បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណល ត្រាំ (Donald Trump) បានឈ្នះការបោះឆ្នោតបឋមនៅក្នុងរដ្ឋទាំងប្រាំដែលបានធ្វើទៅកាលពីថ្ងៃអង្គារ ខណៈដែលបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានទទួលជ័យជម្នះនៅក្នុងរដ្ឋចំនួន៤។
លោក Trump បានហៅខ្លួនឯងថាជា “បេក្ខជនសន្មត” របស់គណបក្សសាធារណរដ្ឋ បន្ទាប់ពីជ័យជម្នះនៅក្នុងរដ្ឋ Connecticut រដ្ឋDelaware រដ្ឋ Maryland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មានBBC។
លទ្ធផលនៃការបោះឆ្នោតបឋមក្នុងថ្ងៃអង្គារនេះ បាននាំឲ្យលោកត្រាំ កាន់តែខិតកាន់តែជិតទៅរកចំនួនប្រតិភូដែលលោកត្រូវការដើម្បីឈ្នះជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ មុនពេលគណបក្សនេះធ្វើសន្និបាតថ្នាក់ជាតិរបស់ខ្លួននៅក្នុងខែកក្កដា។
ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ លោកស្រី គ្លីនតុន មិនបានឈ្នះនៅក្នុង៥រដ្ឋដូចលោកត្រាំ នោះទេ ដោយបេក្ខជនម្នាក់ទៀតគឺលោក Bernie Sanders បានឈ្មោះនៅក្នុងរដ្ឋ Rhode Island។ លោក Sanders ដែលសមាជិកព្រឹទ្ធសភានៅរដ្ឋ Vermont នោះបានប្តេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់នៃដំណើរការបោះឆ្នោតបឋមនេះ។
ថ្លែងនៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុង Philadelphia បន្ទាប់ពីបានឈ្នះឆ្នោតនៅក្នុងរដ្ឋចំនួន៤នោះ លោកស្រី គ្លីនតុន បានឱ្យដឹងថាយុទ្ធនាការរបស់លោកស្រីបានកំណត់គោលដៅច្បាស់ និងប្រកបដោយវឌ្ឍនភាព ដើម្បីធ្វើឲ្យប្រសើរឡើងជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅទីក្រុងញូយ៉កថា លោកនឹងមិនកែប្រែគោលនយោបាយរបស់លោកនោះទេប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។
គួរបញ្ជាក់ថា ដើម្បីឈ្នះបេក្ខភាពប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យត្រូវការប្រតិភូចំនួន២៣៨៣ ចំណែកក្នុងគណបក្សសាធារណរដ្ឋត្រូវការចំនួន១២៣៧ប្រតិភូ។
មកដល់ពេលនេះ លោកស្រី Clinton ជាបេក្ខជននាំមុខគេរបស់គណបក្សប្រជាធិបតេយ្យដោយទទួលបាន២១៤១ប្រតិភូ នៅខ្វះ២៤២ប្រតិភូ តាមពីក្រោយដោយលោក Bernie Sanders ដែលបច្ចុប្បន្នមាន១៣២១ប្រតិភូ នៅខ្វះ១០៦២។ ចំណែកក្នុងគណបក្សសាធារណរដ្ឋ សេដ្ឋីអចលនទ្រព្យលោក Trump នាំមុខគេដោយទទួលបាន៩៥០ប្រតិភូ នៅខ្វះ២៨៧ តាមពីក្រោយដោយលោក Cruz ដែលទទួលបាន៥៦០ប្រតិភូ នៅខ្វះ៦៧៧។
អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើកទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹងត្រូវចូលនិវត្តន៍៕