លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុម”និយមឃោសនាបោកប្រាស់”។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថាភាពរាំងស្ងួតដែលកំពុងកើតឡើងនៅកម្ពុជានេះជាបាតុភូតធម្មជាតិហើយប្រទេសដទៃក៏កំពុងជួបប្រទះផងដែរ។ លោកថានេះជាបញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើងតែនៅកម្ពុជានោះទេ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា”។ លោកស្នើកុំឲ្យមានការលើកឡើងថា៖ “អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើ”។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកថារដ្ឋាភិបាលនិងប្រជាជនមានគោលដៅតែមួយគឺការពារព្រៃឈើ។
លោក ហ៊ុន សែន ក៏បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលក្នុងការចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក។ លោកបន្តថាមានអ្នកផ្តល់មតិឲ្យជីកស្រះទឹកនិងជីងអណ្តូងឲ្យបានច្រើនប្រសើរជាងដើរចែកទឹកបែបនេះ ប៉ុន្តែលោកបញ្ជាក់ថារដ្ឋាភិបាលបានធ្វើការងារនេះរួចហើយដោយថាចំនួនអណ្តូងទឹកនិងស្រះទឹកមានការកើនឡើង១០០ដង។
លោក ហ៊ុន សែន បន្ថែមថាលោកកំពុងមើលថាតើបក្សនយោបាយណាមួយចេញមុខដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថារហូតមកដល់ពដល់ពេលនេះ មិនទាន់មានបក្សនយោបាយណាមួយចេញមុខជួយប្រជាពលរដ្ឋនោះទេ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា មានប្រសាសន៍ថាការដឹកទឹកយកទៅចែកពលរដ្ឋដែលខ្វះទឹកជា”រូបភាពល្អមើល” តែលោកចាត់ទុកថា”វាមិនមែនជាការគ្រប់គ្រងល្អរបស់រដ្ឋាភិបាលទេ”។ លោកបញ្ជាក់ថា៖ “គណបក្សដទៃ ថ្មី ចាស់ ដែលមិនបានដឹកនាំរដ្ឋាភិបាលនិងមិនធ្លាប់កាប់បំផ្លាញព្រៃឈើ ព្រមទាំងមិនបានចាក់ដីលុបបឹងយកលក់ បើគេមិនបានចូលរួមដឹកទឹកដើរចែកពលរដ្ឋខ្មែរ ក៏មិនមែនជាកំហុសដែរ ពីព្រោះគណបក្សនយោបាយដទៃ ថ្មី និងចាស់ ទាំងអស់នោះមិនមែនចាយលុយជាតិ ដូច គណបក្សកាន់អំណាចទេ”។ លោកបន្ថែមថា៖ “តែបើរដ្ឋាភិបាលបណ្តោយឲ្យមានអ្នកស្លាប់ដោយសារដាច់ទឹកនោះ វាជាកំហុសដ៏ធ្ងន់ធ្ងរ ដែលបង្ហាញពីអមសត្ថភាពនៃការដឹកនាំ ដែលត្រូវតែចុះចេញពីតំណែង”៕