សភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានរៀបចំការប្រកួតប្រជែងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៦(Cambodian Young Entrepreneur Awards 2016) ដើម្បីបើកឱកាសឲ្យសហគ្រិនបានចូលរួមបង្ហាញសមត្ថភាពនិងចែករំលែកនូវភាពជោគជ័យរបស់ខ្លួន។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ សភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជាឲ្យដឹងថានេះជាលើកទីពីរហើយនៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា។ សេចក្តីប្រកាសបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទទួលស្គាល់និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជាឲ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ការប្រកួតប្រជែងនេះក៏លើកកម្ពស់ឲ្យសហគ្រិនកម្ពុជាត្រៀមខ្លួនក្នុងការដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន បេក្ខជនដែលចូលរួមប្រកួតប្រជែងបានត្រូវមានអាយុពី១៨ដល់៤៥ឆ្នាំ ហើយបានបើកអាជីវកម្មនៅកម្ពុជានិងមានដំណើរការយ៉ាងតិច២ឆ្នាំ បានចុះបញ្ជីត្រឹមត្រូវនិងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយគ្រប់គ្រងដោយជនជាតិខ្មែរ។ សហគ្រិនដែលចូលរួមប្រកួតប្រជែងត្រូវមានអាជីវកម្មដែលមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់។ បេក្ខជនអាចដាក់ពាក្យបានចាប់ពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៦ តាមរយៈhttp://cyeaward.com/៕