គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយថាតុលាការមិនទាន់ចេញសាលក្រមស្ថាពរផ្តន្ទាទោសអតីតមន្ត្រីរបស់ខ្លួន។
លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរង គ.ជ.ប និងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់VODនៅថ្ងៃពុធនេះថា គ.ជ.ប មិនទាន់សម្រេចជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសតំណែងលោក នី ចរិយា ទេដោយលោកអះអាងថារង់ចំាតុលាការចេញសាលក្រមស្ថាពរ។ លោកបន្តថា៖ ”នៅទេ ដរាបណាមិនមានសាលក្រមស្ថាពរពីតុលាការ គឺ គ.ជ.ប មិនមានគិតឬក៏មិនមានវិធីណាមួយក្នុងការជ្រើសរើសអគ្គលេខាធិការរងថ្មីនោះទេ”។
មាត្រា១៣នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោតមានខ្លឹមសារថា ប្រធាន អនុប្រធាន សមាជិក និងមន្ត្រី គ.ជ.ប ត្រូវទទួលបានការធានាការពារសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការន៍ច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬស្ថាប័នណាមួយឡើយ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្រ្វែលលោក គល់ បញ្ញា ករណីជាក់ស្តែងលោក នី ចរិយា ត្រូវបានគេបំភិតបំភ័យតាមរយៈយកខ្សែអាត់សំឡេងឯកជនរបស់មន្ត្រី គ.ជ.ប។ លោកថាការបំភិតបំភ័យនេះធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទីរបស់ខ្លួននៅថ្ងៃអនាគត។ លោកបន្ថែមថា៖ ”យើងមានការព្រួយបារម្ភព្រោះរឿងធំគឺរឿងឯករាជ្យភាពរបស់សមាជិកហើយនិងមន្ត្រី គ.ជ.ប ឯករាជ្យភាពហ្នឹងរឿងធំមួយ បានន័យថា គ.ជ.ប ជាស្ថាប័នក្តី មន្ត្រីសមាជិកនៅក្នុងហ្នឹងក្តី ស្ថិតនៅក្នុងការគេធ្វើឲ្យគាត់ភ័យខ្លាច កាលណាគាត់ភ័យខ្លាច ការចាត់ចែងវាអាចអត់ដំណើរទៅតាមការចាត់ចែងមួយដែលវាអាចធានាបាននូវសេរីភាពនិងយុត្តិធម៌”។
នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថាតុលាការចោទប្រកាន់លោក នី ចរិយា ធ្វើឡើងក្រោមសម្ពាធនយោបាយ។ លោកបន្តថា៖ ”ខ្ញុំមើលទៅហេតុផលករណីបទល្មើសដូចជាមិនមានអីគួរតែមានភស្តុតាងធ្ងន់ធ្ងរត្រូវដាក់បន្ទុកដល់ថ្នាក់ចាប់ខ្លួនទេ តែគ្រាន់តែថាវាករណីវាអាចហេតុផលនយោបាយគួបផ្សំផងបាននាំរឿងទៅធ្ងន់ធ្ងរដល់ប៉ុណ្នឹង”។
កាលពីថ្ងៃទី២៨ ខែមេសា លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅសាកសួរ រួចសម្រេចឃុំខ្លួននិងបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។ ក្រោយមកលោក នី ចរិយា ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សី។
យោងតាមក្រមព្រហ្មទណ្ឌមាត្រា២៩និង៥៤៨ ពីបទសមគំនិតនិងបទសូកប៉ាន់សាក្សី លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ ក្នុងក្រមព្រហ្មទណ្ឌដូចគ្នាដែរ មាត្រា៥៤៧ចែងពីបទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយក៏ត្រូវផ្តន្ទាទោសពី៥ទៅ១០ឆ្នាំ។
យ៉ាងណាក៏ដោយ អង្គការតម្លាភាពអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តី គ.ជ.ប ដោយថាអង្គភាព ”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។ បន្ថែមពីនេះ ក្រុមសហគមន៍និងអង្គការសមាគមប្រមាណ៦០ក៏បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការសោកស្តាយចំពោះការចោទប្រកាន់របស់តុលាការលើមន្រ្តី គ.ជ.ប រូបនោះដែរ៕