តុលាការកោះហៅលោក អ៊ូ វីរៈ និង​លោក សុខ ឥសាន សាកសួរ​ពី​បណ្តឹងបរិហារករ្តិ៍របស់គណបក្សកាន់អំណាច​

អ្នកវិភាគឯករាជ្យ​ លោក អ៊ូ វីរៈ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរ និងស្តាប់ចម្លើយពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍របស់គណបក្សកាន់អំណាចដែលបានប្តឹងកាលពីចុងខែមេសាកន្លងទៅ។

ក្នុងដីកាកោះមួយច្បាប់ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ កោះហៅលោក អ៊ូ វីរៈ ឲ្យចូលទៅតុលាការ ដើម្បីសាកសួរ និងស្តាប់ចម្លើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក។ បើតាមដីកាកោះនោះ ការចូលខ្លួនរបស់របស់ លោក អ៊ូ វីរៈ គឺពាក់ព័ន្ធទៅនឹងដំណើររឿងដែលគណបក្សប្រជាជនកម្ពុជាប្តឹងលោកពីបទបរិហារកេរ្តិ៍ជាសាធារណៈ។

ជាមួយគ្នានេះដែរ ក្នុងដីកាកោះដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី២៨ ខែមេសា ដូចគ្នា ព្រះរាជអាជ្ញារងរូបនេះ ក៏បានកោះហៅលោក សុខ ឥសាន ដែលជាដើមបណ្តឹងតំណាងគណបក្សប្រជាជនកម្ពុជា ឲ្យចូលទៅតុលាការដើម្បីស្តាប់ចម្លើយ និងសាកសួរ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅម៉ោង៩ព្រឹក ទាក់ទឹងនឹងដំណើររឿងដែលគណបក្សនេះប្តឹងលោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ដូចគ្នាដែរ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ ប្រាប់វីអូឌី នៅថ្ងៃនេះថា លោកនឹងចូលខ្លួនទៅតុលាការតាមដីការកោះនេះ ហើយលោកថា លោកមិនមានការព្រួយបារម្ភអ្វីនោះទេ។ លោកថា បណ្តឹងរបស់គណបក្សប្រជាជននេះមិនមានមូលដ្ឋានអ្វីច្បាស់លាស់។ លោក បន្ថែមថា៖ “ខ្ញុំមើលទៅអត់ទាន់ឃើញអ្វីច្បាស់លាស់ទេ ប៉ុន្តែបើយើងមើលឲ្យមែនទែនទៅការដាក់ពាក្យបណ្តឹង ខ្ញុំឃើញថាអត់មានមូលដ្ឋានផ្លូវច្បាប់អីច្បាស់លាស់។ ខ្ញុំអត់មានអីព្រួយបារម្ភទេបាទ…ខ្ញុំសោកស្តាយ សោកស្តាយត្រង់ថាទី១គឺមានការយល់ខុសត្រង់អ្វីដែលខ្ញុំនិយាយហ្នឹង តាមអ្វីដែលលើកឡើងដោយឯឧត្តម សុខ ឥសាន ខ្ញុំមើលទៅគាត់យល់ខុសច្រើន”

ដូចគ្នានេះដែរ តំណាងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យវីអូឌី(VOD)ដឹងដែរថា លោក និងមេធាវីរបស់លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការតាមថ្ងៃកំណត់។ លោកថា បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជានេះធ្វើឡើងត្រឹមត្រូវតាមច្បាប់។

លោក សុខ ឥសាន បានច្រានចោលការលើកឡើងថា បណ្ដឹងប្រឆាំងលោក អ៊ូ វីរៈ នេះថាជាការគំរាមកំហែង និងជាការបំបិទសិទ្ធិ។ លោកមានប្រសាសន៍ថា៖ “អត់មានបំបិទសិទ្ធិទេ អាហ្នឹងអនុវត្តនីតិរដ្ឋ គាត់និយាយលើសព្រំដែនបញ្ចេញមតិហើយ គាត់និយាយបរិហារកេរ្តិ៍ជាសាធារណៈ និងមានលក្ខណៈមួលបង្កាច់គណបក្សប្រជាជនកម្ពុជា”

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា អង្គការសង្គមស៊ីវិលចំនួន២៥ស្ថាប័ន បានចេញលិខិតថ្កោលទោសចំពោះបណ្តឹងលើលោក អ៊ូ វីរៈ នេះ ដោយអង្គការទាំងនេះចាត់ទុកថាលោក អ៊ូ វីរៈ គ្រាន់តែគ្រាន់តែបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ និងច្បាប់អន្តរជាតិ។ អង្គការទាំង២៥ ស្ថាប័ននេះក៏បានអំពាវនាវឲ្យតុលការច្រានចោលបណ្តឹងប្រឆាំងលោក អ៊ូ វីរៈ ផងដែរ។

គួររំឭកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក្នុងពាក្យបណ្តឹងនោះ គណបក្សប្រជាជនកម្ពុជាស្នើឲ្យតុលាការចោទប្រកាន់និងផ្តន្ទាទោសទៅតាមច្បាប់និងទាមទារឲ្យលោក អ៊ូ វីរៈ ផ្តល់សំណង៤០០លានរៀលស្មើប្រមាណ១០ម៉ឺនដុល្លារ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered