គូ​ប្រជែង​ចុង​ក្រោយ​នឹង​លោក ដូណាល់ ត្រាំ ​សម្រេច​បោះ​បង់​​ការ​ប្រកួត​ប្រជែង

អភិបាល​រដ្ឋ​អូហាយ៉ូ លោក John Kasich (រូបភាពពី BBC)

អភិបាលរដ្ឋអូហាយ៉ូ លោក John Kasich បានសម្រេចបោះបង់ការប្រជែងប្រជែងបេក្ខភាពតំណែងប្រធានាធិបតីនៅក្នុងគណបក្សសាធារណរដ្ឋ បន្ទាប់ពីពិបាកប្រកួតប្រជែងទៅនឹងលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនឈានមុខរបស់គណបក្ស។

សារព័ត៌មាន BBC បានរាយការណ៍ថា លោក Kasich បានប្រាប់អំពីការបោះបង់ចោលការប្រកួតប្រជែងនេះទៅអ្នកគាំទ្ររបស់លោកនៅឯទីក្រុងកូឡុំបឺសនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Kasich បានទទួលការគាំទ្រនៅក្នុងរដ្ឋអូហៃយ៉ូតែប៉ុណ្ណោះ ប៉ុន្តែកាលពីមុនលោកសង្ឃឹមថាលោកនឹងអាចបញ្ចុះបញ្ចូលសមាជិកគណបក្សសាធារណរដ្ឋឲ្យគាំទ្របេក្ខភាពរបស់លោកនៅក្នុងសន្និបាតបក្សនៅខែកក្កដាខាងមុខ។

លោក ដូណាល់ ត្រាំ បានទទួលការគាំទ្រឈានមុខគេនិងជិតក្លាយទៅជាបេក្ខជនផ្លូវការរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលខាងមុខនេះហើយ។

ចំណែកឯគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យអាចជាលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលទទួលបរាជ័យនៅក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Indiana។

វាគឺជាជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់សមាជិកព្រឹទ្ធសភាលោក Bernie Sanders ដែលបន្តទាក់ទាញបានការគាំទ្រយ៉ាងច្រើនពីមហាជននៅក្នុងយុទ្ធនាការឃោសនារបស់លោក ប៉ុន្តែលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាគូប្រជែងរបស់លោកនៅក្នុងគណបក្សប្រជាធិបតេយ្យកំពុងតែនាំមុខនៅក្នុងយុទ្ធនាការនេះ។

ថ្លែងទៅកាន់ទូរទស្សន៍ CNN លោកស្រី គ្លីនតុន បាននិយាយថាលោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រកបដោយគ្រោះថ្នាក់ ដោយសារតែយុទ្ធនាការរបស់លោក ត្រាំ ពោរពេញទៅដោយការសម្លុតបំភ័យ។

មហាសេដ្ឋីមកពីទីក្រុងញូវយ៉ករូបនេះ បានថ្លែងសុន្ទរកថាដ៏ចម្រូងចម្រាស់ជាច្រើនចាប់តាំងពីលោកចាប់ផ្ដើមធ្វើយុទ្ធនាការប្រជែងតំណែងមេដឹកនាំសេតវិមាន ដោយលោកបានចាត់ទុកជនជាតិម៉ិកស៊ិកជាក្រុមឧក្រិដ្ឋជននិងជនរំលោភបំពានផ្លូវភេទ៕

ប្រភព៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ