នាក់គត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ