សាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃចន្ទនេះបានស្រេចបញ្ជូនមន្ត្រី៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ទៅឃុំខ្លួននៅពន្ធនាគារ និងមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
បន្ទាប់ពីត្រូវបានតុលាការសាកសួរអស់រយៈពេលពីរថ្ងៃ នៅម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃចន្ទនេះ អ្នកទាំង៥ត្រូវបានបញ្ជូនខ្លួនចេញពីតុលាការទៅកាន់ពន្ធនាគារព្រៃស និងមន្ទីរឃុំឃាំង។
មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកទាំង៤នាក់ លោកស្រី គា សុផល បានថ្លែងប្រាប់អ្នកសារព័ត៌មានពេលចេញពីតុលាការថា មន្ត្រីទាំង៤រូបរបស់សមាគមអាដហុកត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារ ចំណែកឯអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានី។ ទោះយ៉ាងណា លោកស្រីពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនអ្នកទាំង៥ទៅកន្លែងផ្សេងគ្នានោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បានឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃនេះថា ព្រះរាជអាជ្ញាបាន ចោទប្រកាន់មន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូបពីបទសូកប៉ាន់សាក្សី ចំណែកអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩និង៥៤៨ ពីបទសមគំនិត និងបទសូកប៉ាន់សាក្សី អ្នកទាំង៥អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
បើតាមលោក លី សុផាន់ណា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិល និងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា កាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានអ្វីដែលត្រូវដោះដូរនោះទេ តែលោកមិនបានបញ្ជាក់លម្អិតថាតើជាការដោះដូរអ្វី ជាមួយភាគីណានោះទេ។ លោកបន្ថែមថាទោះបីមន្រ្តីUNមានអភ័យឯកសិទ្ធិក៏ដោយ ក៏ប្រឈមនឹងពន្ធនាគារផងដែរ។
មន្រ្តីអាដហុក៤ទាំងរូបដែលទើបត្រូវបានតុលាការចោទប្រកាន់រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ដែលជាអតីតមន្ត្រីរបស់សមាគមអាដហុកផងដែរ។ អ្នកទាំង៥ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅទៅសាកសួរនិងចោទប្រកាន់ថា ជាប់ព័ន្ធ និងការណែនាំឲ្យកញ្ញាស្រីមុំផ្តល់ចម្លើយក្លែងក្លាយដល់សមត្ថកិច្ច។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេអះអាងថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីទាំង៦រូបដែលទើបត្រូវតុលាការចោទប្រាកាន់ ថាបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕