តុលាការកោះហៅលោក កឹម សុខា ពាក់ព័ន្ធ​នឹង​បណ្ដឹង​ ធី សុវណ្ណថា

កញ្ញា ធី សុវណ្ណថា និង​លោក កឹម សុខា

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។

ក្នុងដីកាចុះថ្ងៃទី៣ ខែឧសភានេះ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុជាតិ កោះហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភា ម៉ោង៩ព្រឹក “ដើម្បីសាកសួរអំពីដំណើររឿងដែលឈ្មោះ ធី សុវណ្ណថា ប្ដឹងពីអំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សំឡេងផ្សព្វផ្សាយក្នុងសារព័ត៌មាន Freshnews កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ និងតាមហ្វេសប៊ុកឈ្មោះ រឿងពិត CNRP”

វីអូឌីមិនទាន់អាចសុំការយល់ឃើញពីលោក កឹម សុខា ភ្លាមៗបាននៅឡើយទេករណីនេះ។

គួរបញ្ជាក់ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។ តំណាងរាស្ត្រទាំងពីររូបដែលត្រូវបានតុលាការកោះហៅមានលោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិ។

ទោះយ៉ាងណា លោក តុ វ៉ាន់ចាន់ ដែលជាតំណាងរាស្ត្រ និងមានអភ័យឯកសិទ្ធិនោះ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារនេះថា លោកនឹងមិនចូលបំភ្លឺទៅតាមដីកាកោះនេះនោះទេ។ លោកចាត់ទុកដីកាកោះហៅរូបលោកសាកសួរដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ខ្ញុំមិនខ្វល់ទេរឿងអស់ហ្នឹងនោះ ខ្ញុំមិនចូលទេ…វាជាសិទ្ធិរបស់តុលាការគេចង់សួរនាំ ប៉ុន្តែសម្រាប់ខ្ញុំវាជាខ្ញុំជាសិទ្ធិរបស់ខ្ញុំដែរណា…គេធ្វើអីធ្វើទៅបងអ្ហើយរឿងគេអ្នកបង្កើត យើងទៅទប់ក៏ទប់គេមិនបានដែរ”

កាលពីខែមីនា កញ្ញា ធី សុវណ្ណថា  បានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហាដែលត្រូវគេអះអាងថាជាការសន្ទនារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។

ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីសប្ដាហ៍មុន កញ្ញា ធី សុវណ្ណថា និងកញ្ញាស្រីមុំ បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការផងដែរ៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩