លោក ហ៊ុន សែន បន្ត​ចំអកបក្ស​ប្រឆាំង​រឿងអត់ចុះជួយ​ទឹក​ដល់ប្រជា​ពលរដ្ឋ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចែកទឹកសុទ្ធ​ដល់ប្រជា​ពលរដ្ឋ​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ(រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងចំអកឲ្យបក្សប្រឆាំងថាមិនបានចុះជួយប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកនិងថាបក្សប្រឆាំងកំពុងធ្វើ”នយោបាយភ្លឺណាស់”និង”មិនមែនជាដៃគូប្រកួត”របស់លោកនោះទេ។

ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថាលោកបានស្តាប់ការអត្ថាធិប្បាយរបស់បក្សប្រឆាំងថាមិនអាចជួយទឹកបានទេគឺបានត្រឹមតែផ្តល់យោបល់ ហើយថាចាំពេលកាន់អំណាច ទើបអាចជួយបាន។ លោកបញ្ជាក់ថា៖ “ឱព្រះហើយព្រះ បើអញ្ចឹងចាំជាតិក្រោយ ចាំកាន់”។

លោក ហ៊ុន សែន បន្តថាប្រសិនបើលោកជាបក្សប្រឆាំងវិញ លោកនឹងចុះចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញដល់អ្នកគាំទ្រ។ លោកបញ្ជាក់ថា៖ “អ្នកធ្វើនយោបាយនៅភ្លឺណាស់ ខ្ចីណាស់ មិនមែនជាដៃគូប្រកួតរបស់ ហ៊ុន សែន ទេ”។ លោកមិនបានបញ្ជាក់ឈ្មោះរបស់គណបក្សណាមួយនោះទេ។

វីអូឌីមិនអាចសុំការបញ្ជាក់ពីមន្រ្តីគណបក្សសង្រ្គោះជាតិបាននៅឡើយទេ។

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់លើកឡើងថាការដឹកទឹកយកទៅចែកពលរដ្ឋដែលខ្វះទឹកជា”រូបភាពល្អមើល” តែលោកចាត់ទុកថា”វាមិនមែនជាការគ្រប់គ្រងល្អរបស់រដ្ឋាភិបាលទេ”។ លោកបញ្ជាក់ថា៖ “គណបក្សដទៃ ថ្មី ចាស់ ដែលមិនបានដឹកនាំរដ្ឋាភិបាលនិងមិនធ្លាប់កាប់បំផ្លាញព្រៃឈើ ព្រមទាំងមិនបានចាក់ដីលុបបឹងយកលក់ បើគេមិនបានចូលរួមដឹកទឹកដើរចែកពលរដ្ឋខ្មែរ ក៏មិនមែនជាកំហុសដែរ ពីព្រោះគណបក្សនយោបាយដទៃ ថ្មី និងចាស់ ទាំងអស់នោះមិនមែនចាយលុយជាតិ ដូច គណបក្សកាន់អំណាចទេ”។ លោកបន្ថែមថា៖ “តែបើរដ្ឋាភិបាលបណ្តោយឲ្យមានអ្នកស្លាប់ដោយសារដាច់ទឹកនោះ វាជាកំហុសដ៏ធ្ងន់ធ្ងរ ដែលបង្ហាញពីអមសត្ថភាពនៃការដឹកនាំ ដែលត្រូវតែចុះចេញពីតំណែង”។

កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុម”និយមឃោសនាបោកប្រាស់”។ លោកបានបញ្ជាក់ថា៖ “សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា”។ លោកស្នើកុំឲ្យមានការលើកឡើងថា៖“អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ