សមត្ថកិច្ចមួយចំនួនត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ តាមផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខធ្វើដំណើរ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើដំណើរតាមរថភ្លើងនៅព្រឹកថ្ងៃសៅរ៍នេះ។
រថភ្លើងមានចំនួន៥ទូរដែលក្នុងនោះបីទូរមានម៉ាស៊ីនត្រជាក់និងពីរទូរមានបំពាក់កង្ហារ។ នាយករដ្ឋមន្រ្តីធ្វើដំណើរតាមទូរមួយក្នុងចំណោមទូរខាងក្រោយដែលមានបំពាក់ម៉ាស៊ីនត្រជាក់។ លោកត្រូវបានអមដំណើរដោយមន្រ្តីមួយចំនួនក្នុងនោះក៏មានរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុលនិងលោកឧកញ៉ាគិត ម៉េង ប្រធានក្រុមហ៊ុនRoyal Groupដែលទទួលបានសម្បទានពីរដ្ឋាភិបាលធ្វើអាជីវកម្មផ្លូវដែក៣០ឆ្នាំ ដោយសហការជាមួយក្រុមហ៊ុនToll Royal Railway។
លោក ហ៊ុន សែន បានផ្តល់អាហារពេលព្រឹកដល់អ្នកធ្វើដំណើរទាំងអស់ ដែលក្នុងនោះមាននំបុ័ង ចេក កូកានិងទឹកសុទ្ធជាដើម។ លោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥ម៉ឺនរៀលដល់អ្នកធ្វើដំណើរម្នាក់ៗ។
បើតាមអ្នកចាត់ចែងរៀបចំដាក់អ្នកធ្វើដំណើរ មនុស្សដែលជិះក្នុងទូរទាំងអស់អាចមានចំនួនប្រមាណ៣០០នាក់ ដោយពីរទូរខាងមុខមានចំនួន១២៤នាក់និងបីទូរខាងក្រោយមានចំនួន១៧៣នាក់។
តាមដងផ្លូវ អ្នកធ្វើដំណើរសង្កេតឃើញមានសមត្ថកិច្ចយាមកាមជាបន្តបន្ទាប់ នៅតាមផ្ទះអ្នកភូមិចន្លោះពីបួនទៅប្រាំម៉ែត្រ មានអ្នកយាមកាមមួយទៅពីរនាក់។ ចំណែកផ្លូវវាលមិនមានផ្ទះអ្នកភូមិ ចន្លោះ៥០ម៉ែត្រ ១០០ម៉ែត្រឬ ទៅ២០០ម៉ែត្រ មានអ្នកយាមកាមមួយនាក់ទៅពីរនាក់ ដោយអ្នកខ្លះកាន់កាំភ្លើងវែងផងដែរ។
រថភ្លើងបានចាកចេញពីភ្នំពេញនៅម៉ោង៧ព្រឹក ហើយនឹងចំណាយពេលប្រមាណ៨ម៉ោងទើបទៅដល់ក្រុងព្រះសីហនុ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបញ្ជាក់ពីគោលបំណងដែលលោកធ្វើដំណើរទៅក្រុងព្រះសីហនុតាមរថភ្លើងនោះទេ។ ពេលទៅដល់ខេត្តកំពង់ស្ពឺ លោក ហ៊ុន សែន បានចុះទទួលស្វាគមន៍ប្រជាពលរដ្ឋជាង៣០០នាក់ដែលពាក់អាវនិងមួកគណកប្សប្រជាជនកម្ពុជា អស់រយៈពេលប្រមាណ១០នាទី។ អ្នកធ្វើដំណើរមិនត្រូវបានអនុញ្ញាតឲ្យចុះពីទូរ ពេលរថភ្លើងឈប់ដើម្បីឲ្យលោក ហ៊ុន សែន ទទួលស្វាគមន៍ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថាផ្លូវរថភ្លើងភ្នំពេញព្រះសីហុនត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦០ដល់ឆ្នាំ១៩៦៩ក្នុងសម័យសង្គមរាស្រ្តនិយម ដែលមានប្រវែង២៦៦គីឡូម៉ែត្រ។ ផ្លូវរថភ្លើងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញចាប់ពីថ្ងៃទី៩ខែមេសា ឆ្នាំ២០១៦៕ រាយការណ៍បន្ថែមដោយ ស៊ុន ណារិន