អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា ស្ថាប័នេះមិនទាន់បញ្ជូនមន្ត្រីសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ទៅតុលាការនៅឡើយ ដោយអះអាងថាការឃាត់ខ្លួនសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនទាន់គ្រប់៤៨ម៉ោង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថាអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុកនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា ដោយលោកអះអាងថា ចម្លើយរបស់អ្នកទាំង៥ស៊ីចង្វាក់ជាមួយភស្តុតាងដែលអង្គភាពមាននិងចម្លើយសារភាពរបស់អ្នកផ្សេងទៀត។ លោកបញ្ជាក់ថា អង្គភាពឃាត់ខ្លួនអ្នកទាំង៥ពីអំពើពុករលួយ តែលោកពុំបានបញ្ជាក់ពីបទចោទអ្វីនោះទេ។
យ៉ាងណាក៏ដោយលោក ឱម យ៉ិនទៀង បញ្ជាក់ថាអ្នកទាំង៥នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនសាកសួររយៈពេល៤៨ម៉ោង។ លោកបន្ថែមថា៖ ”ច្បាប់គេបាននិយាយថា យើងខ្ញុំមានពេល៤៨ម៉ោងរាប់ពីម្សិលមិញម៉ោង៨ ខ្លះ៨កន្លះ ខ្លះម៉ោង៩ ខ្លះម៉ោង១០ ប៉ុន្តែយើងគិតថាម៉ោង៨យប់ ខ្ញុំគិតថាផុតដំណាក់កាលយើងខ្ញុំ គឺតុលាការរាជធានី”។
មន្រ្តីអាដហុក៤រូបដែលកំពុងត្រូវឃាត់ខ្លួនដើម្បីសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ ចំណែកលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ក៏ត្រូវបានឃាត់ខ្លួននៅពេលជាមួយគ្នានោះដែរ។
នៅថ្ងៃនេះដែរ ប្រធានសមាគមអាដហុកលោក ធន សារាយ បានជួបលោក ឱម យិនទៀង ដើម្បីសុំដាក់លិខិតស្នើសុំឲ្យមេធាវី៦រូបជួយការពារក្តីឲ្យមន្រ្តីអាដហុក៤រូបនិងលោក នី ចរិយា ដែរ ប៉ុន្តែលោក ឱម យិនទៀង មិនព្រមទទួលយកការស្នើសុំនោះទេ ដោយលោកអះអាងថានីតិវិធីសាកសួរមិនទាន់បញ្ចប់នៅឡើយ។
លោក ធន សារាយ ឲ្យដឹងថារូបលោករួមទំាងមេធាវីនឹងមកជួបមន្ត្រីរបស់ខ្លួន៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា នៅថ្ងៃសៅរិ៍ស្អែកនេះ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាស្រីមុំ បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។ ប៉ុន្តែលោក ធន សារាយ បានច្រានចោលដោយលោកអះអាងថា សមាគមអាដហុកមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថា បុគ្គលិកសមាគមអាដហុកមិនបានបង្ខិតបង្ខំឲ្យកញ្ញាស្រីមុំនិយាយកុហកតុលាការទេ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ សំអាត ដែលតាមដានករណីនេះយល់ថា ការឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស៥រូបនិងអគ្គលេខាធិការរងរបស់ គ.ជ.ប លោក នី ចរិយា ដោយអង្គភាពប្រឆំាងអំពើពុករលួយនិងការបញ្ជូនទៅតុលាការ ជាបុព្វសិទ្ធិរបស់អង្គភាពនោះ។ ប៉ុន្តែលោកថាការឃាត់ខ្លួនបុគ្គលណាមួយ ត្រូវតែជូនដំណឹងដល់ក្រុមគ្រួសារឬសាច់ញាតិ ដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិប្រាស្រ័យទាក់ទងគ្នារវាងក្រុមគ្រួសារ។ លោកបន្តថា៖ ”បើយើងនិយាយពីសិទ្ធិមនុស្សវិញ យើងឃើញថាសូម្បីតែការឃាត់ខ្លួនឬដំណាក់កាលណាក៏ដោយ ក៏មានការជូនដំណឹងដើម្បីកុំឲ្យក្រុមគ្រួសារគ្នាមានការភិតភ័យយ៉ាងហោចមិនឲ្យជួប ក៏ឲ្យគេដឹងថាពួកគាត់នៅកន្លែងសុវត្ថិភាពយ៉ាងម៉េចដែរ”។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយនោះ គឺធ្វើខុសនីតិវិធីនិងថាការសាកសួររហូតដល់យប់ជ្រៅនោះជាការបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស៕