VJ រតនា ​ យក​ពេល​ក្រេប​ទឹកឃ្មុំទៅធ្វើ​​ស្ថានីយប្រេង​សាំង​

លោក ធី រតនា ហៅVJ រតនា និង​ភរិយា (រូបពី​ហ្វេសប៊ុករបស់លោក)

នៅថ្ងៃសុក្រទី២៩ ខែមេសានេះ គឺជាថ្ងៃដែលពិធីករល្បីឈ្មោះលោក ធី រតនា ហៅVJ រតនា រៀបការជាមួយកូនក្រមុំឈ្មោះ លឹម លីសា វ័យ២៤ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរភ្ជាប់ពាក្យអស់ប្រមាណជិតមួយឆ្នាំតាំងពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៥។ ខុសពីគូស្នេហ៍ភាគច្រើនដែលបង្ហាញពីគម្រោងទៅក្រេបទឹកឃ្មុំពីប្រទេសមួយទៅប្រទេសមួយ តារារូបនេះបញ្ជាក់ថានឹងយកពេលក្រោយថ្ងៃរៀបការភ្លាមៗ ទៅមើលការសាងសង់ស្ថានីយចាក់សាំងថ្មីមួយនៅខេត្តព្រះវិហារ ដែលជាជំនួញទី២របស់ខ្លួនទៅវិញ។

លោក ធី រតនា បានថ្លែងប្រាប់ក្រោយបញ្ចប់ពិធីសូត្រមន្តដែលរៀបចំនៅម្ដុំទួលសង្កែថា លោក និងភរិយាបន់ឲ្យតែចប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ដើម្បីបានទៅចាត់ចែងបើកស្ថានីយប្រេងមួយទៀត ដោយមិនមានគម្រោងចេញទៅក្រេបទឹកឃ្មុំ ដូចគូស្នេហ៍តារាសិល្បៈទាំងឡាយឡើយ។ លោកនិយាយថា៖ “ក្រេបទឹកឃ្មុំអីទេបងអើយ បើម្នាក់ៗរវល់ចង់ងាប់ហ្នឹង! ពួកខ្ញុំបន់ឲ្យតែចប់មង្គលការទេ ដើម្បីបានឡើងចុះទៅធ្វើការ៉ាស់(ស្ថានីយ)សាំងនៅខេត្តព្រះវិហារ។ ខ្ញុំ និងប្រពន្ធរាល់ថ្ងៃដូចអត់មានចង់ដើរអីចឹងៗទេ ចាំបានការ៉ាស់សាំងមួយទៀតសិនបានគិតរឿងសប្បាយក្រោយ”

លោកបន្តថា គម្រោងសាងសង់ស្ថានីយប្រេងឥន្ធនៈទី២នៅខេត្តព្រះវិហារនោះ គឺបន្ទាប់ពីបានដំណើរការស្ថានីយប្រេងឥន្ធនៈទី១នៅម្ដុំផ្សារចាក់អង្រែក្រោម (នៅភ្នំពេញ) ហើយទទួលបានផលចំណេញក្រាស់ក្រែល ដោយមិនបារម្ភរឿងធ្លាក់ការងារសិល្បៈក្រោយពេលរៀបការ។ លោកមិនច្បាស់ពីខ្ទង់ចំណាយសម្រាប់ស្ថានីយសាំងនៅខេត្តព្រះវិហារនោះទេ ដោយគ្រាន់តែអះអាងថា ថវិកាសម្រាប់ចាត់ចែងគឺបានសន្សំពីរនាក់ប្ដីប្រពន្ធតាំងពីនៅជាគូដណ្ដឹងគ្នា។ លោកនិយាយថា៖ “នៅព្រះវិហារហ្នឹងប្រហែលអស់ច្រើន ព្រោះនៅហ្នឹងដីធំ ហើយបើត្រូវធ្វើជាកន្លែងលាងឡានផង ធ្វើកន្លែងប្ដូរប្រេងម៉ាស៊ីនអី និងជាStar mart (កូនផ្សារលក់ឥវ៉ាន់)ផង មើលទៅអស់ច្រើន អញ្ចឹងហើយពួកយើងអត់គិតរឿងដើរលេងទេ ប៉ុន្តែអត់ប្រាកដដែរបើភរិយាខ្ញុំគាត់ចង់ទៅលេងថៃអី២៣ថ្ងៃ អាចនាំគាត់ទៅដែរ”

ពិធីសូត្រមន្តអាពាហ៍ពិពាហ៍ VJ រតនា (រូបពីហ្វេសប៊ុក)
ពិធីសូត្រមន្តអាពាហ៍ពិពាហ៍ VJ រតនា (រូបពីហ្វេសប៊ុក)

ងាកទៅកាន់ពិធីមង្គលការនៅថ្ងៃទី២៩ ខែមេសានេះវិញ លោកថាពិធីនេះត្រូវបានចាត់ចែងនៅបរិវេណកោះពេជ្រក្នុងអាគារB ទាំងអស់ ដើម្បីឲ្យពិធីហែរជំនូន ពិធីកាត់សក់ ពិធីចងដៃ ស្ថិតនៅទីតាំងតែមួយនៅកន្លែងទទួលភ្ញៀវពេលល្ងាចកុំឲ្យភ្ញៀវ និងបងប្អូនមកចូលរួមពិបាក។ លោកនិយាយថា៖ “មង្គលខ្ញុំធ្វើនៅតែផ្ទះតែសូត្រមន្តទេ នៅម្ដុំទួលសង្កែ ក្រៅពីនោះខ្ញុំធ្វើនៅកោះពេជ្រទាំងអស់ ដោយភ្ញៀវដែលខ្ញុំហៅគឺប្រមាណ៨០តុ ហើយសុទ្ធតែជាតារាសិល្បៈភាគច្រើន”។ លោកថា បើតារាសិល្បៈដែលលោកបានអញ្ជើញនោះមិនអវត្តមានទេ គឺភ្ញៀវកិត្តិយសដែលទៅបង្ហាញមុខនៅក្នុងពិធីមង្គលការរបស់លោកអាចនិយាយបានថា សឹងមិនបាត់តារាណាម្នាក់នោះឡើយ។

យ៉ាងណាមិញ លោកថាមង្គលការដែលបានរៀបចំ មិនមានសភាពឥតខ្ចោះលើសពីពិធីមង្គលការរបស់តារាសិល្បៈមួយចំនួននោះទេ ដោយសារតែលោក និងភរិយាមិនចង់ដកប្រាក់សន្សំដែលទុកសម្រាប់ធ្វើទីតាំងចាក់សាំងនៅព្រះវិហារយកទៅចំណាយ។ លោកថា ក្រោយមង្គលការចប់មិនហួសពី១ខែ ឬ២ខែនោះទេ ស្ថានីយចាក់សាំងថ្មីមួយដែលខ្លួនប្រកាសឡើងនឹងលេចរូបរាង ហើយលោកក៏កាន់តែមានតែលំនឹងនៅក្នុងជីវិតនោះដែរ ដោយសារតែកន្លែងចាក់សាំងចំនួន២ជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកនិយាយថា៖ “ខ្ញុំមើលឃើញថា មានតែបើកការ៉ាស់សាំងទេទើបស្រួលរកលុយ បើទោះជាប្រើដើមច្រើន។ អញ្ចឹងហើយទើបខ្ញុំ និងភរិយាចង់បើកឲ្យបាន២សិននៅក្នុងឆ្នាំហ្នឹង ហើយបើអាចគឺនឹងអាចប្រឹងប្រែងបន្ថែមទៀត”VJ រតនា បញ្ជាក់ថាភរិយារបស់លោកគឺជាបេក្ខភាពមួយរូបដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី Freshies  តែនាងមិនធ្លាប់បានប្រឡូកនៅក្នុងសិល្បៈនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ