រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រីរ៉ស់និងត្រី​ឆ្ដោ​ឡើងវិញ

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោឡើងវិញ ដោយបញ្ជាក់ថា ដើម្បីបង្កើនប្រាក់ចំណូល និងការងារជូនពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានហាមមិនឲ្យចិញ្ចឹមត្រីទាំងពីរប្រភេទនេះអស់រយៈពេលជាង១០ឆ្នាំ។

ក្នុងលិខិតចុះថ្ងៃទី២៨ ខែមេសា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចយល់ព្រមតាមសំណើរបស់ក្រសួងកសិកម្មក្នុងការបើកឲ្យចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោឡើងវិញជាលក្ខណៈទូទៅគឺទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម។ លិខិតបញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងក្រោយមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លិខិតឲ្យដឹងដែរថា ការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោជាលក្ខណៈពាណិជ្ជកម្មត្រូវមានភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដោយរដ្ឋាភិបាលបញ្ជាក់ថា ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់បច្ចេកទេស ព្រមទាំងការព្យាបាលជំងឺ។ លិខិតបញ្ជាក់ថា លក្ខខណ្ឌនៃការចិញ្ចឹមត្រីនេះត្រូវចេញដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងធានាឲ្យបាននូវបទដ្ឋានបច្ចេកទេសសមស្រប និរន្តរភាពធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។

កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងកសិកម្មដែលទើបឡើងតំណែងថ្មីលោក វេង សាខុន បានស្នើទៅរដ្ឋាភិបាលដើម្បីអនុញ្ញាតបើកឲ្យចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោឡើងវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក្រសួងកសិកម្មបានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋ និងអាជីវករបញ្ឈប់ការចញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ដោយក្រសួងបញ្ជាក់ថា ការចិញ្ចឹមត្រីពីរប្រភេទនេះនាំឲ្យមានការនេសាទកូនត្រីពីបឹងទន្លេធម្មជាតិសម្រាប់ផ្ដល់ជាចំណីឲ្យត្រីឆ្ដោ និងត្រីរ៉ស់ចិញ្ចឹមទាំងនោះ ធ្វើឲ្យប៉ពាល់ធ្ងន់ធ្ងរទៅដល់មច្ឆាជាតិ។

យ៉ាងណាក៏ដោយ ប្រជានេសាទបានលើកឡើងថា ការចញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេដោយលោកថា មិនមែនមានត្រីរ៉ស់ និងត្រីឆ្ដោនោះទេដែលស៊ីត្រីគ្នាឯងជាអាហារ។

ប្រធានបណ្តាញសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត បានប្រាប់វីអូឌីកាលពីកន្លងទៅថា ការហាមមិនឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោ មិនអាចទប់ស្កាត់ការថយចុះផលត្រីតូចៗនោះទេ ដោយលោកថា ត្រីតូចៗនៅតែត្រូវបានបន្តនាំចេញទៅប្រទេសវៀតណាម។

លោក ឡុង សូចែត បានបន្តថា មូលហេតុដែលប្រជាពលរដ្ឋយកត្រីតូចៗទៅធ្វើជាចំណីត្រីរ៉ស់ ដោយសាតែត្រីតូចៗងាយស្រួលរក មិនបាច់ចំណាយថវិកាដូចចំណីអាហារកែឆ្នៃ ហើយត្រីតូចៗអាចធ្វើឲ្យត្រីឆ្តោ និងត្រីរ៉ស់ធំលឿនឆាប់បានលក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ