ក្រុមមេដឹកនាំសហជីព អះអាងថា កម្មករកម្មការិនីប្រហែល ៤ពាន់នាក់ មកពីវិស័យចម្រុះគ្រោងចូលរួមដើរហែក្បួនក្នុងយុទ្ធនាការមួយនៅក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះស្រាយក្ដីកង្វល់របស់ពួកគេ ចំពេលដែលពិភពលោកប្រាព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា បើទោះបីជាអាជ្ញាធរពុំអនុញ្ញាតឲ្យដង្ហែក្បួនក៏ដោយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងនៅថ្ងៃទី២៩ ខែមេសានេះថា កម្មករនិយោជិតជាង ២ពាន់នាក់ នឹងជួបជុំគ្នានៅមាត់ទន្លេជិតវត្តភ្នំ ហើយបន្ទាប់មក ពួកគេនឹងដើរដង្ហែក្បួនដើម្បីដាក់ញត្តិទៅរដ្ឋសភា។
លោក អាត់ ធន់ ថ្លែងថា៖ «យុទ្ធនាការនោះ នឹងជំរុញឲ្យរដ្ឋាភិបាល និងរដ្ឋសភា ដោះស្រាយបញ្ហាប្រាក់ឈ្នួលសមរម្យ សេរីភាពសហជីព ការធ្វើវិសោធនកម្មមាត្រាខ្លះនៃច្បាប់សហជីព ពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងសុវត្ថិភាពការងារ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី០១ ឧសភានោះ កម្មករកម្មការិនីមួយក្រុមទៀតចំនួនប្រហែល ១៥០០នាក់ នឹងជួបជុំគ្នានៅមុខពហុកីឡាដ្ឋានអូឡាំពិក មុននឹងពួកគេដើរហែក្បួនទៅកាន់ក្រសួងការងារ។
លោក មឿន តុលា បានថ្លែងថា តំណាងកម្មករ នឹងថ្លែងពីទុក្ខលំបាករបស់ពួកគេ ដូចជា ការប្រឈមមុខនឹងគ្រោះថ្នាក់ពេលធ្វើដំណើរ សុវត្ថិភាពនៅកន្លែងការងារ កិច្ចសន្យារយៈពេលខ្លី និងការរឹតបន្តឹងលើសេរីភាពបង្កើតសហជីព។
ប៉ុន្តែ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ថា សាលារាជធានីភ្នំពេញ ពុំអនុញ្ញាតឲ្យមានការដង្ហែក្បួននោះឡើយ ដោយលោកប្រាប់ថា ការដើរដង្ហែក្បួនអាចបណ្ដាលឲ្យកកស្ទះចរាចរណ៍។
លោក ឃួង ស្រេង ថ្លែងថា៖ «អនុញ្ញាតឲ្យធ្វើនៅសួន CDC ទៅតាមការស្នើសុំ តែមិនឲ្យហែក្បួនទេ។ រីឯការដាក់ញ្ញតិ ត្រូវចាត់ចែងតំណាងទៅតាមកន្លែងដែលខ្លួន(ចង់ដាក់) ឬក៏ស្ថាប័នពាក់ព័ន្ធសម្របសម្រួលទៅស្ថាប័នពាក់ព័ន្ធ»។
បច្ចុប្បន្ននេះ កម្មកររោងកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើង មានចំនួនប្រហែល ៧០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ហើយពួកគេទទួលបានប្រាក់ខែគោល ១៤០ដុល្លារក្នុងមួយខែ។
ប៉ុន្តែ លោក មឿន តុលា បញ្ចាក់ថា ប្រាក់ឈ្នួលនេះ មិនអាចទ្រទ្រង់ជីវិភាពរបស់កម្មករកម្មការិនីបានឡើយ ហើយកម្មករកាន់តែច្រើន ស្លាប់ និងរងរបួសនៅអំឡុងពេលធ្វើដំណើរទៅ និងត្រឡប់ពីបំពេញការងារ៕