ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។
ក្នុងដីកាពីរចុះថ្ងៃទី២ ខែឧសភា និងមានខ្លឹមសារប្រហាក់ប្រហែលគ្នា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះហៅ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។ តុលាការបានតម្រូវឲ្យលោក តុ វ៉ាន់ចាន់ ចូលបំភ្លឺនៅម៉ោង៩ព្រឹក ចំណែកលោក ពិន រតនា ចូលបំភ្លឺនៅម៉ោង២និង៣០នាទីរសៀល។ លោក តុ វ៉ាន់ចាន់ គឺជាតំណាងរាស្រ្តខេត្តកណ្តាល ឯលោក ពិន រតនា គឺតំណាងរាស្រ្តខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងណា ដីកាទាំងពីរនោះមិនបានបញ្ជាក់ពីដើមបណ្ដឹង និងករណីជាក់លាក់ពីអំពើពេស្យាចារដែលបានចោទប្រកាន់នោះទេ។
លោក តុ វ៉ាន់ចាន់ ដែលជាតំណាងរាស្ត្រ និងមានអភ័យឯកសិទ្ធិនោះ បានប្រាប់វីអូឌីតាមទូរស័ព្ទថា លោកនឹងមិនចូលបំភ្លឺទៅតាមដីកាកោះនេះនោះទេ។ លោកចាត់ទុកដីកាកោះហៅរូបលោកសាកសួរដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ខ្ញុំមិនខ្វល់ទេរឿងអស់ហ្នឹងនោះ ខ្ញុំមិនចូលទេ…វាជាសិទ្ធិរបស់តុលាការគេចង់សួរនាំ ប៉ុន្តែសម្រាប់ខ្ញុំវាជាខ្ញុំជាសិទ្ធិរបស់ខ្ញុំដែរណា…គេធ្វើអីធ្វើទៅបងអ្ហើយរឿងគេអ្នកបង្កើត យើងទៅទប់ក៏ទប់គេមិនបានដែរ”។
គួររំឭកថាព្រះរាជអាជ្ញារង លោក សៀង សុខកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានប្រាប់វីអូឌីថាឲ្យដឹងថាកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថាសំឡេងក្នុងខ្សែអាត់មួយចំនួនជាសំឡេងរបស់កញ្ញា។
លោកមានប្រសាសន៍ថា៖ “នៅចំពោះមុខខ្ញុំគាត់បានឆ្លើយថាខ្សែអាត់មួយចំនួនដែលមានការសន្ទនាគ្នារវាងគាត់និងឯកឧត្តម កឹម សុខា ពិតជាសំឡេងគាត់និងឯកឧត្តម កឹម សុខា”។
ដោយឡែកនៅថ្ងៃទី២២ ខែមេសា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានសរសេរលិខិតចំហរមួយ ដោយបានលើកឡើងថា ពេលនាងមានទំនាក់ទំនងជាមួយលោក កឹម សុខា នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា។ ក្នុងលិខិតចំហនោះ កញ្ញាស្រីមុំ ក៏បានសរសេរពីឈ្មោះ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ដោយថាបានបោកប្រាស់នាងឲ្យ “បាត់បង់ការងារ កិត្តិយស និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន”៕ ដោយលោក អុិត សូធឿត និងលោក ទូច សុខា