ប្រធានអង្គភាពប្រឆាំងអំពើពុករលួយការពារថា កូនប្រុសទាំងពីររបស់លោកដែលកំពុងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងអង្គភាពនេះ ថាមានសមត្ថភាពទទួលមុខតំណែងរបស់ពួកគេ ហើយលោកប្រាប់អ្នកដែលរិះគន់លោកថាបើមានសមត្ថភាពខ្លាំងជាងកូនប្រុសរបស់លោកឲ្យមកប្រឡងប្រជែងយកមុខតំណែងនេះ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ព្រះមហាក្សត្របានឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យមួយច្បាប់សម្រេចតែងតាំងឧបការីអង្គភាពប្រឆាំងអំពើពុករលួយចំនួន១៨រូប ក្នុងនោះកូនប្រុសលោក ឱម យ៉ិនទៀងម្នាក់គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ដែលពីមុនជាជំនួយការលោក ឱម យ៉ិនទៀង និងមានឋានៈស្មើអគ្គនាយក ឲ្យមានឋានៈស្មើនឹងរដ្ឋលេខាធិការ។ ដោយឡែក កូនប្រុសលោក ឱម យ៉ិនទៀង ម្នាក់ទៀតគឺលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវបានដំឡើងឋានៈពីអគ្គនាយកទៅឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយទាក់ទងទៅនឹងការឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិលនៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃសុក្រនេះ លោក ឱម យ៉ិនទៀង ថ្លែងថា កូនប្រុសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទទួលមុខតំណែងនេះ ហើយលោកបានច្រានចោលការចោទប្រកាន់របស់អ្នកប្រើប្រាស់បណ្តាយសង្គមហ្វេសបុកមួយចំនួនថាលោកបក្សពួកនិយម។ លោកក៏បានអំពាវនាវឲ្យអ្នកដែលរិះគន់រូបលោកថាបក្សពួកនិយម ឲ្យទៅប្រឡងប្រជែងជាមួយកូនប្រុសទាំងពីររបស់លោក ដើម្បីយកតំណែងពីកូនរបស់លោក។ វិញ្ញាសារដែលត្រូវប្រឡងលោកថា មានភាសាអង់គ្លេស ការប្រើប្រាស់អាវុធ និងវិធីសាស្រ្តស៊ើបអង្កេត។
លោកបន្ថែមថា៖ “គំនិតឈ្វេងយល់អ្ហា ឲ្យតែកូនអញអ្ហែងល្អម៉េចក៏ដោយក៏អញអត់តាំងការអ្ហែងទេខ្លាចគេថា គាត់គិតបុគ្គលខ្លួនគាត់ កូនខ្លួនឯងមកប្រឡងជាប់សោះ អត់ឲ្យឯងជាប់ដែរ សួរថាត្រឹមត្រូវទេលើបញ្ហាហ្នឹង? អ៊ីចឹងគេពិនិត្យលើបរិស្ថានថាយុត្តិធម៌ ឬអយុត្តិធម៌ ខ្ញុំមិននិយាយទេ ឥឡូវម្ចាស់ហ្វេសប៊ុកណាសុំចេញមុខមកប្រឡងជាមួយកូនខ្ញុំទៅ”។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្តទៀតថា បើសិនជាអ្នកណាអាចប្រឡងឈ្នះកូនរបស់លោកបានលោកនឹងប្រគល់តំណែងកូនរបស់លោកឲ្យទៅអ្នកនោះ។ លោកថា អ្នកដែលរិះគន់លោក គឺជាអ្នកដែលមានគំនិតស្អប់លោក។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា នៅកម្ពុជាមិនទាន់មានគោលនយោបាយ ឬយន្តការទប់ស្កាត់មិនឲ្យមានសាច់ញាតិចូលបម្រើការនៅតាមស្ថាប័នសាធារណៈជាមួយគ្នានៅឡើយ ហើយលោកថា បក្សពួកនិយម ឬគ្រួសារនិយម មិនត្រូវបានរាប់ថាជាអំពើពុករលួយនៅឡើយដែរ។ លោកថា ការបង្កើតឲ្យមានយន្តការ ឬច្បាប់ទប់ស្កាត់មិនឲ្យមានគ្រួសារនិយម គឺដើម្បីទប់ស្កាត់ការរំលោភអំណាច ភាពអសកម្មការងារ និងទំនាស់ផលប្រយោជន៍។
លោកបន្ថែមថា៖ “រាល់ថ្ងៃហ្នឹងគឺអ៊ីចឹង គ្រប់តែក្រសួង ស្ទើរតែគ្រប់ស្ថាប័ន គឺមានគ្រួសារ មានសមាសភាពកូនអីនៅជាមួយក្នុងស្ថាប័ន…បើសិនជាកូនមានសមត្ថភាពរឹតតែល្អបំផុតហ្នឹងគឺឪពុកម្តាយឲ្យធ្វើការនៅកន្លែងផ្សេង មិនត្រូវបារម្ភថាគាត់អត់ការងារធ្វើដែរព្រោះគាត់មានសមត្ថភាពពេញលេញ ដូច្នេះអ្នកដទៃទៀតដែលមានសមត្ថភាពប្រហាក់ប្រហែលគាត់ ឬក៏មានឱកាសចង់ធ្វើការក្នុងមុខតំណែង ឬស្ថាប័នហ្នឹងគាត់មានឱកាសបាទ”៕