ត្រីតូចធំរាប់លានក្បាល រួមទាំងសត្វសមុទ្រផ្សេងៗទៀតនៅក្នុងសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាមបានចាប់ផ្តើមងាប់តាំងពីខែមេសាមក ហើយបច្ចុប្បន្នអាជ្ញាធរមិនទាន់រកមូលហេតុឃើញនៅឡើយ។
អាជ្ញាធរវៀតណាមបានពិពណ៌នាថា សត្វសមុទ្រជាច្រើនរួមទាំងត្រីបាឡែនផងងាប់យ៉ាងច្រើនដូច្នេះ គឺមិនធ្លាប់កើតមានទេតាំងពីមុនមក ហើយពេលនេះអាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុ។ បច្ចុប្បន្នប្រជាពលរដ្ឋវៀតណាមសង្ស័យថាសត្វសមុទ្រងាប់យ៉ាងច្រើននៅឆ្នេរសមុទ្រភាគកណ្តាលនេះអាចបណ្តាលមកពីសារធាតុពុលចេញពីឧស្សាហកម្ម ហើយអាចប៉ះពាល់ដល់ពួកគេ។ នេះបើតាមសារព័ត៌មាន Los Angeles Time។
ពលរដ្ឋក៏ភ័យខ្លាចថាត្រីងាប់យ៉ាងច្រើននេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់អាហារនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈមានការចុះផ្សាយតាមព័ត៌មាន ហើយការតវ៉ាដ៏កម្ររបស់ប្រជាជននៃប្រទេសនេះបានកើតឡើង ដោយចោទប្រកាន់រដ្ឋាភិបាលថាមិនមានសមត្ថភាពក្នុងការថែរក្សាសុខភាពសាធារណៈនៅពេលដែលវិស័យឧស្សាហកម្មកាន់តែរីកចម្រើនឡើង។
ពួកគេចោទថាអាជ្ញាធរបានដឹង ហើយឆ្លើយតបយឺតចំពោះការត្រួតពិនិត្យជាសាធារណៈក្រុមហ៊ុនផលិតដែកថែបធំមួយមានម្ចាស់ជាជនជាតិតៃវ៉ាន់បានបង្ហូរកាកសំណល់ចូលក្នុងសមុទ្រដោយមិនបានសម្លាប់មេរោគជាមុន។
អ្នកលក់សម្លៀកបំពាក់នៅក្នុងទីក្រុងហូជីមិញ លោកLe Ngoc Bich ថ្លែងថា៖ គ្រួសាររបស់ខ្ញុំឈប់ទិញគ្រឿងសមុទ្របរិភោគហើយពេលនេះ។លោកបង្ហាញក្តីកង្វល់ថា៖ ពេលនេះ យើងមិនដឹងថាហូបអ្វីមានសុវត្ថិភាពទេ!។
ប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិដែលសម្តែងពីបញ្ហាទុកកង្វល់លើបញ្ហាបរិស្ថាននេះត្រៀមទុកប្រគល់ឲ្យលោក អូបាម៉ា ប្រធានាធិបតីអាមេរិកដែលគេរំពឹងថាលោកនឹងបំពេញទស្សនកិច្ចនៅវៀតណាមនៅក្នុងខែនេះ៕