កម្មករប្រមាណ១០០០នាក់មកពីរោងចក្រNew Archid នៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខតវ៉ាទាមទារឲ្យរោងចក្រទទួលយកតំណាងកម្មករ៣នាក់ចូលធ្វើការវិញនិងទាមទារលក្ខខណ្ឌការងារអាទិភាព១០ចំណុច។
កម្មករឲ្យដឹងថាពួកគេទាមទារឲ្យតំណាងកម្មករ៣នាក់ចូលធ្វើការវិញ រួមមានលោក ចែម សម្ភស្ស លោក វ៉ាយ វាន្នី លោក អេង សុវណ្ណា ដែលខាងរោងចក្របានបញ្ឈប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយកម្មករអះអាងថាការបញ្ឈប់ដោយគ្មានមូលហេតុ។
លោក សយ ចាន់ធូ តំណាងសហព័ន្ធសហជីពឧស្សាហកម្មកម្ពុជាបានឲ្យវីអូឌីដឹងថាក្រុមហ៊ុនបានដកតំណាងកម្មករបីនាក់ ដោយគ្មានមូលហេតុនិងបិទសិទ្ធិសេរីភាពរបស់កម្មករ ។ លោកមានប្រសាសន៍ថា៖ “បងប្អូនកម្មករគាត់តវ៉ាដោយសាររោងចក្រ New Archidហ្នឹង គាត់ដកតំណាងកម្មករ៣នាក់ចោល គាត់មិនដឹងថាមូលហេតុអី។ បើតាមមើលព្រោះអីតំណាងកម្មករគាត់បានទំនាក់ទំនងមកខ្ញុំ គាត់តវ៉ាឲ្យកម្មករព្រោះរោងចក្រនឹងបិទសិទ្ធិកម្មករពេកគ្រាន់តែច្បាប់ សុំច្បាប់ការសុំ៣ថ្ងៃឲ្យតែ៣ថ្ងៃទេ ហើយគ្រោះថ្នាក់ការងារឲ្យដាក់មានធុរៈផ្សេងៗ”។ លោកបន្តថាកម្មករក៏បានស្នើសុំឲ្យខាងរោងចក្រទទួលយកលក្ខខណ្ឌការងារទាំង១០របស់ពួកគេ មានដូចជាស្នើសុំប្រាក់ធ្វើការបន្ថែម១០ដុល្លារ សុំប្រាក់ទ្រទ្រង់សុខភាព៨ដុល្លារក្នុង១ខែ ស្នើសុំប្រាក់ជំនាញ១០ដុល្លារ ស្នើសុំទឹកដោះគោមួយខែ៥ដុល្លារសម្រាប់ស្រ្ដីសម្រាលកូន ស្នើសុំប្រាក់បន្ថែមម៉ោងនិងស្នើសុំបើកប្រាក់បំណាច់ឆ្នាំមួយឆ្នាំពីរដងជាដើម។
លោក ចែម សម្ភស្ស តំណាងកម្មករប្រាប់វីអូឌីថាភាគីរោងចក្រមិនបានគោរពតាមលក្ខខណ្ឌការងារនិងដកតំណាងកម្មករបីរូបដោយមិនមានមូលហេតុនិងជូនដំណឹងជាមុន។ លោកមានប្រសាសន៍ថា៖ដោយសារតែរោងចក្រអត់គោរពលក្ខខណ្ឌលការងារ ហើយដកតំណាងកម្មករបីរូបដោយគ្មានមូលហេតុហើយអត់មានជូនដំណឹងដល់ថ្ងៃគឺឲ្យនៅក្រៅតែម្ដង។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្របាននៅឡើយទេ៕