ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានរុះរើសំយាបអគារបស់ខ្លួនដែលសង់រំលោភចូលទៅលើផ្លូវសាធារណៈបន្ទាប់ពីមានការបញ្ជារពីសាលារាជធានីភ្នំពេញនិងក្រសួងដែនដីកាលពីម្សិលមិញ។
នៅព្រឹកថ្ងៃទី០៤ ខែឧសភានេះអ្នកសារព័ត៌មានវីអូឌី(VOD) បានចុះទៅដល់មុខក្រុមហ៊ុនណាហ្គាឃើញថាគ្រោងដែកសំយ៉ាបដែលលយចូលមកលើចំណីផ្លូវត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍រុះរើវិញអស់ហើយ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញលិខិតមួយទៅកាន់អគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៍។
ក្នុងលិខិតចុះថ្ងៃទី០៣ខែឧសភា សាលារាជធានីបានបញ្ជារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍រុះរើនូវសំណង់គ្រោងដែកយ៉ាបដំបូលគម្រប់ការពារទឹកភ្លៀងដែលសង់លយមកលើលំហសាធារណៈ កែសម្រួលចិញ្ចើមផ្លូវស្ថិតនៅមុខអគារណាហ្គាដែលសង់លយចូលទ្រូងផ្លូវសាធារណៈ និងទុកចិញ្ចើមផ្លូវមុខអគារណាហ្គាសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ចំណាត់ការនេះបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងដែនដីនិងនគរូបនីយកម្មលោក ជា សុផារ៉ា ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “សំណង់ណាហា្គកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកលើផ្លូវសាធារណៈ វាយចោលសិនកុំឲ្យធា្លប់”។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក អ៊ី សារុំ សាទរចំពោះសាលារាជធានីភ្នំពេញដែលអន្តរាគមន៍ឲ្យមានការរុះរើនូវសំណង់ដែលសង់សំលោភលើចិញ្ចើមផ្លូវនេះ ប៉ុន្តែលោកជំរុញឲ្យសាលារាជធានីចាត់វិធានការទៅលើអគារដែលសង់រំលោភលើចំណីផ្លូវជាច្រើនទៀតផងដែរ។ លោកបន្ថែមថាកន្លងមកអគារនេះមានការសាងសង់រំលោភលើផ្លូវសាធារណៈច្រើនដែលធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋជាបន្តបន្ទាប់។
លោកបានបន្ថែមថា៖ “ទីតាំងកាស៊ីណូហ្នឹងមើលទៅដូចមិនទំនងទេនៅជាប់រដ្ឋសភាជាតិនិងនៅជាប់ទីកន្លែងសាសនា ហើយយើងមើលឃើញការសាងសង់កន្លងមកឃើញថាមានការរំលោភច្រើន កន្លែងហ្នឹងហើយដែលប្រជាពលរដ្ឋគាត់មិនពេញចិត្ត ហើយសាធារណៈជនក៏មើលឃើញថាជាការសាងសង់មួយរំលោភលើដីសាធារណៈរបស់រដ្ឋក៏ដូចជាផ្លូវថ្លល់ អញ្ចឹងយើងគាំទ្រឲ្យសាលារាជធានីភ្នំពេញចាត់វិធានការ”។
គួរបញ្ជាក់កាលពីចុងឆ្នាំ ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថាលោកនឹងបន្តចាត់វិធានការទៅលើមន្ត្រីខិលខូចមួយចំនួនដែលលោកថាបានឃុបឃិតគ្នាបើកផ្លូវឲ្យមានការសាងសង់អគាររំលោភលើចំណីផ្លូវនិងសំណង់ខុសច្បាប់។ លោក ហ៊ុន សែន បានសរសេរថាថ្មីៗនេះលោកបានទៅពិនិត្យមើលការដ្ឋានសាងសង់អគារពាណិជ្ជកម្មណាហ្កាកាស៊ីណូ (Naga World & Casino) ដោយលោកថាសំណង់នោះបានរំលោភលើដីចិញ្ចើមផ្លូវរបស់រដ្ឋនិងប៉ះពាល់ទៅដល់ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
លោកនាយករដ្ឋមន្ត្រីបានព្រមានថាក្រុមហ៊ុនទាំងអស់ដែលបានទទួលច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តនានាត្រូវតែគោរពតាមច្បាប់និងគោលការណ៍ដែលរដ្ឋាភិបាលបានផ្តល់ជូន។ លោកបញ្ជាក់ថាសំណង់ដែលមានលក្ខណៈរំលោភកេងស៊ីចំណីផ្លូវសាធារណៈនិងសួនច្បារសាធារណៈត្រូវរុះរើរំលាយចេញជាបន្ទាន់ ហើយលោកក៏ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ៕