មន្ត្រីអាដហុកនិង​អគ្គលេខាធិការ​រង​ គ.ជ.ប ត្រូវ​បាន​បញ្ជូន​ទៅតុលាការ​​ជាថ្មី​នៅព្រឹកនេះ​

ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

មន្ត្រី៤រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកនិងអគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានបញ្ជូនទៅកាន់តុលាការជាថ្មីបន្ទាប់ពីការសាកសួរអស់រយៈពេលជិត១២ម៉ោងកាលពីម្សិលមិញ តុលាការមិនទាន់បានសម្រេចចោទប្រកាន់អ្នកទាំង៥ពីបទអ្វីនៅឡើយ។

កាលពីម្សិលមិញ ព្រះរាជអាជ្ញាចំនួន៥រូបនៅសាលដំបូងរាជធានីភ្នំពេញ បានសាកសួរមន្ត្រីទាំង៥រូបអស់រយៈពេល១ថ្ងៃពេញ តែពុំទាន់បានធ្វើការចោទប្រកាន់អ្វីនោះទេ ដោយបានសម្រេចបញ្ជូនអ្នកទាំង៥ទៅអង្គភាពប្រឆាំងពុករលួយវិញសិន។

នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃចន្ទនេះ អ្នកទាំង៥ត្រូវបានបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយទៅកាន់តុលាការសារជាថ្មីវិញ ដើម្បីបន្តនីតិវិធី។

មន្រ្តីអាដហុក៤រូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីរបស់សមាគមអាដហុកផងដែរ។ អ្នកទាំង៥ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនិងចោទប្រកាន់ថា ជាប់ព័ន្ធនិងការណែនាំឲ្យកញ្ញាស្រីមុំផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ច។

គួរបញ្ជាក់ថា នេះជាលើកទី៣ដែលអ្នកទាំង៥ត្រូវបានបញ្ជូនទៅកាលតុលាការ ដោយកាលពីថ្ងៃសៅរ៍មន្ត្រីទាំង៥រូបត្រូវបានអង្គភាពប្រឆាំងពុករលួយបញ្ជូនទៅកាន់តុលាការក្នុងរយៈពេលខ្លីមួយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ