ជប៉ុន​គ្រោង​ជួល​យន្ត​ហោះ​ចម្បាំង​ឲ្យ​ហ្វីលីពីន

(រូបភាពពី បាងកកប៉ុស្តិ៍)

ប្រទេសជប៉ុននឹងជួលយន្តហោះចម្បាំងទៅប្រទេសហ្វីលីពីនដែលជាសញ្ញាមួយទៀតនៃការពង្រឹងសន្តិសុខរវាងប្រទេសអតីតគូសត្រូវទាំងពីរនេះ ដើម្បីទប់ទល់ទៅនឹងការបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះបានសម្រេចឡើងកាលពីថ្ងៃចន្ទម្សិលមិញ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ហ្សេន ណាកាតានី (Gen Nakatani) និងសមភាគីហ្វីលីពីន លោក វ៉ុលទែរ ហ្កាសមីន (Voltaire Gazmin)។

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលជាច្រកដឹកជញ្ជូនប្រេង១ភាគ៣នៃប្រេងពិភពលោក បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចាប់តាំងពីប្រទេសចិនបានកែប្រែដែនដីកោះប៉ប្រះទឹកនៅក្នុងសមុទ្រនេះទៅជាមូលដ្ឋានយោធា។

ក្រសួងដដែលនេះបានឲ្យដឹងបន្ថែមថាស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះក្រុងតូក្យូនឹងជួលយន្តហោះចម្បាំងហ្វឹកហ្វឺត TC-90 រហូតដល់៥គ្រឿងដល់ក្រុងម៉ានីលនិងជួយបណ្ដុះបណ្ដាលអាកាសយានិកនិងមេកានិចយន្តហោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាយន្តហោះទាំងនេះអាចប្រើប្រាស់ធ្វើជាយន្តហោះស៊ើបការណ៍ផងដែរ។

នេះជាលើកទីមួយហើយដែលកងទ័ពជប៉ុនបានជួលយន្តហោះចម្បាំងទៅឲ្យប្រទេសមួយផ្សេងទៀតចាប់តាំងពីពេលដែលក្រុងតូក្យូបានដកចោលការហាមប្រាមខ្លួនឯងមិនឲ្យនាំអាវុធចេញ។

 

ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ថាយន្តហោះចម្បាំង TC-90 មានសមត្ថភាពហោះហើរបានចម្ងាយ ១៩០០គីឡូម៉ែត្រពោលគឺមានសមត្ថភាពលើសពីយន្តហោះចម្បាំងកងនាវាចរណ៍ហ្វីលីពីនដល់ទៅពីរដងឯណោះ។

ហ្វីលីពីនបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយជប៉ុនដែលជាអតីតសត្រូវនៅក្នុងសម័យសង្គ្រាមលោកលើកទី ២ ខណៈដែលវិវាទជុំវិញជម្លោះដែនទឹកសមុទ្រចិនខាងត្បូងកាន់តែតានតឹងឡើង។ ហ្វីលីពីនគឺជាប្រទេសដែលវិស័យយោធាពុំមានការបំពាក់សម្ភារៈសឹកត្រឹមត្រូវនោះឡើយ។

ក្រៅពីហ្វីលីពីន ប្រទេសវៀតណាម ប៊្រុយណេ ម៉ាឡេស៊ី និងតៃវ៉ាន់ក៏ចូលពាក់ព័ន្ធនឹងជម្លោះដណ្ដើមដែនទឹកនេះផងដែរ។

ប្រទេសជប៉ុនផ្ទាល់ក៏មានជម្លោះជាមួយចិនជុំវិញដែនដីកោះគ្មានមនុស្សរស់នៅ នៅឯសមុទ្រចិនខាងកើតផងដែរ។

នាវាយោធាចិនកាលពីខែមុនបានធ្វើដំណើរទៅកំពង់ផែហ្វីលីពីនជិតដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈដែលក្រុងតូក្យូកាលពីខែកុម្ភៈបានយល់ព្រមផ្គត់ផ្គង់សម្ភារៈសឹកដល់យោធានហ្វីលីពីនក្នុងនោះអាចមានយន្តហោះប្រឆាំងនាវាមុជទឹកនិងបច្ចេកវិទ្យារ៉ាដាផងដែរ៕

ប្រភព៖ បាងកកប៉ុស្តិ៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ