ក្ដីបារម្ភអំពីការផ្គត់ផ្គង់ប្រេងដ៏លើសលប់និងតម្រូវការស្ថិតក្នុងភាពមិនប្រាកដប្រជាបានជំរុញឲ្យតម្លៃប្រេងធ្លាក់ចុះជាលើកទីពីរកាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រុមអ្នកវិភាគ បាននិយាយថាសេចក្ដីរាយការណ៍នានាស្ដីពីកំណើនទិន្នផលប្រេងនៅប្រទេសអ៊ីរ៉ាក់និងអ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះបន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០១៦កាលពីសប្ដាហ៍មុន។
ដោយបានដកស្រង់ការផ្សាយរបស់សារព័ត៌មាន Bloomberg បានរាយការណ៍ថាការនាំចេញប្រេងរបស់អ៊ីរ៉ាក់ បានកើនឡើងដល់៣.៣៦លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមេសាកន្លងមក ខណៈការនាំចេញប្រេងរបស់អ៊ីរ៉ង់បានកើនឡើងដល់៣.៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលវាជាចំនួននាំចេញខ្ពស់បំផុតគិតចាប់តាំងពីខែធ្នូឆ្នាំ២០១១មក។
លោក Tim Evans អ្នកវិភាគនៅក្រុមហ៊ុន Citi Future បាននិយាយថាទីផ្សារប្រេងបានធ្លាក់ចុះនៅអំឡុងការជួញដូរក្នុងខែឧសភានេះ ដោយសារក្ដីបារម្ភថាផលិតកម្មរបស់អង្គការអូពិកកំពុងកើនឡើង។
បន្ថែមទៅលើក្ដីបារម្ភនេះ ទិន្នន័យប្រទេសចិនបានបង្ហាញថាសកម្មភាពឧស្សាហកម្មចិនបានធ្លាក់ចុះកាលពីខែមេសាបើធៀបទៅនឹងខែមីនាកន្លងមក។
តម្លៃប្រេងអាមេរិកសម្រាប់ខែមិថុនា បានធ្លាក់ចុះពីតម្លៃ៤៥.៩២ដុល្លារមកនៅត្រឹម៤៤.៧៨ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅនៅទីផ្សារទីក្រុងឡុងដ៍សម្រាប់ដោះដូរក្នុងខែកក្កដាខាងមុខបានធ្លាក់ចុះពី៤៧.៣៧ដុល្លារមកនៅត្រឹមតម្លៃ៤៥.៨៣ដុល្លារក្នុងមួយបារ៉ែល៕
ប្រភព៖ Channel News Asia