បទយកការណ៍៖ យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានដែលត្រូវសន្តិសុខខណ្ឌវាយនៅឆ្ងាយដូច​ជើងមេឃ

អតីតអ្នកយកព័ត៌មាន​VOD លោក ឡាយ សាមាន

ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកកាសែតចំនួន១៣នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកកាសែតទាំង១៣នាក់នោះមានតែពីរករណីប៉ុណ្ណោះដែលជនសង្ស័យត្រូវបានកាត់ទោសដាក់ពន្ធនាគារ។ មានករណីបួនក្នុងចំណោមករណីទាំងនេះដែលជនសង្ស័យត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ។ ចំពោះករណី៨ផ្សេងទៀតគ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ។

មុនពេលដែលឃាតកម្មទាំងនេះបានកើតឡើង អ្នកកាសែត៦រូបក្នុងចំណោមអ្នកទាំង១៣នាក់បានរាយការណ៍អំពីអំពើពុករលួយរបស់រដ្ឋាភិបាល។ បីនាក់ក្នុងចំណោមពួកគេបានសរសេរអំពីការកាប់ព្រៃឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជានិងមានមា្នក់បានយកព័ត៌មានអំពីព្រឹត្តិការណ៍មួយរបស់គណបក្សជាតិខ្មែរ។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សយឯករាជ្យក្នុងឆ្នាំ២០១៤បានឲ្យដឹងថាមានអ្នកសារព័ត៌មានចំនួន១៧ភាគរយទទួលរងការរំលោភបំពានហើយ២៨ភាគរយទទួលរងការគំរាមកំហែង។

ក្រឡេកទៅមើលករណីមួយដែលបានកើតឡើងលើអតីតអ្នកសារព័ត៌មានVODគឺលោក ឡាយ សាមាន ត្រូវបានសាក្សីបញ្ជាក់ថាសន្តិសុខខណ្ឌដូនពេញជាអ្នកវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន ធ្វើឲ្យសន្លប់នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១៤។ ហេតុការណ៍នៃការបង្ក្រាបកាលណោះ គឺនៅចំពេលដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើពិធីជួបជុំនៅចំណុចស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងថ្ងៃឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីស្រុកខណ្ឌជាលើកដំបូងរបស់ខ្លួន។

លោក ឡាយ សាមាន ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន (រូបភាពពីបណ្តាញសង្គម)
លោក ឡាយ សាមាន ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន (រូបភាពពីបណ្តាញសង្គម)

អតីតអ្នកយកព័ត៌មានVOD លោក ឡាយ សាមាន បានរៀបរាប់ថាក្រោយពីអំពើហិង្សានោះលោកបានរកមេធាវី លោក សេក សោភ័ណ្ឌ ឲ្យដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីរកយុត្តិធម៌ដែរ ប៉ុន្តែលោកថាតុលាការច្រានចោលបណ្តឹងនោះ។ លោកថាគិតត្រឹមខែមេសាឆ្នាំ២០១៦នេះមានរយៈពេលជិត២ឆ្នាំហើយ មិនទាន់មានពន្លឺយុត្តិធម៌សម្រាប់រូបលោកនៅឡើយដោយលោកថាយុត្តិធម៌នេះហាក់នៅឆ្ងាយដូចជើងមេឃ។ លោកបន្តថា៖ ការអនុវត្តច្បាប់មើលទៅហាក់បីដូចជាខុសគ្នាប្រសិនបើយើងជាអ្នករងគ្រោះពិតប្រាកដគេអត់បានត្រូវយកមកដោះស្រាយ ប៉ុន្តែដោយឡែកបងឃើញបញ្ហាផ្សេងគេដោះស្រាយភ្លាមៗនិយាយទៅការអនុវត្តមានស្តង់ដារពីរនៅឡើយ អញ្ចឹងយុត្តិធម៌ខ្ញុំហាក់បីដូចជាគ្មានពន្លឺអ្វីបន្តិចសោះរហូតមកទល់ពេលនេះ

លោក សាមាន បញ្ជាក់ថាស្ថានភាពមុខរបួសគាត់ជាពិសេសភ្នែកគាត់ នៅពេលខ្លះស្រវំាងនិងឈឺ។ លោកស្នើទៅតុលាការនិងស្ថាប័នពាក់ព័ន្ធពន្លឿនស៊ើបអង្កេតស្វែងរកជនដៃដល់មកផ្តន្ទាទោសឲ្យបានឆាប់។

ក្រោយពីហិង្សាលើអ្នកសារព័ត៌មានលោក ឡាយ សាមាន កាលពីឆ្នាំ២០១៤ភ្លាមៗនោះត្រូវបានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សយឯករាជ្យបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសថៃចំណាយអស់ប្រាក់ប្រមាណ១ម៉ឺន៥ពាន់ដុល្លារ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍ថាករណីសម្លាប់ ការប្រើហិង្សាលើអ្នកសារព័ត៌មានជាច្រើនឆ្នាំ ហើយជនល្មើសមិនត្រូវបានចាប់មកផ្តន្ទាទោស ដោយសារករណីទំាងនោះពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកបន្តថា៖ ករណីទំាងអស់នោះជាករណីនយោបាយដោយសារការសម្លាប់វាអាចពាក់ព័ន្ធនឹងអ្នកនយោបាយដែលនៅពីក្រោយទី១ ហើយទី២ វាអាចជាចេតនារបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងហ្នឹងឬក៏រដ្ឋាភិបាលគ្មានចេតនាផ្តល់យុត្តិធម៌ឲ្យ ដូច្នេះរដ្ឋាភិបាលអត់មានចាត់វិធានការនរណាទៅមានលទ្ធភាពឬក៏មានសិទ្ធិចាត់វិធានការ ហើយចំពោះខ្ញុំកាលណារដ្ឋាភិបាលមិនចាត់វិធានការវាស្មើនឹងរដ្ឋាភិបាលចូលរួមគំាទ្រនូវទង្វើបែបហ្នឹង

លោក ប៉ា ងួនទៀង បន្ថែមថាដើម្បីជួយការពារអ្នកសារព័ត៌មាន មានពីរចំណុចធំៗរួមមាន ការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននោះត្រូវធ្វើឡើងដោយមានស្តង់ដារអន្តរជាតិ ពោលមានភាគីសង្គមស៊ីវិលចូលរួមផ្តល់យោបល់ និងចំណុចទី២ យន្តការនៃការអនុវត្តច្បាប់ត្រូវធ្វើឡើងដោយឈរលើគោលការណ៍អព្យាក្រឹត។

ថ្ងៃទី៣ខែឧសភាគឺជាវេទិកាសេរីភាពសារព័ត៌មានពិភពលោក។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថ្លែងថាសេរីភាពអ្នកសារព័ត៌មាននៅឆ្នាំ២០១៥មានភាពល្អប្រសើរជាងសមាជិកអាស៊ានទំាង១០ប្រទេស បើធៀបនឹងឆ្នាំ២០១៤។ នៅពេលអ្នកសារព័ត៌មានសួរថា តើករណីហិង្សាលើលោក ឡាយ សាមាន តើក្រសួងនិងស្នើទៅតុលាករជួយដោះស្រាយលើបញ្ហានេះដែរឬទេ? លោក ខៀវ កាញារីទ្ធ ឆ្លើយយ៉ាងខ្លីថាក្រសួងមិនមានសិទ្ធិបញ្ជាទៅតុលាការនោះទេ ដោយលោកថា ករណីនេះជាចំណាត់ការរបស់តុលាការ។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា យល់ថាសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមិនល្អពេកនិងមិនអន់ពេកនោះទេ បើធៀបនឹង១៨០ប្រទេស។ លោកបន្តថាដើម្បីឲ្យសេរីភាពសារព័ត៌មានល្អប្រសើរជាងនេះ លុះត្រាតែអ្នកសាព័ត៌មាននិងរដ្ឋាភិបាលអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពចាស់ទុំ។

លោក ពុយ គា បន្ថែមថាបើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកសារព័ត៌មានទេនោះនឹងធ្វើឲ្យអ្នកសារព័ត៌មានជួបបញ្ហាប្រឈមនៅពេលពួកគេចុះប្រមូលព័ត៌មាន។ លោកបន្ថែមថា៖ បញ្ហាប្រឈមយើងជួបប្រទះហើយគឺដដែលមានន័យថា គាត់ត្រូវដេញៗ គាត់ត្រូវវ៉ៃៗ គាត់ត្រូរគំរាមៗ ធ្វើម៉េចឲ្យតែគាត់ការពារដែនរបស់គាត់បាន ដោយគាត់ [អាជ្ញាធរ] អត់ដឹងថា អ្នកណា ជាអ្នកណា អាហ្នឹងហើយដែលជាចំណុចចោទរបស់អ្នកសារព័ត៌មានយើង

នៅក្នុងរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយកាលពីខែមេសាបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោកអំពីសន្ទស្សន៍សេរីភាពសារព័ត៌មានដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។

អង្គការអ្នករាយការណ៍គ្មានព្រំដែនចាត់កម្រិតនៃស្ថានភាពសារព័ត៌មានជា៥កម្រិតគឺ ស្ថានភាពល្អ ស្ថានភាពដែលអាចទទួលយកបាន កម្រិតមានបញ្ហាគួរឲ្យកត់សម្គាល់ ស្ថានភាពអាក្រក់ និងស្ថានភាពអាក្រក់ខ្លាំង។ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសឥណ្ឌូនេស៊ី(ទទួលចំណាត់ថ្នាក់១៣០) ថៃ(១៣៦) មីយ៉ាន់ម៉ា(១៤៣) ហ្វីលីពីន(១៣៨) ម៉ាឡេស៊ី(១៤៦) សិង្ហបុរី(១៥៤)និងព្រុយនេ(១៥៥)ឡាវ(១៧៣)និងវៀតណាម(១៧៥)។ កាលពីឆ្នាំមុនកម្ពុជាឈរនៅលំដាប់ល្អជាងប្រទេសហ្វីលីពីន មីយ៉ានម៉ា ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងវៀតណាមតែប៉ុណ្ណោះ។ ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ រួមមានប្រទេសហ្វាំងឡង់ ហូឡង់ និងន័រវ៉េ។

បើតាមរបាយការណ៍នោះ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ របាយការណ៍បន្តថាការបរិហាកេរ្តិ៍និងការធ្វើឲ្យប៉ះពាល់រូបភាពប្រទេសជាញឹកញយត្រូវបានចោទប្រកាន់។ របាយការណ៍ឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែរៀបចំច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែត។

ដោយឡែកការឲ្យចំណាត់ថ្នាក់របស់អង្គការ Freedom House ដែលចេញនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាឆ្នាំ២០១៦នេះបង្ហាញថាកម្ពុជាបានចំណាត់ថ្នាក់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ នៅអាស៊ីប៉ាស៊ីភិក។

ចំណាត់ថ្នាក់នេះមានន័យថាប្រទេសកម្ពុជាមិនទាន់បានពន្ទុល្អនោះទេ។ ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ គឺប្រសើរជាង ភូមា ប្រ៊ុយណេ ថៃ ឡាវ និងវៀតណាម៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩