សកម្មជនការពារព្រៃឈើខេត្តឧត្តមានជ័យអះអាងថាទាហានគំរាមបាញ់ពេលចុះល្បាតព្រៃ

សកម្មភាពសហគមន៍​ចុះ​​បង្ក្រាប​បទល្មើសព្រៃឈើ នាពេលកន្លងមក (រូបផ្ដល់​ឲ្យ​ដោយសហគមន៍​)

សកម្មជនការពារព្រៃឈើក្នុងខេត្តឧត្តមានជ័យអះអាងថា ពួកគេត្រូវទាហានកងពលលេខ៤២ប្រចាំខេត្តឧត្តមានជ័យគំរាមបាញ់ពេលចុះទប់ស្កាត់បទល្មើសព្រៃឈើក្នុងសហគមន៍ តែទាហានក្នុងខេត្តនេះបដិសេធការចោទប្រកាន់។

ប្រធានល្បាតព្រៃនៃសហគមន៍រតនរុក្ខាក្នុងខេត្តឧត្តមានជ័យ លោក ស្មិន តិ បានប្រាប់វីអូឌីថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោកនិងក្រុមការងារសហគមន៍បានចុះល្បាតព្រៃ និងឃាត់បានបទល្មើសមួយដែលពួកគែអះអាងថាព្រឹត្តិដោយទាហានកងពលលេខ៤២។ លោកបន្ថែមថា ខណៈពេលកំពុងឃាត់បទល្មើសដើម្បីសួរនាំ និងផ្តិតយករូបភាព ទាហាននោះក៏បានគំរាមបាញ់ទៅលើមន្រ្តីល្បាតព្រៃសហគមន៍ម្នាក់។

លោកបន្ថែមថា៖ “ទាហានពីរនាក់ជាមួយកាំភ្លើងពីរដើម កាំភ្លើងអាការស្វាយបតមួយដើម និងកាំភ្លើងខ្លីមួយដើម។ អ្នកសហគមន៍ព្រៃឈើរបស់ខ្ញុំហ្នឹងបានថតរូបជាមួយនឹងទូរស័ព្ទ ហើយទាហានគាត់រត់ទៅឆក់យកទូរសព្ទហើយសម្លុតថា ពួកឯងតិចបាញ់បំបាក់ដៃឥឡូវហើយ អត់ឲ្យថតទេ! កុំថត! បើនៅតែថតទៀតបាញ់ឯងបំបាក់ដៃ បំបាក់ជើងហើយ”

ប្រធានអនុគណៈកម្មការព្រៃឈើប្រចាំភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ក្នុងខេត្តឧត្តរមានជ័យ លោក លី ណាម មានប្រសាសន៍ថា ករណីទាហានគំរាមបាញ់លើរូបលោកនេះគឺជាការគំរាមកំហែង ដើម្បីបំបាក់ស្មារតីមិនឲ្យសហគមន៍ចេញមុខការពារព្រៃឈើ។ លោកថា ករណីនេះជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ “ពួកយើងព័ទ្ធសួរគាត់តាមសម្រួលថាកាប់ឈើយកទៅធ្វើអ្វី។ ឲ្យគាត់ប្រាប់សហគមន៍យើងទាំងអស់គ្នា ព្រោះព្រៃឈើមិនមែនការពារសម្រាប់តែខ្ញុំទេ គឺប្រយោជន៍រួមទាំងអស់គ្នា។ ធ្វើជាសហគមន៍ព្រៃឈើនេះ ខ្ញុំអត់មានលុយខែទេ តែទាហានគាត់មានលុយខែ គាត់ស៊ីប្រាក់ខែរដ្ឋ ហើយមិនជួយការពារគាត់ចេះតែបំផ្លាញ គាត់អត់ចេះគិតពិចារណាខ្លួនគាត់។ គាត់បែរជាមកគំរាមឯងដែលគ្មានប្រាក់ខែមួយរៀល បម្រុងមកបាញ់សម្លាប់ឯងទៀត វាអត់ត្រូវ”

មេទាហានកងពលលេខ៤២ប្រចាំខេត្តឧត្តមានជ័យ លោក  សន វ៉ាន ទទួលស្គាល់ ថា មានទាហានចូលកាប់ឈើក្នុងព្រៃសហគមន៍ពិតមែន ប៉ុន្តែលោកអះអាងថា ការកាប់នោះគឺបន្តិចបន្តួចប៉ុណ្ណោះដែលលោកថាដើម្បីយកទៅធ្វើផ្ទះបាយ។ ទោះយ៉ាងណា លោកបានច្រានចោលចំពោះការចោទថាមានការគំរាមបាញ់ទៅលើមន្ត្រីសហគមន៍។

លោកបន្ថែមថា៖ “ខាងសហគមន៍ហ្នឹង មេព្រៃហ្នឹងគាត់ទៅចាប់ឈើជួបខ្ញុំ ហើយខ្ញុំថា មិនបាច់ចាប់ទេសម្រួលគ្នាទៅ ព្រោះឈើនេះយកទៅធ្វើផ្ទះបាយអង្គភាពទេ។ រឿងហ្នឹងមិនមានការបាញ់បោះនោះទេ ហើយខាងសហគមន៍ហ្នឹងក៏គាត់និយាយដែរថាកុំឲ្យមានប្រើអាវុធ តែខ្ញុំប្រាប់គាត់ថាអត់មានប្រើអាវុធទេ”

យ៉ាងនេះក្ដី មន្ត្រីរដ្ឋព្រៃឈើនៅសង្កាត់កូនក្រៀលដែលបានចុះល្បាតព្រៃជាមួយប្រជាសហគមន៍ លោក ញ៉ែម សម្បត្តិ បានអះអាងថា ពិតជាមានករណីគំរាមបាញ់មែនទៅលើមន្ត្រីសហគមន៍មែន។ លោកបន្ថែមថា ការគំរាមបាញ់នេះគឺដោយសារក្រុមសហគមន៍ព្យាយាមផ្ដិតយករូបទាហានដែលបានចូលកាប់ឈើ។ ទោះបីជាយ៉ាងណា រដ្ឋបាលព្រៃឈើរូបនោះអះអាងថា លោកបានសម្របសម្រួលមិនឲ្យកើតរឿងធំនោះទេ។

បើតាមការអះអាងរបស់សកម្មជនព្រៃឈើឲ្យដឹងថានៅពេលចុះល្បាតព្រៃឈើកន្លងមក ពួកគេក៏តែងតែរងនូវការគំរាមកំហែងពីសំណាក់ជនល្មើសដែលលួចកាប់ព្រៃឈើផងដែរ៕ សរសេរដោយលោក ឃុត សុគន្ធ និងលោក លី បេឡា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ