សមាជិកសភាគណបក្សប្រឆាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជាពិសេសប្រទេសម្ចាស់ជំនួយដោយធ្វើអន្តរាគមន៍លើរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងនិងការយាយីគ្រប់រូបភាពដល់មន្រ្តីសិទ្ធិមនុស្ស សង្គមស៊ីវិល និងមន្រ្តីបក្សប្រឆាំងផងដែរ។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី០៣ ខែឧសភា បន្ទាប់ពីមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក៤រូបនិងអគ្គលេខាធិការរង គ.ជ.ប មួយរូប ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីម្សិលមិញ។ ស្របពេលនេះដែរតុលាការក៏បានកោះហៅលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀតឲ្យចូលបំភ្លឺនៅក្នុងបទចោទផ្សេងគ្នា តែពាក់ព័ន្ធសំណុំរឿងស្នេហាតែមួយ។
ក្នុងសេចក្ដីថ្លែងការណ៍សមាជិកសភាគណបក្សសង្រ្គោះជាតិលើកឡើងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានការប្រើអំណាចដោយរំលោភបំពានពីសំណាក់អង្គភាពប្រឆាំងអំពើរពុករលួយទៅលើមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និងមន្រ្តីបក្សប្រឆាំងផងដែរ។ សេចក្ដីថ្លែងការណ៍ដដែលបានថ្កោលទោសចំពោះសកម្មភាពរបស់ ACU និងស្នើឲ្យតុលាការទំលាក់បទចោទលើមន្រ្តីសិទ្ធិមនុស្ស និងមន្រ្តី គ.ជ.ប និងមន្រ្តីបក្សប្រឆាំងដោយឥតលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍លើកឡើងថា៖ “សកម្មភាពមិនប្រក្រតីដោយតក់ក្រហល់និងមិនសមហេតុផលទាំងនេះ បង្ហាញយ៉ាងច្បាស់ពីល្បែងនយោបាយដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងសម្ដែង ហើយបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីនាំមកនូវភាពភ័យខ្លាចនិងការយាយីរំខានដល់ការបំពេញតួនាទីបម្រើប្រជាពលរដ្ឋរបស់មន្រ្តីសិទ្ធិមនុស្សនិងសមាជិកគណបក្សមិននៅក្នុងរដ្ឋាភិបាល”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាការចេញសេចក្ដីថ្លែងការណ៍នោះជាសិទ្ធិរបស់ក្រុមសមាជិកសភាបក្សប្រឆាំង។ តែការចោទថារដ្ឋាភិបាលគាប់សង្កត់នោះ លោកថាមិនត្រឹមត្រូវទេដោយថាអង្គភាពប្រឆាំងអំពើរពុករលួយធ្វើត្រឹមត្រូវទៅតាមច្បាប់។
លោកមានប្រសាសន៍ថា៖ “ខ្ញុំយល់ថាអង្គភាពប្រឆាំងអំពើពុករលួយគេធ្វើត្រឹមត្រូវទៅតាមច្បាប់ស្ដីពីតួនាទីភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយហ្នឹងឯង។ ហើយការចេញសេចក្ដីថ្លែងការណ៍យ៉ាងណានោះវាអាស្រ័យទៅលើការនិយាយរបស់គាត់ទេធម្មតាគាត់ប្រព្រឹត្តខុស ហើយគាត់មិនទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់គាត់ គាត់ថាអញ្ចឹងហើយ”។
គួរបញ្ជាក់ថាកាលពីម្សិលមិញមន្រ្តីអាដហុក៤ទាំងរូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស។ ចំណែកអតីតបុគ្គលិករបស់អាដហុកលោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី (មាត្រា២៩និង៥៤៨ នៃក្រមព្រហ្មទណ្ឌ)។ រហូតមកដល់ពេលនេះតុលាការមិនទាន់ទម្លាយថាតើការចោទប្រកាន់ពីការសូកប៉ាន់នោះក្នុងទំហំលុយប៉ុន្មាននិងហេតុអ្វីបានករណីនេះត្រូវបានចាត់ទុកថាជាការសូកប៉ាន់៕