គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារដោយសម្រេចបញ្ជូនលិខិតរបស់ភរិយាអគ្គលេខាធិការរងលោក នី ចរិយា ដែលស្នើសុំស្ថាប័ននេះជួយអន្តរាគមន៍ឲ្យលោក នី ចរិយាបាននៅក្រៅឃុំនោះ ទៅតុលាការ ដោយអះអាងថា គ.ជ.ប មិនសមត្ថកិច្ចចំពោះករណីនេះ។
លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ប្រសិនបើរកឃើញ លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាគ.ជ.ប មិនមានតួនាទីក្នុងការលូកដៃចូលនៅដែនសមត្ថកិច្ចរបស់ស្ថាប័នផ្សេងៗឡើយ ទើបគ.ជ.ប សម្រេចបញ្ជូនលិខិតនេះទៅតុលាការកាលពីល្ងាចថ្ងៃអង្គារ។ លោកមានប្រសាសន៍ថា៖ ”អ្វីដែលគ.ជ.ប បានពិនិត្យ ទូទាត់ទៅលើគោលការណ៍ហើយនិងលក្ខន្តិកៈដោយឡែកនោះ គ.ជ.ប មិនមានតួនាទីក្នុងការលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នផ្សេងៗទេ“។
ទោះជាយ៉ាងណា លោកបញ្ជាក់ថាប្រសិនបើតុលាការមិនទាន់ចេញសាលក្រមផ្តន្ទាទោសនៅឡើយ លោក នី ចរិយានៅតែមានតួនាទីជាអគ្គលេខាធិការរងគ.ជ.ប។
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា ស្នើឲ្យគ.ជ.ប ពិចារណាមាត្រា១៣នៃច្បាប់របស់គ.ជ.ប ដែលចែងពីការធានាសុវត្តិភាពផ្ទាល់ខ្លួនគ្រួសាររបស់មន្ត្រីគ.ជ.ប។ លោកមានប្រសាសន៍ថា៖ “នៅក្នុងមាត្រា១៣នេះ គេនិយាយរឿងធំពីររឿង មិនមានការបំភិតបំភ័យ មិនមានការកំរាមកំហែង គេនិយាយពីសន្តិសុខ ការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារក្នុងករណីចាំបាច់” ។
មាត្រា១៣នៃច្បាប់គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិកគ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាននិងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក នី ចរិយា ប្រាប់វីអូឌីកាលពីថ្ងៃអង្គារថាព្រះរាជអាជ្ញាបានសាកសួរកូនក្តីរបស់លោក ដោយផ្អែកលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរបស់លោក នី ចរិយា ជាមួយមន្ត្រីអាដហុកដែលជាអតីសហការី។ លោកបន្តថាព្រះរាជអាជ្ញាមិនបានប្រាប់លោកទេថាបានខ្សែអាត់សំឡេងនោះដោយវិធីណានិងបានពីណានោះ ប៉ុន្តែលោកថាព្រះរាជ្ញាអាជ្ញាបញ្ជាក់ថាខ្លួនមានខ្សែអាត់នោះជាភស្តុតាង។ លោកបន្ថែមថា៖ “គេសួរៗទាក់ទងទៅនឹងទំនាក់ទំនងរបស់គាត់ហ្នឹងតាមរយៈទូរស័ព្ទទៅមន្រ្តីអាដហុក ដែលគាត់ជាប់ពាក់ព័ន្ធហ្នឹង ហើយគាត់ត្រូវបានគេសម្រេចចោទប្រកាន់ហ្នឹង…សំឡេងយើងអត់ដឹងថាគេយកមកពីណាទេ តែគេថាគេមានភស្តុតាងហ្នឹង ខាងមេធាវីក៏អត់ទាន់បានឃើញ បានឭដែរគ្រាន់តែដឹងថាគេមានភស្តុតាងអ៊ីចឹងៗណា”។
លោក សំ សុគង់ ឲ្យដឹងដែរថាលោកមិនទាន់ច្បាស់ទេថាការចោទប្រកាន់ទៅលើកូនក្តីរបស់លោកនោះពាក់ព័ន្ធទៅលើអង្គហេតុអ្វីច្បាស់លាស់នៅឡើយដែរទាក់ទងនឹងការសូកប៉ាន់នេះ។ លោកបន្ថែមថា៖ “ឥឡូវយើងអត់មានឃើញអង្គហេតុច្បាស់ថាទាក់ទងនឹងការសូកប៉ាន់ហ្នឹងជាលុយកាក់ឬការទំនាក់ទំនង ឬជាការងារឬក៏ជាការសន្យា។ បច្ចុប្បន្ននេះនៅមានភាពស្រពេចស្រពិល ស៊ើបអង្កេតមួយមិនទាន់ច្បាស់លាស់”៕