តុលាការ​នឹង​បន្ត​សាកសួរ​​មន្ត្រីអាដហុក​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប ទៀត​នៅ​ថ្ងៃ​ស្អែក​

មន្ត្រី​អាដហុក​និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​​ដែល​សមត្ថកិច្ច​ដឹក​តាម​រថយន្ត(រូបថត៖ យ៉ែម​ ដាលីស)

សាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃអាទិត្យនេះបានសម្រេចបញ្ជូនមន្ត្រី៤រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅអង្គភាពប្រឆាំងពុករលួយវិញ ដោយតុលាការនឹងបន្តការសាកសួរទៀតនៅថ្ងៃស្អែក។

នៅព្រឹកថ្ងៃអាទិត្យនេះ មន្ត្រីទាំង៥រូបនោះត្រូវបានបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយទៅសាលាដំបូងរាជធានីភ្នំពេញទាំងមានដាក់ខ្នោះដៃ ដើម្បីធ្វើការសាកសួរ។

មេធាវីម្នាក់ក្នុងចំណោម៥នាក់ដែលការពារក្ដីឲ្យអ្នកទាំង៥ លោកស្រី គា សុផល បានថ្លែងប្រាប់អ្នកសារព័ត៌មានពេលចេញពីតុលាការនៅម៉ោងប្រមាណជិត៨យប់នេះថា ព្រះរាជអាជ្ញាចំនួន៥រូបបានសាកសួរមន្ត្រីទាំង៥រូបអស់រយៈពេល១ថ្ងៃពេញ តែពុំទាន់បានធ្វើការចោទប្រកាន់អ្វីនោះទេ។ លោកស្រីបន្តថា តុលាការនឹងបន្តការសាកសួរទៀតនៅថ្ងៃស្អែក។

លោកស្រី គា សុផល ឲ្យដឹងដែរថា មន្ត្រីទាំង៥រូបត្រូវបានដាក់ខ្នោះពេលត្រូវបញ្ជូនមកសាកសួរ។ លោកស្រីបន្ថែមថា លោកស្រីសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទលើមន្ត្រីទាំង៥រូបដោយលោកស្រីថា ពួកគេពុំបានធ្វើអ្វីខុសនោះទេ។

គួរបញ្ជាក់ថា ស្របពេលនៃសាកសួរមន្ត្រីទាំង៥នាក់នៅថ្ងៃនេះ  សកម្មជនមកពីសហគមន៍មានជម្លោះដីធ្លី និងសិស្សនិស្សិតប្រមាណ៥០នាក់បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយពួកគេបានទាមទារឲ្យដោះលែងមន្ត្រីទាំងនោះ។

កាលពីល្ងាចមិញអ្នកទាំង៥រូបនេះ ក៏បានបញ្ជូនទៅកាន់តុលាការក្នុងរយៈពេលខ្លីមួយដែរ។

មន្រ្តីអាដហុក៤រូបរួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរងគ.ជ.ប គឺលោក នី ចរិយា។ ទាំង៥រូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនិង ចោទប្រកាន់ថា ជាប់ព័ន្ធ និងការណែនាំឲ្យកញ្ញាស្រីមុំផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ