រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍ជួយពលករខ្មែរ២៩នាក់ កាប់ឈើខុសច្បាប់នៅថៃ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនឹងសហការជាមួយអាជ្ញាធរថៃ ដើម្បីជួយសម្រាលទោសដល់ពលករខ្មែរ២៩នាក់ដែលត្រូវបានចាប់ខ្លួន ពេលចូលទៅកាប់ឈើខុសច្បាប់ក្នុងប្រទេសថៃ។

ក្នុងសេចក្តីជូនព័ត៌មានមួយចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងការបរទេសបានឲ្យដឹងថាក្រោយពីក្រសួងបានទទួលព័ត៌មានថាអាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៩នាក់ដែលបានចូលទៅកាប់ឈើនៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបុរីប្រទេសថៃ ក្រសួងបានណែនាំដល់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវឲ្យចុះពិនិត្យដោះស្រាយអំពីករណីនេះ។ ក្រសួងបន្តថាក្រោយពីអគ្គស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះជួបផ្ទាល់ជាមួយលោកអភិបាលស្រុក ណាឌី ខេត្តប្រាជីនបុរីនិងពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងករណីនោះ ពលរដ្ឋខ្មែរទាំង២៩នាក់បានសារភាពថាក្រុមខ្លួនមានគ្នាទាំងអស់៦០នាក់ បានចូលទៅថៃជាង១០ថ្ងែហើយ ដោយមានមេខ្យល់បបួលពួកគាត់ចូលទៅកាប់ឈើអាកាស្យានៅថៃសន្យាថាឲ្យ១ដើម២០០បាត។ ក្រសួងបញ្ជាក់ថាពួកគាត់ត្រូវចែកជា២ក្រុម ឡើងទៅលីឈើដែលថៃកាប់ ហើយស្រាប់ចុះមក។

ក្រសួងក៏ឲ្យដឹងបន្ថែមទៀតថាអ្នកទាំង២៩នាក់នេះអាជ្ញាធរថៃនឹងបញ្ជូនទៅតុលាការពីបទឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ ស្ថានអគ្គកុងស៊ុលកម្ពុជាបានពន្យល់ប្រាប់អាជ្ញាធរថៃថាពលរដ្ឋខ្មែរខាងលើជាជនរងគ្រោះត្រូវបានគេបោកបញ្ឆោតឲ្យចូលទៅលីសែងឈើហើយឧបករណ៍អារឈើពុំមែនជារបស់ពួកគេនោះទេ។

ក្រសួងការបរទេសបានបញ្ជាក់ថាក្នុងករណីនេះ ក្រសួងបានបន្ថែមទៀតថាស្ថានអគ្គកុងស៊ុលនឹងសហការជាមួយអាជ្ញាធរថៃ ដើម្បីពិនិត្យលទ្ធភាពកសាងសំណុំរឿងធ្វើយ៉ាងណាជួយសំរួលសំរាលទោស និងរកមេធាវីការពារក្តីដល់ពួកគាត់ នៅពេលឡើងតុលាការនាពេលខាងមុខ។

គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១២ ប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាតាមដានការអនុវត្តជាក់ស្តែងដូចជាការទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលកាប់ឈើក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃនិងហាមកុំឲ្យភាគីថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ចូលក្នុងទឹកដីថៃ ខុសច្បាប់តទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ