ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានព្រមានពលរដ្ឋខ្លួនពីហានិភ័យនៃការចាប់ពង្រត់ពីសំណាក់កូរ៉េខាង ជាការសងសឹកទៅនឹងការដែលជនជាតិកូរ៉េខាងជើងជាង១០នាក់ធ្វើការនៅភោជនីយដ្ឋានមួយនៅក្នុងប្រទេសចិន បានរត់ទៅកូរ៉េខាងត្បូង។
កាលពីខែមុន ស្ត្រីជនជាតិកូរ៉េខាងជើង១២នាក់ធ្វើការនៅភោជនីយដ្ឋានមួយក្នុងទីក្រុងនីងបូ (Ningbo) ភាគខាងកើតប្រទេសចិន បានរត់ទៅប្រទេសកូរ៉េខាងត្បូងជាមួយអ្នកគ្រប់គ្រងរបស់ពួកគេ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលបានឲ្យដឹងថា ស្ត្រីទាំង១២នាក់នោះ បានចូលទៅកូរ៉េខាងត្បូងដោយស្ម័គ្រចិត្ត ខណៈពេលដែលកូរ៉េខាងជើងបានទទូចថា ពួកគេត្រូវបានបោកបញ្ឆោតឱ្យរត់ចោលជួរដោយអ្នកស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងដែលកូរ៉េខាងជើងចាត់ទុកថា បាន “ចាប់ជំរិត” ពួកគេយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េបាននិយាយថា បេសកកម្មនៅក្រៅប្រទេសត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្លួន។
អ្នកនាំពាក្យក្រសួងនេះលោក ជុង ជូន៊ហី (Jeong Joon-Hee) បានមានប្រសាសន៍ថា៖ “យើងកំពុងតាមដានមើលយ៉ាងដិតដល់ពីលទ្ធភាពជាច្រើនរួមទាំងការចាប់ពង្រត់ ឬភេរវកម្ម…(ធ្វើឡើង) ដោយកូរ៉េខាងជើង”។ លោកបន្ថែមថា៖ “យើងកំពុងព្យាយាមដើម្បីធានាសុវត្ថិភាពរបស់ប្រទេសជាតិយើង”។
សារព័ត៌មាន Hankook Ilbo នៅទីក្រុងសេអ៊ូលបានរាយការណ៍ថា ក្រុងព្យុងយ៉ាងកំពុងគ្រោងចាប់ពង្រត់ជនជាតិកូរ៉េខាងត្បូង ដើម្បីដោះដូរជាមួយអ្នករត់ចោលស្រុកទាំង១៣នាក់។
កាសែតនេះបានរាយការណ៍ដោយដកស្រង់ប្រភពពីមន្ត្រីដែលស្និទ្ធនឹងការងារកូរ៉េខាងជើងថា៖ “ពួកគេ (កូរ៉េខាងជើង) បានកំណត់គោលដៅយកមនុស្ស១២០នាក់ រួមទាំងជនបរទេស ទាហាន និងមន្ត្រី”។
ក្នុងរយៈពេលប៉ុន្មានទសវត្សនេះ ជនជាតកូរ៉េខាងជើងជិត៣០០០០នាក់បានរត់គេចចេញពីភាពក្រីក្រនិងការបង្ក្រាបនៅក្នុងប្រទេសកំណើតរបស់ពួកគេ ដោយបានទៅតាំងទីលំនៅក្នុងកូរ៉េខាងត្បូង។ ប៉ុន្តែការចុះចូលជាក្រុមគឺកម្រមានណាស់ ជាពិសេសបុគ្គលិកតាមភោជនីយដ្ឋាននៅបរទេសដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នមកពីគ្រួសារដែល “ស្មោះត្រង់” នឹងរបបនេះ។
កាលពីឆ្នាំ២០០២ ប្រទេសកូរ៉េខាងជើងបានសារភាពថា ខ្លួនបានចាប់ពង្រត់ជនជាតិជប៉ុន១៣នាក់ក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ដើម្បីយកទៅបណ្តុះបណ្តាលភាសាជប៉ុនដល់អ្នកស៊ើបការណ៍ និងគយរបស់ខ្លួន៕