វិភាគ៖ តើព្រះមហាក្សត្រមានតួនាទីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្នឬទេ​?

នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦ គណបក្សប្រឆាំងដ៏ធំមួយបានទួលទៅមហាក្សត្រថាស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានការណ៍គ្រោះ អាចនឹងវិលទៅរករបបអតីតកាលវិញ បើគ្មានព្រះរាជអន្តរាគមន៍បន្ទាន់ពីព្រះអង្គទេនោះ។

តាមរយៈលិខិតមួយច្បាប់មានចុះហត្ថខាដោយតំណាងរាស្ត្រចំនួន៥៣រូបក្នុងចំណោម៥៥រូប គណបក្សសង្គ្រោះជាតិលើកឡើងថានៅពេលថ្មីៗនេះមានការចាប់ខ្លួនអ្នកនយោបាយ ចាប់សកម្មជនការពារបរិស្ថាន ចាប់សមាជិកព្រឹទ្ធសភា ចាប់អ្នកតំណាងរាស្ត្រ ចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងប្តឹងអ្នកវិភាគជាដើម។

បក្សប្រឆាំងចាត់ទុកថាស្ថានការណ៍នយោបាយបែបនេះមានរូបភាពគំរាមកំហែងធ្ងន់ធ្ងរនិងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។

ជាងនេះទៅទៀតបក្សប្រឆាំងបានទូលព្រះមហាក្សត្រទៀតថា រីឯស្ថាប័នជាតិកំពូលៗដូចជារដ្ឋសភា តុលាការ និងស្ថាប័នរដ្ឋមួយចំនួនទៀត បក្សប្រឆាំងថាមានដំណើការមិនប្រក្រតីបាត់បង់ឯករាជ្យភាពរបស់ខ្លួន។

ប៉ុន្តែបក្សប្រឆាំងគិតថាមានតែស្ថាប័នព្រះមហាក្សត្រមួយគត់ដែលឯករាជ្យអាចព្រះរាជអន្តរាគមន៍បញ្ចុះកម្តៅនយោបាយដែលកំពុងកើតមាននាពេលនេះបានស្របតាមសា្មរតីនៃរដ្ឋធម្មនុញ្ញ ។

តើរដ្ឋធម្មនុញ្ញបានប្រគល់អំណាចអ្វីខ្លះដល់ព្រះមហាក្សត្រ? ហើយពេលនេះព្រះមហាក្សត្រគួរកោះហៅអ្នកនយោបាយកំពូលៗមកសាកសួរពីស្ថានការណ៍នេះឬទេ?

មាត្រា៨ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពសិន្ធិសញ្ញាអន្តរជាតិ ។

មាត្រា៩ចែងថា ព្រះមហាក្រត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។

មាត្រា២០ចែងថា ព្រះមហាក្សត្រ ទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែឲ្យនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលផ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។

មាត្រា២២ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថាស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះស្ថិតក្នុងស្ថានភាពឡើងកម្តៅ តែលោកថាមិនអាចឈានទៅរករបបពីអតីតកាលដូចបក្សប្រឆាំងទូលព្រះមហាក្សត្រទេ ដោយលោកអះអាងថាបក្សកាន់អំណាចនៅបើកឲ្យមានលំហូរនៃសេរីភាពបញ្ចេញមតិខ្លះៗបាន។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាបើតាមស្មារតីនៃរដ្ឋធម្មនុញ្ញ លោកថាព្រះមហាក្សត្រមានតួនាទីសំខាន់ក្នុងការកោះហៅមេដឹកនាំគណបក្សទាំងពីរមកសួរដេញដោលពីស្ថានការណ៍នយោបាយនៅបច្ចុប្បន្ន។

លោកបន្តថា៖ “តួអង្គព្រះមហាក្សត្រជារឿងសំខាន់ ព្រោះព្រះអង្គជាអ្នកគ្រងប្រទេស បើសិនជាព្រះអង្គមិនចេញរក្សាសណ្តាប់ធ្លាប់ឲ្យមានភាពរលូតនៅក្នុងប្រទេសរវាងអ្នកនយោបាយនិងអ្នកនយោបាយទេ ជាអសកម្មនៃតួនាទីរបស់ព្រះអង្គ អញ្ចឹងគេហៅថាវាមិនគប្បីដែលទ្រង់នៅស្ងៀមទៀតទេ ព្រោះត្រូវមានវិធានការណាមួយចេញព្រះរាជតម្រិះកោះហៅអ្នកនយោបាយឬស្នើសុំអ្នកនយោបាយហ្នឹងចូលរួមជជែកគ្នាឬក៏ក្នុងផ្លូវណាមួយបានក្នុងនាមព្រះអង្គជាប្រមុខរដ្ឋ”។

កាលពីការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាដែលពេលនេះដឹកនាំដោយលោក ហ៊ុន សែន បានចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច។ ពេលនោះលោក ហ៊ុន សែន បានច្រានចោលលទ្ធផលបោះឆ្នោតដែលរៀបចំដោយភ្នាក់ងារអង្គការសហប្រជាជាតិហៅកាត់ថា អ៊ុនតាក់។

ពេលនោះលោក ហ៊ុន សែន បានប្រកាសថាលោកបន្តត្រួតត្រាលើខេត្តមួយចំនួននៅភាគខាងកើតទន្លេមេគង្គ។ នៅចំពោះមុខស្ថានភាពតានតឹងបែបនេះ អតីតព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ព្រះអង្គចេញអន្តរាគមន៍ពន្លត់កម្តៅនយោបាយពេលនោះដោយបង្កើតឲ្យមាននាយករដ្ឋមន្ត្រីពីរដឹកនាំប្រទេសតែមួយពោលគឺសម្តេចក្រុមព្រះ ជាប្រធានគណបក្សហ៊ុនស៊ិនប៉ិចពេលនោះធ្វើជានាយករដ្ឋមន្ត្រីទី១ ចំណែកលោក ហ៊ុន សែន ជាគណបក្សចាញ់ឆ្នោតពេលនោះជានាយករដ្ឋមន្ត្រីទី២។

ទោះជាយ៉ាងណាការបោះឆ្នោតលើកក្រោយទៀតៗក៏បានជាប់គាំងដូចគ្នាដោយសារតែគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតវិញតែរកសំឡេងអត់បាន២ភាគ៣សម្រាប់បង្កើតរដ្ឋាភិបាលថ្មីស្របតាមរដ្ឋធម្មនុញ្ញ។

ពេលនោះអតីតព្រះមហាក្សត្រព្រះបាទព្រះ នរោត្តម សីហនុ ក៏បានកោះហៅមេដឹកនាំកំពូលៗមានលោក ហ៊ុន សែន និងលោក សម រង្ស៊ី ផងចូលពិភាក្សាក្នុងវាំង ស្វែងរកដំណោះស្រាយនយោបាយព្រមទាំងមានការផ្សាយផ្ទាល់កិច្ចពិភាក្សានោះ តាមកញ្ចក់ទូរទស្សន៍ឲ្យប្រជារាស្ត្រនៅទូទាំងប្រទេសបានទស្សនាទៀតផង។

លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថាភាពស្ងាត់ស្ងៀមរបស់ព្រះមហាក្សត្រថ្មីមិនចេញព្រះអន្តរាគមន៍រឿងបញ្ហានយោបាយនៅពេលនេះ លោកវិភាគថាទំនងជាព្រះអង្គសណ្តោសច្រើនមិនចង់ឲ្យអ្នកនយោបាយវាយតម្លៃថាព្រះអង្គមិនឯករាជ្យ។

លោកថា៖ “កន្លងមកយើងឃើញថាវិធានការដែលលោក(ព្រះមហាក្សត្រ)ចេញសេចក្តីថ្លែងការណ៍ឬព្រះរាជសារពុំមានធ្វើឲ្យស្ថាប័នណាមួយក្នុងស្ថាប័នទាំង៣ (នីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ) ទោះបីតុលាការ ទោះបីព្រះអង្គគង់ជា(ប្រធាន) ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រដ្ឋាភិបាល ឬនីតិបញ្ញត្តិ ក៏លោកអត់ដែលមានព្រះរាជសារដែរ។ កន្លែងហ្នឹងទស្សនៈមួយដែលអាចលើកឡើងថាព្រះអង្គអសកម្ម តែទស្សនៈខ្លះទៀតថាលោកមនសិការសណ្តោសប្រោសប្រណីយោគយល់ ខ្លាចមានបញ្ហអសន្តិសុខកើតឡើងក្នុងសង្គម”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោក សូ ចន្ថា វិភាគប្រហាក់ប្រហែលគ្នាដែរថាការដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនការពារបរិស្ថាន អ្នកនយោបាយ មន្រ្តីសង្គមស៊ីវិល និងឈានទៅប្តឹងអ្នកវិភាគព្រឹត្តិការណ៍សង្គមទៀត  លោកចាត់ទុកថាកិច្ចអន្តរាគមន៍របស់ព្រះមហាក្សត្រក្នុងការកោះហៅមេដឹកនាំទាំងពីរមកសួរដេញដោលគឺជារឿងសំខាន់។

លោកបន្ថែមថា៖ “ខ្ញុំគិតថាដើម្បីរក្សាស្ថេរភាពនយោបាយ ដើម្បីរក្សានូវឯកភាពជាតិនៅពេលនេះ ព្រះអង្គគួរតែចេញធ្វើការសម្របសម្រួលអ្នកនបាយោបាយធ្វើយ៉ាងណាឲ្យមានការឯកភាពគ្នាលើការប្រកួតប្រជែងដោយភាពស្មោះត្រង់ឈរលើគោលការណ៍ប្រជាធិបតេយ្យទើបជាការល្អបាទ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាលិខិតរបស់គណបក្សប្រឆាំងដែលស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនោះ លោកវិភាគថាទំនងគ្រាន់តែជាសារដាស់អារម្មណ៍ពលរដ្ឋឲ្យចងចាំពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងប៉ុណ្ណោះទេ ហើយគ្មានរំពឹងទុកពីលទ្ធផលវិជ្ជមានទេ។

លោក មាស នី វិភាគទៀតថាយន្តការណ៍ឈានទៅរកភាពជោគជ័យ  គណក្សប្រឆាំងគឺត្រូវពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សឲ្យដំណើរការទៅមុខជានិច្ច ដោយមិនពឹងផ្អែកតែមេដឹកនាំ បន្តការតស៊ូមតិទាំងនៅក្នុងសភា និងចុះពង្រឹងនៅថ្នាក់មូលដ្ឋានដោយសកម្មនិងការអត់ធ្មត់។

លោកថា៖ “ស្ថានភាពនយោបាយហ្នឹងគឺធ្វើយ៉ាងណារុញឯកឧត្តម កឹម សុខា ហ្នឹងឲ្យផ្ទប់ជញ្ជាំងលែងធ្វើអីកើត។ អញ្ចឹងដើម្បីបង្ហាញពីសមត្ថភាពរបស់គណបក្សប្រឆាំងដែលអាចគិតថាដើរកាត់ព្យុះហ្នឹងបាន គឺទី១បន្តនូវភាពអត់ធ្មត់ទប់ស្កាត់កុំឲ្យមានអំពើហិង្សាអីកើតឡើង ទី២ធ្វើម៉េចពង្រឹងក្បាលម៉ាស៊ីនដែលអាចដើរទៅមុខបានដោយមិនបាច់មានការចូលរួមសកម្មពីឯកឧត្តម កឹម សុខា ឯកឧត្តម សម រង្ស៊ី ចំនុចនេះខ្ញុំគិតថាគណបក្សសង្គ្រោះជាតិត្រូវដើរ”។

បើតាមលោក មាស នី ចំណាត់ការរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ននេះ ដោយសារតែការបន្តភ័យខ្លាចបាត់បង់ប្រជាប្រិយភាពបន្ថែមទៀតទើបដៃម្ខាងប្រឹងធ្វើកំណែទម្រង់និងដៃម្ខាងទៀតព្យាយាមទប់កុំឲ្យបក្សប្រឆាំងកើនប្រជាប្រិយ។ ប៉ុន្តែលោកថាចំណាត់នេះនឹងធ្វើឲ្យគណបក្សកាន់អំណាចបន្តបាត់បង់ប្រជាប្រិយភាពបន្ថែមទៀត នៅពេលមនុស្សភាគច្រើនមើលយើញថាមិនយុត្តិធម៌នោះ។

ទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវអះអាងថា បើគ្មានកិច្ចអន្តរាមន៍ពីព្រះហាក្សត្រកោះហៅមេដឹកនាំនយោបាយទាំងពីរឲ្យមកបកស្រាយប្រាប់មហាជនពីស្ថានការណ៍នយោបាយដែលកំពុងកើតមានបច្ចុប្បន្ននេះទេ ពួកគេគិតថាអ្នកនយោបាយកាន់អំណាចនូវតែបន្តអះអាងពីភាពត្រឹមត្រូវ ពីវិធានការបង្ក្រាប និងការចាប់អ្នកណាដែលខ្លួនមិនពេញចិត្ត។

ចំណែកបក្សប្រឆាំងនិងមជ្ឈដ្ឋានមួយចំនួននូវតែថ្កោលទោសទៅនឹងចំណាត់ការរបស់បក្សកាន់អំណាចថាបានរំលោភច្បាប់ រំលោកសិទ្ធិមនុស្ស រំលោករដ្ឋធម្មនុញ្ញជាដើម។

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍ថា វិវាទនយោបាយកាន់តែខ្លាំងគឺឈានទៅរកចំណុចកំពូលគ្រោះថ្នាក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ