សង្គមស៊ីវិល​ថាមន្រ្តី​អាដហុក​មិន​បាន​សូកប៉ាន់លុយជាង​២០០ដុល្លារដូចការចោទប្រកាន់

សមត្ថកិច្ចជួយសម្រួលដល់ការដឹកមន្រ្តីសិទ្ធិមនុស្ស​ទៅពន្ធនាគារ

ក្រុមសហគមន៍និងអង្គការសមាគមប្រមាណ៦០ នៅថ្ងៃចន្ទនេះ បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការសោកស្តាយចំពោះការចោទប្រកាន់របស់តុលាការលើមន្រ្តីអាដហុកនិងមន្រ្តីគ.ជ.ប ពីបទល្មើសសូកប៉ាន់និងសមគំនិត ដោយលើកឡើងថាសមាគមអាដហុកផ្តល់លុយជាង២០០ដុល្លារដល់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាគោលការណ៍របស់អង្គការ មិនពាក់ព័ន្ធនឹងការសូកប៉ាន់នោះទេ។

អង្គការទាំងនោះមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) អង្គការលីកាដូនិងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាដើម។

សមាគមអាដហុកធ្លាប់បញ្ជាក់ថាខ្លួនបានផ្តល់លុយចំនួន២០៤ដុល្លារដល់កញ្ញាស្រីមុំ នៅពេលនាងបានមកពឹងសមាគមឲ្យជួយផ្តល់សេវាផ្លូវច្បាប់ដល់នាង ខណៈនាងបានបដិសេធថាមិនមានទំនាក់ទំនងសេ្នហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងបដិសេធថាសំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយ មិនមែនជាសំឡេងរបស់នាងនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សង្គមស៊ីវិលចាត់ទុកថាការចោទប្រកាន់និងឃាត់ខ្លួនអ្នកការពារសិទិ្ធមនុស្ស“ដោយហេតុផលមិនសមរម្យ”។ សង្គមស៊ីវិលបញ្ជាក់ថា៖ “ការដាក់គោលដៅលើបុគ្គលទាំងប្រាំមួយនាក់(ក្នុងនោះប្រាំនាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនាថ្ងៃនេះ)គឺជាភាពតានតឹងចុងក្រោយពាក់ព័ន្ធនឹងការគាបសង្កត់របស់អាជ្ញាធររដ្ឋទៅលើសង្គមស៊ីវិល ហើយជាការតបតរបស់អាជ្ញាធររដ្ឋទៅលើការគាំទ្រនៅក្នុងសំណុំរឿងរសើបរបស់អ្នកធ្វើការងារក្នុងវិស័យសិទិ្ធមនុស្ស”។

មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ពួកត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃចន្ទនេះពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨ នៃក្រមព្រហ្មទណ្ឌ)។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

រហូតមកដល់ពេលនេះ តុលាការមិនទាន់ទម្លាយថាតើការចោទប្រកាន់ពីការសូកប៉ាន់នោះក្នុងទំហំលុយប៉ុន្មាននិងហេតុអ្វីបានករណីនេះត្រូវបានចាត់ទុកថាជាការសូកប៉ាន់។

អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាស្រីមុំ បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

សង្គមស៊ីវិលបានបញ្ជាក់ថាលិខិតចំហនេះត្រូវបានដាក់ក្រោយពេលដែលអ្នកនាងកំពុងត្រូវបានសាកសួរដោយនគរបាលប្រឆាំងភេរវកម្មនិងព្រះរាជអាជ្ញាអំពីទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិនិងក្រោយពេលដែលអង្គការអាដហុកបានឆ្លើយតបនឹងសំណើរសុំជំនួយផ្នែកច្បាប់និងផ្នែកសម្ភារៈរបស់កញ្ញា។ អង្គការបញ្ជាក់ថា៖ “នៅក្នុងបរិបទនៃការជួយបែបនេះ អង្គការអាដហុកក៏បានផ្តល់ថវិកាដល់ស្រីមុំចំនួន២០៤ដុល្លាអាមេរិកសម្រាប់ការចាយវាយថ្លៃអាហារនិងថ្លៃធ្វើដំណើរ ដែលរួមទាំងការធ្វើដំណើរទៅចូលរួមឆ្លើយសំណួររបស់អាជ្ញាធរតុលាការផងដែរ។ ការផ្តល់ទឹកប្រាក់បន្តិចបន្តួចស្របតាមគោលការណ៍អង្គការទាំងនេះដល់អតិថិជនគឺសម្រាប់ការចំណាយជាមូលដ្ឋាននានា ឥឡូវនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទថាជាអំពើសូកប៉ាន់ និងពុករលួយទៅវិញ”។

អង្គការបញ្ជាក់ថា៖ “ករណីនេះធ្វើឲ្យមហាជនអាចយល់ថាជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនិងស្ថាប័ននានារបស់រដ្ឋ ដើម្បីបំភិតបំភ័យ ចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ និងដាក់ទណ្ឌកម្មដល់សកម្មភាពស្របច្បាប់របស់អ្នកការពារសិទិ្ធមនុស្សនិងសង្គមស៊ីវិល”។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “បទចោទប្រកាន់ដែលត្រូវបានចោទទៅលើអ្នកការពារសិទិ្ធមនុស្សទាំងប្រាំមួយនាក់ គឺជាការចោទប្រកាន់មិនសមរម្យ ហើយធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ទៅលើមនុស្សដែលធ្វើការងារមនុស្សធម៌ក្នុងប្រទេសកម្ពុជា”។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។

សង្គមស៊ីវិលបានអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សទាំងនោះឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ