ប្រធានាធិបតីអីុរ៉ង់ លោក ហាសាន រូហានី នៅថ្ងៃចន្ទម្សិលមិញបានប្រកាសថា អ៊ីរ៉ង់និងកូរ៉េខាងត្បូងបានសម្រេចបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ពួកគេឲ្យដល់ចំនួន១៨ពាន់លានដុល្លារ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោក រូហានី ប្រកាសអំពីការបង្កើនទំហំពាណិជ្ជកម្មនេះបន្ទាប់ពីជំនួបរវាងលោកនិងប្រធានាធិបតីកូរ៉េខាង លោកស្រី ប៉ាក គួនហ៊ឺ។
លោក រូហានី បានថ្លែងនៅក្នុងសន្និសីទកាសែតរួមមួយថា ប្រទេសទាំងពីរបានសម្រេចបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នបីដងពោលគឺបង្កើនពី៦ពាន់លានដុល្លារទៅ១៨ពាន់លានដុល្លារ។
លោក រូហានី បញ្ជាក់ថាជំនួបទ្វេភាគីនោះបានជជែកពីវិស័យទេសចរណ៍ ការហោះហើរត្រង់រវាងទីក្រុងសេអ៊ូល និងតេរ៉ង់ និងការវិនិយោគរបស់កូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍អ៊ីរ៉ង់ រួមបញ្ចូលទាំងការសាងសង់សណ្ឋាគារផងដែរ។
លោកស្រី ប៉ាក គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលបានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងកាទូតនៅឆ្នាំ១៩៦២ ហើយដោយសារក្រុងសេអ៊ូលព្យាយាមស្វែងរកទីផ្សារថ្មីដើម្បីផ្លាស់ប្ដូរប្រាក់ចំណូលនៃការនាំចូលដែលបានធ្លាក់ចុះអស់រយៈជាយូរមកហើយនោះ។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកស្រី ប៉ាក បានកើតឡើងតែមួយខែក្រោយពីអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចនុយក្លេអ៊ែរដែលបានលើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះជាថ្នូរទៅនឹងការដាក់បម្រាមទៅលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោកស្រី ប៉ាក ដែលអមដំណើរទៅដោយរដ្ឋមន្ត្រីជាច្រើននិងគណៈប្រតិភូពាណិជ្ជករធំៗចំនួន២៣០នាក់ ក៏បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុឡា អាលីខាមេនី ផងដែរនៅល្ងាចថ្ងៃចន្ទម្សិលមិញ។
លោក ខាមេនី បាននិយាយថាក្រុងតេរ៉ង់និងសេអ៊ូល នឹងទទួលបានប្រយោជន៍ពីទំនាក់ទំនងប្រកបដោយស្ថេរភាពនិងឥតដាច់នេះដោយមិនស្ថិតក្រោមឥទ្ធិពលអាមេរិកនោះឡើយ។ លោកប្រាប់លោកស្រី ប៉ាក ថាកិច្ចព្រមព្រៀងនិងកិច្ចសន្យារវាងប្រទេសទាំងពីរគួរតែធ្វើឡើងដោយមិនស្ថិតក្រោមឥទ្ធិពលពន្ធនិងទណ្ឌកម្មបរទេសនោះឡើយ៕
ប្រភព៖ Channel News Asia