អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួងបានអះអាងថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្ត៣រូបរបស់គណបក្សសង្រ្គោះជាតិចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូឌីថា៖ “តាមច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមសហការពីដំណើរការស្វែងរកការពិត”។ លោកបន្តថាដោយសារតំណាងរាស្រ្តទាំងបីរូបមិនទាន់ត្រូវបានចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួនអ្វីនោះទេ ដូច្នេះនីតិវិធី គឺតុលាការអាចកោះហៅសាកសួរបាន ដោយមិនគិតពីអភ័យឯកសិទ្ធិ។
លោក ជិន ម៉ាលីន លើកឡើងទៀតថាប្រសិនបើតំណាងរាស្រ្តទាំងបីរូបមិនចូលទៅតុលាការតាមការកោះអញ្ជើញ តុលាការនឹងមានចំណាត់ការជាបន្តបន្ទាប់ទៀត តែលោកមិនបានបញ្ជាក់ថាតើជាចំណាត់ការអ្វីនោះទេ។ លោកមានប្រសាសន៍ថានៅពេលមានការចោទប្រកាន់តំណាងរាស្រ្ត ទើបអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តត្រូវបានយកមកពិចារណា។ លោកមិនទាន់អាចប្រាប់ពីនីតិវិធីបន្តបន្ទាប់ នៅពេលតំណាងរាស្រ្តត្រូវបានតុលាការចោទប្រកាន់នោះទេ។
កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
តុលាការបានហៅ លោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភា ម៉ោង៩ព្រឹក។ ចំណែកតំណាងរាស្រ្តបក្សប្រឆាំង លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវកោះអញ្ជើញឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា។
លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល បានប្រាប់វីអូឌីថាលោកនឹងមិនចូលបំភ្លឺទៅតាមដីកាកោះនេះនោះទេ។ លោកចាត់ទុកដីកាកោះហៅរូបលោកសាកសួរដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ខ្ញុំមិនខ្វល់ទេរឿងអស់ហ្នឹងនោះ ខ្ញុំមិនចូលទេ…វាជាសិទ្ធិរបស់តុលាការគេចង់សួរនាំ ប៉ុន្តែសម្រាប់ខ្ញុំវាជាខ្ញុំជាសិទ្ធិរបស់ខ្ញុំដែរណា…គេធ្វើអីធ្វើទៅបងអ្ហើយរឿងគេអ្នកបង្កើត យើងទៅទប់ក៏ទប់គេមិនបានដែរ”៕