​សហជីព​ខកចិត្ត​ចំពោះ​អាជ្ញាធរ​រារាំង​ការ​ហែរ​ក្បួន​របស់​កម្មករ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​

ក្រុមសហជីពដែលបានដឹកនាំកម្មករហែរក្បួនក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ

ក្រុមសហជីពដែលបានដឹកនាំកម្មករហែរក្បួនក្នុងថ្ងៃទិវាពលកម្មអន្តរជាតិសម្ដែងការខកចិត្តចំពោះអាជ្ញាធរដែលបានរារាំងការហែរក្បួនរបស់កម្មករដើម្បីដាក់ញត្តិទៅកាន់រដ្ឋសភា និង ក្រសួងការងារដើម្បីសម្ដែងនូវទុក្ខកង្វល់របស់កម្មករ។

នៅក្នុងថ្ងៃទិវាពលកម្មអន្តរជាតិលើកទី ១៣០ ដែលធ្វើឡើងនៅថ្ងៃទី១ ខែ ឧសភា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន និង សហជីពមួយចំនួនទៀតបានដឹកនាំ កម្មករប្រមាណជាង ២០០០ នាក់ដើរហែរក្បូនទៅកាន់សភាដើម្បី ឲ្យស្ថាប័នរដ្ឋមួយនេះ ដោះស្រាយបញ្ហារបស់កម្មករមួយចំនួនដូចជា ការស្នើតំឡើងប្រាក់ឈ្នួល ការស្នើឲ្យរក្សា សុវត្ថិភាពនៅកន្លែងការងារ ការស្នើឲ្យភាគីរោងចក្រលុបចោលនូវលក្ខណការងាររយៈពេលខ្លី និង បញ្ឈប់ការបំភិតបំភ័យគំរាមកំហែងដល់សហជីពផងដែរ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ សំដែងការខកចិត្តជាខ្លាំងដែល អាជ្ញាធរដែលរារាំងមិនឲ្យហែរក្បួនទៅសំដែងមតិនៅមុខសភា។ លោកបន្ថែមថារារាំង នេះគឺជាការរំលោភទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង សិទ្ធិរបស់កម្មករ។

ចំណែកឯក្រុមសហជីពមួយក្រុមទៀតដែលគ្រោងនឹងហែរញត្តិពីស្តាតអូឡាំពិកទៅកាន់ក្រសួងការងារក៏ត្រូវបានអាជ្ញាធរដាក់របាំង និងខែលរារាំងមិនឲ្យហែរក្បួននោះទេ។

ប្រធានបណ្ដាញយុវជនកម្ពុជាលោក ទឹម ម៉ាឡៃ ក៏បានឲ្យដឹងថា ការសម្រេចមិនហែរក្បួននេះ ដោយសារតែមិនចង់ឲ្យមានការប៉ះទង្គិចណាមួយកើតមាន។ លោកបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានច្បាប់ជាច្រើនដែលធានាដល់ការសម្ដែងមតិ និង សិទ្ធិរបស់ពលរដ្ឋ តែលោកខកដែលរដ្ឋាភិបាលរិតត្បិតសិទ្ធិជួបជុំសម្ដែងមតិរបស់ពលរដ្ឋ។

ទោះបីជាយ៉ាងណាអាជ្ញាធរអះអាងថា ការហែរក្បួននេះមិនមានច្បាប់អនុញាត ហើយការរារាំងនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ ជៀសវាងការកកស្ទះចរាចរណ៍ផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ